សម្តេចធិបតី ៖ លំហសេរីភាពសារព័ត៌មាននៅកម្ពុជាមានការរីកចម្រើនគួរកត់សម្គាល់ ជាមួយនឹងសណ្តាប់ធ្នាប់ ក្នុងវិស័យសារព័ត៌មានត្រូវបានរៀបចំកាន់តែប្រសើរ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកថា ៖ ក្នុងថ្ងៃប្រារព្ធ ទិវាសេរីភាពសារព័ត៌មាន លើកទី៣២ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមបញ្ជាក់ សាជាថ្មីថា លំហសេរីភាពសារព័ត៌មាននៅកម្ពុជាមានការរីកចម្រើនគួរកត់សម្គាល់ ជាមួយនឹងសណ្តាប់ធ្នាប់ ក្នុងវិស័យសារព័ត៌មានត្រូវបានរៀបចំកាន់តែប្រសើរ។ ការណ៍នេះ ត្រូវបានបញ្ជាក់ច្បាស់លាស់ក្នុងប្រសើរដោយសារមានការរៀបចំសណ្តាប់ធ្នាប់នៅក្នុងវិស័យសារព័ត៌មានបានល្អ ការកើនឡើងការគោរព អនុវត្តក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងវិធានការទាំងឡាយក្នុងការពង្រឹងសន្តិសុខព័ត៌មាន សិទ្ធិទទួលព័ត៌មាន គុណភាពព័ត៌មាន និងសុវត្ថិភាពព័ត៌មានមានប្រសិទ្ធភាព។ ក្នុងន័យនេះ ការគោរពក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន គឺមានសារៈសំខាន់ ដោយត្រូវប្រកាន់ខ្ជាប់ក្នុងអាជីពជាអ្នកសារព័ត៌មាន។ ធម្មនុញ្ញ វិជ្ជាជីវៈសារព័ត៌មានដែលជាមូលដ្ឋានគ្រឹះ នៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានដែលប្រកាសដាក់ឱ្យ អនុវត្តកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ដោយក្រសួងព័ត៌មាន ក៏បានចូលរួមពង្រឹងការអនុវត្តក្រម សីលធម៌វិជ្ជាជីវៈ ហើយខ្ញុំសូមលើកទឹកចិត្តដល់ក្រសួងព័ត៌មាន និងសមាគមអ្នកសារព័ត៌មាន អង្គភាព សារព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មានបន្តអនុវត្តឱ្យខ្ជាប់ខ្ជួនព្រោះក្រមសីលធម៌វិជ្ជាជីវៈជា អាវក្រោះ ការពារអ្នកសារព័ត៌មានគ្រប់កាលៈទេសៈ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តថា ៖ ព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកសារព័ត៌មានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការចូលរួម អភិវឌ្ឍជាតិ ពង្រឹងចំណេះដឹងប្រជាពលរដ្ឋ និងរួមចំណែកពង្រឹងលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង តម្លាភាពសង្គម។ កម្ពុជាបានយកចិត្តទុកដាក់លើកកម្ពស់បរិយាកាសប្រព័ន្ធផ្សព្វផ្សាយ និងលើកកម្ពស់ សិទ្ធិ និងការទទួលខុសត្រូវរបស់អ្នកសារព័ត៌មាន។ នៅកម្ពុជា យើងទទួលស្គាល់ការចូលរួមដ៏សំខាន់ របស់អ្នកសារព័ត៌មាន ក្នុងការផ្សព្វផ្សាយព័ត៌មានពីរាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ និងបាននាំយក ព័ត៌មានពីប្រជាពលរដ្ឋមករាជរដ្ឋាភិបាល ដែលជាទំនាក់ទំនងទ្វេមុខក្នុងទិសដៅរួមតែមួយគឺពលរដ្ឋទទួល បានព័ត៌មានគ្រប់ជ្រុងជ្រោយទាក់ទងនឹងច្បាប់លិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ យុទ្ធសាស្ត្រ ផែនការសកម្មភាព និងសមិទ្ធផលសម្រេចបានដោយរាជរដ្ឋាភិបាល អាជ្ញាធរគ្រប់ជាន់ថ្នាក់ជូនប្រជាពលរដ្ឋ និងការភ្ជាប់ពីសំណើសំណូមពរ និងបញ្ហាផ្សេងៗរបស់ពលរដ្ឋដើម្បីរាជរដ្ឋាភិបាលដោះស្រាយ។ កម្ពុជា សូមបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការការពារសេរីភាពសារព័ត៌មាន ធានាសុវត្ថិភាព អ្នកសារព័ត៌មាន និងលើកទឹកចិត្តឱ្យមានការសន្ទនាប្រកបដោយភាពច្នៃប្រឌិតនៅគ្រប់វេទិកាទាំងអស់ ដើម្បីវិស័យសារព័ត៌មានកម្ពុជាកាន់តែមានភាពរីកចម្រើនពោរពេញដោយគុណភាព។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថា ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានមើលឃើញពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុង ការធ្វើបរិវត្តកម្មឌីជីថល និងការទទួលបានព័ត៌មាន។ នៅក្នុងទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយដែលកំពុងរីក ចម្រើននេះ រាជរដ្ឋាភិបាលលើកទឹកចិត្តបងប្អូនអ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងស្ថាប័នសារព័ត៌មាន ឱ្យប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ ភាពត្រឹមត្រូវ និងស្តង់ដាក្រមសីលធម៌វិជ្ជាជីវៈ ខណៈដែលសារព័ត៌មានបន្តធ្វើ ជាស្ពានតភ្ជាប់រវាងប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល។ ជាការពិត តាមរយៈប្រធានបទនៃទិវាសេរីភាព សារព័ត៌មានលើកទី៣២ នេះ បរិវិត្តកម្មនៃបញ្ញាសិប្បនិម្មិតទៅក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ បាននាំ មកនូវអត្ថប្រយោជន៍យ៉ាងច្រើន រួមមានការប្រើប្រាស់ច្រើនភាសា និងការវិភាគទិន្នន័យ សម្រាប់ការផលិត ផ្សព្វផ្សាយ និងចែកចាយបានរហ័សនិងចំគោលដៅ។ ទោះជាយ៉ាងណាក៏ដោយ ភាពជឿនលឿនទាំងនេះ ក៏បាននាំមកនូវហានិភ័យនៃព័ត៌មានក្លែងក្លាយ ដែលបង្កើតដោយបច្ចេកវិទ្យា។ ជាងនេះទៅទៀត បរិវិត្តកម្មនេះក៏នឹងជះឥទ្ធិពលទាំងវិជ្ជមាននិងអវិជ្ជមានដល់អាជីពសារព័ត៌មានផងដែរ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print