សេចក្តីបំភ្លឺរបស់អគ្គនាយកដ្ឋានពន្ធដារ

ចែករំលែក៖

ភ្នំពេញ ៖ នាពេលថ្មីៗនេះ អគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា មានគណនី Facebook ឈ្មោះ Boeb Bee បានលើកឡើង ថា ៖ “ប្រជាពលរដ្ឋ មកដកប្លង់ដីអត់បានរអ៊ូគ្រប់គ្នា នីតិវិធីស្មុគស្មាញពេក ខាតពេលវេលា ដីថាអត់ជាប់ពន្ធទេ តែតម្រូវឱ្យឆ្លង ពន្ធដារសិន”។

អគ្គនាយកដ្ឋានពន្ធដារសូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា ផ្អែកតាមប្រកាសលេខ ៥៧៧ សហវ. ប្រក.អពដ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ស្តីពីពន្ធប្រថាប់ត្រា “ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យដែលត្រូវបាន លើកលែងពន្ធ ឬការអនុគ្រោះពន្ធប្រថាប់ត្រា ទោះបីជាមានប្រាក់ពន្ធស្មើ ០ (សូន្យ) រៀល ក៏ត្រូវបំពេញបែបបទនិងនីតិវិធី នៅរដ្ឋបាលសារពើពន្ធ ដើម្បីចុះបញ្ជី និងកត់ត្រាទិន្នន័យនូវរាល់ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យទាំងនោះ”។ ការចុះបញ្ជី និងការកត់ត្រាទិន្នន័យអចលនទ្រព្យក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យអចលនទ្រព្យរបស់អគ្គនាយកដ្ឋានពន្ធដារ គឺ សម្រាប់គោលដៅផ្តល់សេវាល្អ ងាយស្រួល និងឆាប់រហ័ស ជូនដល់ម្ចាស់អចលនទ្រព្យ ដែលជាក់ស្តែង នាពេលបច្ចុប្បន្ននេះ ការប្រកាស និងបង់ប្រាក់ពន្ធលើអចលនទ្រព្យអាចប្រើប្រាស់ប្រព័ន្ធនិងកម្មវិធីតាមបច្ចេកវិទ្យាព័ត៌មាន និងការទូទាត់តាមរយៈ ធនាគារ ឬតាមអនឡាញ (GDT Taxpayer App)។ នេះជាការអនុវត្តតាមវិធានការកែទម្រង់ជាបន្តបន្ទាប់ ដែលអគ្គនាយកដ្ឋាន ពន្ធដារបានវិវត្តខ្លួនជារដ្ឋបាលសារពើពន្ធឌីជីថល (Digital Tax Administration) ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និង មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដើម្បីប្រើប្រាស់ក្នុងការបំពេញភារកិច្ចគ្រប់គ្រង និងប្រមូលចំណូលពន្ធយ៉ាងមានប្រសិទ្ធភាព សមស្របតាមឧត្តមានុវត្តន៍អន្តរជាតិ។

អគ្គនាយកដ្ឋានពន្ធដារ សូមបញ្ជាក់បន្ថែមថា អត្រាពន្ធប្រថាប់ត្រាបានកំណត់នៅក្នុងច្បាប់ស្តីពីសារពើពន្ធ ហើយ មូលដ្ឋានគិតពន្ធប្រថាប់ត្រាត្រូវបានកំណត់ដោយគណៈកម្មការវាយតម្លៃអចលនទ្រព្យសម្រាប់ពន្ធលើអចលនទ្រព្យ ដែល គណៈកម្មការនេះមានសមាសភាពមកពីក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ។

សម្រាប់ចម្ងល់នានាពាក់ព័ន្ធនឹងពន្ធដារ សូមធ្វើការទាក់ទងមកមជ្ឈមណ្ឌលពិគ្រោះយោបល់លេខ ១២៧៧ រៀងរាល់ ម៉ោងធ្វើការ ឬកម្មវិធីជជែកផ្ទាល់ជាមួយពន្ធដារ (GDT Live Chat) ឬដាក់លិខិតមកអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារ ខេត្ត-ខណ្ឌ ដោយផ្ទាល់ ឬតាមរយៈកម្មវិធីរដ្ឋបាលអេឡិចត្រូនិក (GDT e-Administration)។ សូមស្តែន QR Code ដើម្បី ទាញយកឯកសារពាក់ព័ន្ធនឹងពន្ធប្រថាប់ត្រា។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់ ជ្រាបជាព័ត៌មាន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print