ខេត្តព្រះសីហនុ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែឧសភា ឆ្នាំ២០២៥នេះ បានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជួបសំណេះសំណាលមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត ដែលកំពុងបម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ពិធីសំណេះសំណាលនាព្រឹកថ្ងៃនេះដែរធ្វើឡើងជាការអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖
– សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ការបង្កើតការងារគឺជាការងារអាទិភាពរបស់រាជរដ្ឋាភិបាល សម្រាប់ផ្ដល់ដល់ប្រជាពលរដ្ឋ នៅគ្រប់រាជធានី ខេត្ត ជាពិសេសផ្ដល់ការងារទៅដល់មូដ្ឋានដោយផ្ទាល់។
-សម្ដេចធិបតី ថ្លែងថា ឆ្នាំនេះ ទិវាពលកម្ម អន្តរជាតិ ១ ឧសភា ត្រូវរៀបចំឡើងក្រោមប្រធានបទ «រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន់» ដែលជាការបង្ហាញឱ្យឃើញកាន់តែច្បាស់នូវការប្តេជ្ញាចិត្ត និងការយកចិត្តទុកដាក់ខ្ពស់របស់ រាជរដ្ឋាភិបាល ក្នុងការបន្តលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិការងារ សេរីភាពអង្គការវិជ្ជាជីវៈ អត្ថប្រយោជន៍នៃ របបសន្តិសុខសង្គម អត្ថប្រយោជន៍នានារបស់បងប្អូនកម្មករនិយោជិត និងពង្រឹងយន្តការដោះស្រាយវិវាទការងារ ដែលធ្វើឱ្យទំនាក់ទំនងវិជ្ជាជីវៈកាន់តែល្អប្រសើរឡើង។
-សម្ដេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលមិនត្រឹមតែមានគោលដៅទាក់ទាញទុនវិនិយោគមកអភិវឌ្ឍ សេដ្ឋកិច្ច បង្កើតសហគ្រាស និងការងារជូនបងប្អូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានមហិច្ឆតាបង្កើត និងពង្រីកឱ្យមានលក្ខខណ្ឌការងារសមរម្យ និងជំរុញកំណើនប្រកបដោយចីរភាព និងភាពធន់រយៈពេលយូរ អង្វែង ដើម្បីជាប្រយោជន៍រួមដល់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនកម្មករនិយោជិត ក្រោមម្លប់ដ៏ត្រជាក់នៃ សន្តិភាពផងដែរ។
-សម្ដេចធិបតី ថ្លែងថា ការបើកច្រកឱ្យមានអ្នកដឹកនាំ ឬអ្នកគ្រប់គ្រង (CEO) នៅស្ថាប័នសាធា រណៈរបស់រដ្ឋមួយចំនួន គឺដើម្បីបង្កើតភាពបត់បែន ធានានូវម្ចាស់ការ និងប្រសិទ្ធភាព ដើម្បីទាញយកប្រសិទ្ធផលនៅតាមបណ្ដាសហគ្រាសជាពិសេសសហគ្រាសយុទ្ធសាស្រ្ដមួយចំនួនឱ្យមានការប្រកួតប្រជែង និងធានានូវកំណើនសេដ្ឋកិច្ច។
