ខេត្តក្រចេះ៖ ក្នុងរយៈពេល៤ខែឆ្នាំ២០២៥កម្លាំងជំនាញ ប្រឆាំងគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្តក្រចេះក្រោមការចង្អុលបង្ហាញដឹកនាំដោយលោកឧត្តម សេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ បានចុះបង្ក្រាបករណីគ្រឿងញៀនបានចំនួន ១៧ លើក និងបានឃាត់ខ្លួនជនសង្ស័យ បានចំនួន ៣៣នាក់ក្នុងនោះស្រី ៣នាក់។ នេះតាមការបញ្ជាក់ពីលោក ឡុង យឹង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ក្រចេះ ។
ក្នុងប្រតិបត្តិការចុះបង្ក្រាបខាងលើកម្លាំងជំនាញបានដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សប្រភេទមេតាំហ្វេតាមីន ចំនួន ១១១កញ្ចប់មានទម្ងន់៩០១,៧៧ ក្រាម, ជញ្ចីងថ្លឹង ៧គ្រឿង ,ម៉ូតូ ១៨គ្រឿង,ទូរសព្ទ ២៦ គ្រឿង ,នាឡិកា ២គ្រឿង , កាបូបស្ពាយ ៣ ,ដែកកេះ ៥១ ,កន្រ្តៃ ៥ ,កាំបិតផ្កាក ៣ ,ពូថៅ ២ ,កាំភ្លើងកែច្នៃ (ខ្យល់) ២ដើម ,ធុងស្ពេត្រូ ១,សម្ភារ:សម្រាប់វេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
លោកបញ្ជាក់បន្ថែមថា កម្លាំងជំនាញក៏បានសហការក្នុងការចុះបង្ក្រាបករណីគ្រឿងញៀនមានចំនួន ១ លើក និងបានឃាត់ខ្លួនជនសង្ស័យ បានចំនួន១នាក់ក៏បានដកហូតវត្ថុតាងម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន ១កញ្ចាប់ធំ ម៉ូតូ១គ្រឿង សម្ភារ: សម្រាប់វេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយ ចំនួន។
ក្នុងប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនខាងលើមនុស្សចំនួន៣៣ នាក់ក្នុងនោះមានស្រីចំនួន៣នាក់ និងវត្ថុតាង បានកសាងសំណុំរឿងបញ្ជូនទៅសាលា ដំបូងខេត្តក្រចេះ ហេីយបានប្រគល់ជនសង្ស័យ១នាក់ និងវត្ថុតាង ទៅ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង៕