ភ្នំពេញ ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ធ្លាប់បានលើកឡើងថា ៖ ប្រទេសកម្ពុជាជាមិត្តល្អ មិត្តភក្តិពិតប្រាកដរបស់ចិន ហើយចិននឹងបន្តជួយកម្ពុជាបន្ថែមទៀតដើម្បីជំរុញឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែរឹងមាំមួយកម្រិតថែមទៀត។
ដោយឡែកនៅថ្ងៃម្សិលមុិញនេះ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានបង្ហោះលើផេកផ្លូវការថា ៖ ចិនមានសុភាសិតបូរាណមួយថា «ព្រួញមួយងាយបំបែក ប៉ុន្តែព្រួញដប់ពិបាកបំបែក»។ កម្ពុជាក៏មានសុភាសិតខ្មែរមួយពោលថា «ចង្កឹះមួយបាច់ កាច់មិនបាក់»។
លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានលើកថា ៖ ប្រទេសចិន និងកម្ពុជាជាមិត្តដែកថែបដែលស្គាល់ចិត្ត ស្គាល់ថ្លើមគ្នា ហើយក៏ជាដៃគូជួយអភិវឌ្ឍរួមគ្នា។ ភាគីចិននឹងលើកទឹកចិត្តក្រុមហ៊ុនកាន់តែច្រើនមកដាក់វិនិយោគទុននៅកម្ពុជា ព្រមទាំងបើកទីផ្សារទំហំធំសម្បើមដល់ភាគីកម្ពុជា នាំចូលផលិតផលកសិកម្មគុណភាពល្អកាន់តែច្រើន ដើម្បីចែករំលែកឱកាសអភិវឌ្ឍចិនដល់មិត្តកម្ពុជា។ ភាគីចិនជឿជាក់ថា ក្រោមការស៊ីជម្រៅកិច្ចសហប្រតិបត្តិការចិន-កម្ពុជា នឹងបង្កើនទំនុកចិត្ត ឱ្យកម្ពុជាអាចសម្រេចបំណងអភិវឌ្ឍចំពោះមុខនឹងការបង្ខិតបង្ខំសេដ្ឋកិច្ចខាងក្រៅ ៕
ដោយ ៖ សិលា