-សម្ដេចធិបតី ថ្លែងថា ក្រោយកម្ពុជាបញ្ចប់គម្រោងពង្រីកចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី៣ ប្រវែង៤៣០ម៉ែត្រ ជម្រៅទឹក -១៧.៥ម៉ែត្រ អនុញ្ញាតឱ្យនាវាជម្រៅទឹក-១៦ម៉ែត្រ ដែលមានចំណុះផ្ទុក ១៦០ ០០០DWT ស្មើនឹង ១ម៉ឺន៥ពាន់TEUs មានផ្លូវដឹកជញ្ជូនក្នុងពិភពលោក ទៅ-មក កំពង់ផែស្វយ័តក្រុង ព្រះសីហនុបានដោយផ្ទាល់។
-សម្ដេចធិបតី ថ្លែងថា គម្រោងនេះនឹងនាំឱ្យសមត្ថភាពផែសរុបកើនដល់ចំនួន ២ ៦៣៧ ០០០TEUs/ឆ្នាំ និងគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០៣០។ ខណៈគម្រោងនេះកំពុងស្ថិតក្នុងដំណាក់កាលរៀបចំឯកសារដេញថ្លៃជ្រើសរើសក្រុមហ៊ុនសាងសង់។
-សម្ដេចធិបតី ថ្លែងថា ការកាត់បន្ថយនីតិវិធីលើសេវាសាធារណៈ មិនមែនមានន័យថាការកាត់ចំណូលនោះទេ ប៉ុន្ដែជាការកាត់បន្ថយការចំណាយវេលាច្រើន និងលំហូរសេវាចូលមកកាន់តែច្រើន ដូចជាលំហូរកុងតឺន័រចូលមកកាន់កំពង់ផែព្រះសីហនុកាន់តែច្រើន។
-សម្ដេចធិបតី ថ្លែងថា ឱ្យរក្សាដីនៅជុំវិញ កំពង់ផែស្វយ័តក្រុង ព្រះសីហនុទុកសម្រាប់ការពង្រីកកំពង់ផែនាពេលអនាគតបន្ថែមទៀត ដែលកំពុងមានការរីកចម្រើន។
-សម្ដេចធិបតី ថ្លែងថា អគ្គិសនីកម្ពុជា កំពុងធ្វើការតភ្ជាប់បណ្ដាញអគ្គិសនីក្រោមបាតសមុទ្រ ទៅតាមបណ្ដាកោះក្នុងខេត្តព្រះសីហនុ ក្នុងនោះកំពុងអនុវត្តការតភ្ជាប់ពីកោះរ៉ុង ទៅកាន់កោះរ៉ុងសន្លឹម ដើម្បីជំរុញដល់ការវិនិយោគ និងការអភិវឌ្ឍ។
-សម្ដេចធិបតី ថ្លែងថា យើងមានលក្ខណៈសម្បត្តិល្អ មានធនធានហើយក៏ដោយ ប៉ុន្ដែបើយើងគ្មានការធ្វើនវានុវត្តន៍ ការច្នៃប្រឌិត គឺយើងនឹងដើរចាញ់គេ។
-សម្ដេចធិបតី ថ្លែងថា តទៅមុខទៀត ខេត្តព្រះសីហនុ និងខេត្តជាប់សមុទ្ររបស់កម្ពុជា ជាខេត្តដែលត្រូវអនុវត្តផែនការមេ ការអភិវឌ្ឍឧស្សាហកម្មរបស់កម្ពុជា ដូច្នេះត្រូវរៀបចំគិតទុកជាមុន។ ខណៈសម្ដេចជឿជាក់ថា ការរីកចម្រើននៅខេត្តជាប់សមុទ្រនេះនឹងបន្តរីកចម្រើនទៅមុខបន្ថែមទៀត។
-សម្ដេចធិបតី ថ្លែងផ្ដាំទៅមិត្តជប៉ុនសូមកុំភ័យ រាជរដ្ឋាភិបាលកម្ពុជា គឺបន្តនៅធ្វើការជាមួយជប៉ុនជានិច្ច ពីព្រោះកម្ពុជាបានចាប់ផ្ដើមជាមួយមិត្តជប៉ុន តាំងពីកវែកកឆ្នាំងមកម្ល៉េះ។
-សម្ដេចធិបតី ថ្លែងថា កំពង់ផែកម្ពុជានឹងបន្តសហការជាមួយជប៉ុនជាដៃគូយុទ្ធសាស្ត្រទ្វេភាគីលើកិច្ចសហប្រតិបត្តិការកំពង់ផែ។
-សម្ដេចធិបតី បានថ្លែងអំណរគុណចំពោះប្រទេសជប៉ុន ដែលបានជួយលើការអភិវឌ្ឍកំពង់ផែនៅកម្ពុជា ពិសេសកំពង់ផែព្រះសីហនុ។
