ភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋ មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៤និង២០នាទីទៀបភ្លឺ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅចំណុចផ្លូវបេតុង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្រោយពីទទួលបានព័ត៌មានខាងលើនេះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានបញ្ជាទៅសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យដែលប្រចាំការនៅគោលដៅស្នងការនគរបាលរាជធានីភ្នំពេញ ឲ្យបញ្ចេញរថយន្តពន្លត់អគ្គិភ័យមកកាន់ទីតាំងកើតហេតុ ដើម្បីអន្តរាគមន៍បាញ់ទឹកពន្លត់ជុំវិញទីតាំងដែលកើតមានគ្រោះអគ្គិភ័យនេះ។
ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
ក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៣គ្រឿង ក្នុងនោះរថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន០២គ្រឿង ប្រេីប្រាស់ទឹក អស់០២ឡាន ស្មេីរនឹង១២ម៉ែត្រគូប និងរថយន្តជំនួយមកពីបញ្ជាការដ្ឋានទ័ពពិសេស ៩១១ ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ស្មើរនឹង០៦ម៉ែត្រគូប។
ដោយឡែកចំពោះប្រភេទសំណង់ខាងលើនេះ គឺជាប្រភេទ ថ្មប្រក់ស័ង្កសី ទំហំ (៦ម៉ែត្រ x ៩ម៉ែត្រ) ឆេះខូចខាតម៉ូតូចំនួន០២គ្រឿង, កង់អាគុយចំនួន០១គ្រឿង, ម៉ាស៊ីនភ្លើងចំនួន០២គ្រឿង, ទូរទឹកកកចំនួន០៣គ្រឿង, ទូរបោកគក់ខោអាវចំនួន០៥គ្រឿង និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡេីយ។ ចំពោះ ករណីអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើងគ្រប់គ្រងបានទាំងស្រុងនៅម៉ោង ៤និង៥៥នាទីទៀបភ្លឺនាថ្ងៃខែឆ្នាំដដែរ។
ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា គឺបណ្តាលមកពីការឆ្លងចរន្តអគ្គីសនីបង្ករជាអគ្គិភ័យ។ ដោយឡែក នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ គឺមិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះឡើយ៕
ដោយ ៖ ភារ៉ា ដង្កោ