-សម្ដេចធិបតី ថ្លែងបញ្ជាក់ទៅភាគីជប៉ុនផងដែរថា សូមមិត្តជប៉ុនឈប់មានការភ័យព្រួយថា កម្ពុជាលែងជ្រើសរើសជប៉ុនជាដៃគូសហការលើប្រតិបត្តិការកំពង់ផែជាមួយជប៉ុននោះអី។
-សម្ដេចធិបតី ថ្លែងបន្ថែមថា ជប៉ុននៅតែជាដៃគូទ្វេភាគីលើកិច្ចសហការក្នុងវិស័យកំពង់ផែជាមួយកម្ពុជាជាដដែល និងបន្តទៅមុខទៀត។
-សម្ដេចធិបតី ថ្លែងថា រាប់ពាន់ឆ្នាំមកហើយ មានការដឹកជញ្ជូនតាមផ្លូវទឹកប៉ុណ្ណោះ ដែលមានតម្លៃថោកជាងគេ ដូច្នេះរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកមធ្យោបាយនេះ ជាមធ្យោបាយសំខាន់ និងពង្រីកការវិនិយោគ ខណៈការដឹកញ្ជូនតាមផ្លូវទឹកក៏កំពុងត្រូវបានប្រើប្រាស់នៅជុំវិញពិភព លោកជាង៨០ភាគរយនាពេលបច្ចុប្បន្ន។
-សម្ដេចធិបតី ថ្លែងថា ការថែរក្សាសន្ដិភាព គឺជាកត្តាស្នូលដើម្បីឱ្យកម្ពុជាដើរទៅមុខបន្តទៀត កុំឱ្យដើរថយក្រោយទៅវិញ។
-សម្ដេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការអភិវឌ្ឍខេត្តជាប់តំបន់ឆ្នេរសមុទ្រ ក្នុងនោះបានយកខេត្តព្រះសីហនុអនុវត្តមុនគេ ដោយកំណត់ជាតំបន់ពាណិជ្ជកម្មសេរីនៅក្នុងឆ្នាំ២០២៥នេះ ដើម្បីលើកកម្ពស់ការប្រកួតប្រជែងក្នុងតំបន់ ហើយក្នុងនោះប្រព័ន្ធដឹកជញ្ជូនឡូជីស្ទិកក៏ជាកត្តាមួយសំខាន់ក្នុងការអនុវត្តផែនការមេនេះដែរ។
-សម្ដេចធិបតី ថ្លែងថា យន្តការដែលរាជរដ្ឋាភិបាលសម្រេចឱ្យមានគណៈកម្មការពិនិត្យអនុម័តលើគម្រោងវិនិយោគនៅខេត្តព្រះសីហនុដោយផ្ទាល់មក ឃើញថាការមកបណ្ដាក់ទុននៅក្នុងខេត្តព្រះសីហនុមានការកើនឡើងជាលំដាប់។
-សម្ដេចធិបតី ថ្លែងសម្ដែងការសោកស្ដាយដែលក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូច នៅក្រៅស្រុកបន្តធ្វើការរាំងស្ទះ និងអំពាវនាវដល់អន្តរជាតិ ក៏ដូចជាអាមេរិកដាក់ទណ្ឌកម្មមកលើកម្ពុជា ខណៈរាជរដ្ឋាភិបាលកំពុងខិតខំដោះស្រាយជាមួយអាមេរិក ដើម្បីជួយដល់ប្រជាពលរដ្ឋ។
-សម្ដេចធិបតី ថ្លែងថា កាលពីថ្ងៃទី២៨ ខែមេសា សម្ដេចបានឯកភាពដល់ក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ចឱ្យពិនិត្យលើផលិតផលដែលនាំទៅអាមេរិកឱ្យបានត្រឹមត្រូវចៀសវាងការនាំចេញទៅខុសនីតិវិធីធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ហើយការងារនេះក៏ដើម្បីបញ្ជាក់ពីការខិតខំរបស់កម្ពុជាចំពោះការអនុវត្តការធ្វើពាណិជ្ជកម្មជាមួយអាមេរិកផងដែរ។
-សម្ដេចធិបតី ថ្លែងអំពាវនាវដល់មន្រ្ដីគ្រប់ក្រសួង ស្ថាប័ន ត្រូវអនុវត្តគោលការត្រួតពិនិត្យការនាំចេញផលិតផល ឬទំនិញពីកម្ពុជាទៅក្រៅប្រទេសឱ្យបានសុក្រឹតជៀងវាងមានការចោទប្រកាន់លើការនាំចេញផលិតផលរបស់កម្ពុជាទៅក្រៅប្រទេស។
-សម្ដេចធិបតី ថ្លែងរំលេចបន្ថែមថា គិតត្រឹមរយៈពេល ៣ ខែនៃដើមឆ្នាំ២០២៥នេះ គណៈកម្មការបានពិនិត្យអនុម័តគម្រោងវិនិយោគនៅក្នុងខេត្តព្រះសីហនុមានចំនួន ៥៦ គម្រោងដែលផ្ដល់ការងារជាច្រើនដល់ពលរដ្ឋកម្ពុជា។
– សម្ដេចធិបតី ថ្លែងបញ្ជាក់ពីបច្ចុប្បន្នភាពការអនុវត្តការធ្វើពាណិជ្ជកម្មជាមួយប្រទសអាមេរិកថា មកដល់ម៉ោងនេះ មិនទាន់មានប្រទេសណាមួយបានចរចាត្រូវរឿងពាណិជ្ជកម្ម ការអនុវត្តពន្ធថ្មី «បានត្រូវ» ជាមួយអាមេរិកនៅឡើយទេ ពីព្រោះការចរចានេះគឺមានលក្ខណៈស្មុគស្មាញ។ ប៉ុន្ដែសម្រាប់កម្ពុជា យើងខិតខំបានត្រៀមលក្ខណៈបន្តទៀត ដើម្បីធានាទៅដល់សេដ្ឋកិច្ច និងពាណិជ្ជកម្ម និងការងាររបស់ប្រជាពលរដ្ឋ។
-សម្ដេចធិបតី ថ្លែងថា ក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា បានជួបប្រធានតំណាងពាណិជ្ជកម្មរបស់អាមេរិកម្ដងរួចហើយ កាលពីថ្ងៃទី១៦ ខែមេសា កន្លងទៅនេះ ដែលនេះជាការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល ខណៈនៅថ្ងៃស្អែក គឺថ្ងៃទី២ ខែឧសភានេះ ក្រុមការងារកម្ពុជានឹងមានការចរចាម្ដងទៀតជាមួយអាមេរិក។
នាឱកាសនោះដែរ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ បានឱ្យដឹងថា បច្ចុប្បន្នកំពង់ផែស្វយ័តក្រុងព្រះសីហនុបាននិងកំពុងអភិវឌ្ឍ ពង្រឹង និងពង្រីកសមត្ថភាពរបស់ខ្លួនជាបន្តបន្ទាប់ និងសម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែ សរុបមានចំនួនជាង ១ លាន TEUs នៅក្នុងឆ្នាំ២០២៤ កើនឡើង ២៩,៣៨% និងចំណូលអាជីវកម្ម សរុបប្រមាណជាង ១២០ លានដុល្លារអាម៉េរិក កើនឡើង ២៦,៦៣% បើប្រៀបធៀបទៅនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ២០២៣។ ជាមួយគ្នានេះ ចំនួននាវាឆ្លងកាត់កំពង់ផែមានចំនួន ១ ៥៦៦គ្រឿង កើនឡើង ៣.៩៨% ប៉ុន្តែចំណុះផ្ទុកនាវា មានរហូតដល់ប្រមាណជាង ២០លានតោន ដែលមានកំណើន ៥,៧៩%។
លោក ប៉េង ពោធិ៍នា បានបញ្ជាក់ថា ដើម្បីចូលរួមចំណែកគាំទ្រដល់ការរីកចម្រើន ការអភិវឌ្ឍប្រទេស និងសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បាននិងកំពុងបន្តអភិវឌ្ឍ និងពង្រីកសមត្ថភាពរបស់ខ្លួនតាមរយៈការសាងសង់ ចំណតផែកុងតឺន័រទឹកជ្រៅថ្មីចំនួន ៣ជំហានបន្ថែមទៀត។
លោក ប៉េង ពោធិ៍នា បន្តថា គម្រោងសាងសង់ចំណតផែកុងតឺន័រថ្មី ជំហានទី១ ប្រវែង៣៥០ម៉ែត្រ ជម្រៅទឹក-១៤,៥ម៉ែត្រ អនុញ្ញាតឱ្យនាវាជម្រៅទឹក -១៣,២ម៉ែត្រ ដែលមានចំណុះផ្ទុក ៦០ ០០០DWT ស្មើនឹង ៤ពាន់ TEUs ចូលចតបាន។ គម្រោងនេះនឹងនាំឱ្យសមត្ថភាពផែសរុបកើនដល់ ១ ៤៥០ ០០០ TEUs/ឆ្នាំ អនុញ្ញាតឱ្យនាវាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកប្រមាណ ៩៣% ចូលចតបាន និងកាត់ បន្ថយតម្លៃដឹកជញ្ជូនតាមសមុទ្រប្រមាណ ២០០$/TEU។
លោករដ្ឋមន្ត្រីក្រសួងសាធារណការ បានបន្ថែមថា គម្រោងពង្រីកចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី២ ប្រវែង៤០០ម៉ែត្រ ជម្រៅទឹក-១៦,៥ម៉ែត្រ អនុញ្ញាតឱ្យនាវាជម្រៅទឹក -១៥ម៉ែត្រ ដែលមានចំណុះផ្ទុក ១២០ ០០០DWT ស្មើនឹង ១ម៉ឺន TEUs មានផ្លូវរត់ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកចូលចតបាន។ គម្រោងនេះនឹងនាំឱ្យសមត្ថភាពផែ សរុបកើនដល់ចំនួន ២ ០២០ ០០០TEUs/ឆ្នាំ និងគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៩។ គម្រោងនេះកំពុងស្ថិតក្នុងដំណាក់កាលដេញថ្លៃជ្រើសរើសក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងចក្រលើកដាក់កុងតឺន័រ។
លោករដ្ឋមន្ត្រី ប៉េង ពោធិ៍នា បន្តថា គម្រោងពង្រីកចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី៣ ប្រវែង៤៣០ម៉ែត្រ ជម្រៅទឹក -១៧.៥ម៉ែត្រ អនុញ្ញាតឱ្យនាវាជម្រៅទឹក-១៦ម៉ែត្រ ដែលមានចំណុះផ្ទុក ១៦០ ០០០DWT ស្មើនឹង ១ម៉ឺន៥ពាន់TEUs មានផ្លូវដឹកជញ្ជូនក្នុងពិភពលោក ទៅ-មក កំពង់ផែស្វយ័តក្រុង ព្រះសីហនុបានដោយផ្ទាល់។ គម្រោងនេះនឹងនាំឱ្យសមត្ថភាពផែសរុបកើនដល់ចំនួន ២ ៦៣៧ ០០០TEUs/ឆ្នាំ និងគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០៣០។ គម្រោងនេះកំពុងស្ថិតក្នុងដំណាក់កាលរៀបចំឯកសារដេញថ្លៃជ្រើសរើសក្រុមហ៊ុនសាងសង់។
លោក ប៉េង ពោធិ៍នា បានគូសបញ្ជាក់ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ បាននិងកំពុងអភិវឌ្ឍទៅមុខស្របតាមចក្ខុវិស័យរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងបន្តដឹកនាំ ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយប្រែក្លាយទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្លឹកថ្នាក់តំបន់ ដែលនឹងអនុញ្ញាតឱ្យនាវាកុងតឺន័រ ធុនធំមានផ្លូវដឹកជញ្ជូនពីគ្រប់តំបន់ នៅក្នុងពិភពលោកអាចចូលចតបាននាពេលខាងមុខ ព្រមទាំងធានាបាននូវការកាត់បន្ថយតម្លៃដឹកជញ្ជូនតាមសមុទ្រឱ្យប្រហាក់ប្រហែលជាមួយបណ្តាប្រទេសនៅក្នុងតំបន់៕
ដោយ៖ស តារា