សម្តេចធិបតី ៖ កម្ពុជាសូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅជាមួយអ្នកសារព័ត៌មានជាតិ និងអ្នកសារព័ត៌មានទាំងអស់ ជុំវិញពិភពលោក

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣២ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ ជាថ្មីម្តងទៀត ផ្អែកលើគោលបំណងលើកកម្ពស់និងការពារសេរីភាពសារព័ត៌មានពិភពលោក កម្ពុជាសូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅជាមួយអ្នកសារព័ត៌មានជាតិ និងអ្នកសារព័ត៌មានទាំងអស់ ជុំវិញពិភពលោក ក្នុងឱកាសនៃការប្រារព្ធ ទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣២នេះ។ កិច្ចខិតខំ ប្រឹងប្រែង និងការយកចិត្តទុកដាក់បំពេញភារកិច្ចរបស់អ្នកសារព័ត៌មានទាំងអស់ ពិតជាបានបង្ហាញពី ការប្តេជ្ញាចិត្តឥតងាករេនៅក្នុងការរាយការណ៍ព័ត៌មានពិតត្រឹមត្រូវពីព្រឹត្តិការណ៍នានាទាំងក្នុង និងក្រៅ ប្រទេសទាក់ទងនឹងបញ្ហាដែលសង្គមជួបប្រទះ វិបត្តិនយោបាយសកលនិងតំបន់ ទំនាក់ទំនងការទូត សង្គ្រាម បញ្ហាសេដ្ឋកិច្ចនិងសង្គម ការប្រកួតប្រជែងពាណិជ្ជកម្ម ការរីករាលដាលនៃជំងឺឆ្លងដ៏កាច សាហាវជាដើម ដោយប្រឈមមុខនឹងការលំបាក បញ្ហាសុវត្ថិភាព និងសុខភាព។ល។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា សូមបន្តសហការគ្នាធ្វើកិច្ចការកាន់តែខ្លាំង និងសកម្មថែមទៀត បន្តលើកកម្ពស់សិទ្ធិទទួលព័ត៌មាន របស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរថែមទៀត និងការពារបានសន្តិសុខព័ត៌មាន និងសុវត្ថិភាពព័ត៌មាន សម្រាប់ប្រជាពលរដ្ឋ ព្រមទាំងមានភាពធន់ដើម្បីចូលរួមចំណែកដល់ការរក្សាសន្តិភាព សណ្តាប់ធ្នាប់ សាធារណៈ និងការចូលរួមអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រកបដោយចីរភាព ក្នុងគោលដៅកសាងសង្គមកម្ពុជា មួយដ៏រស់រវើកដើម្បីឈានទៅសម្រេចចក្ខុវិស័យឆ្នាំ២០៥០។ ដូច្នេះ ដើម្បីពង្រឹងនូវតួនាទីវិស័យសារព័ត៌មាន ឱ្យកាន់តែសកម្ម និងប្រកបដោយគុណភាព និងប្រសិទ្ធភាពជាកញ្ចក់ឆ្លុះបញ្ចាំងការពិតក្នុងសង្គមជាតិ, ខ្ញុំសូមផ្តល់ជូននូវអនុសាសន៍មួយចំនួនជូនក្រសួងព័ត៌មានក្នុងការយកចិត្តទុកដាក់៖

ទី១. បន្តពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលមានជាធរមាន និងរៀបចំ ច្បាប់និងលិខិតបទដ្ឋានថ្មីបន្ថែមទៀត ដើម្បីរៀបចំសណ្តាប់ធ្នាប់នៅក្នុងវិស័យសារព័ត៌មាន ឱ្យកាន់តែប្រសើរឡើងថែមទៀត តាមរយៈជំរុញការគោរពនិងអនុវត្តតាមច្បាប់ និង ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន។

ទី២. បន្តពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន ដោយបើកវគ្គបណ្តុះបណ្តាលលើជំនាញ បច្ចេកទេស ដើម្បីបង្កើនគុណភាពខ្លឹមសារព័ត៌មាន និងសុវត្ថិភាពព័ត៌មាន សម្រាប់អ្នក ប្រើប្រាស់ និងដើម្បីជាប្រយោជន៍សម្រាប់ជាចំណេះដឹង និងត្រូវបង្កើនអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដល់អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋដើម្បីលើកកម្ពស់សមត្ថភាព និងការយល់ដឹង។

ទី៣. បន្តដឹកនាំយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីធានាសិទ្ធិទទួលបានព័ត៌មានពិត របស់ប្រជាពលរដ្ឋ និងបង្ការ ទប់ស្កាត់តាមគ្រប់មធ្យោបាយនូវដំណឹងក្លែងក្លាយ ព័ត៌មាន ក្លែងបន្លំ និងព័ត៌មានបំភ័ន្តទាំងឡាយតាមរយៈការសហការជាមួយក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ បំភ្លឺ ឆ្លើយតប និងបកស្រាយឱ្យទាន់ពេលវេលា និងផ្សព្វផ្សាយ ឱ្យបានទូលំទូលាយដើម្បីបន្សាបព័ត៌មានក្លែងក្លាយ។

ទី៤. កំណត់គោលការណ៍ណែនាំ នៃក្រមសីលធម៌ស្តីពីការប្រើប្រាស់បញ្ញាសិប្បនិម្មិត ក្នុងការ ប្រមូលព័ត៌មាន ផលិត ផ្សព្វផ្សាយ និងចែកចាយបន្ត ដើម្បីរក្សានិងបង្កើនទំនុកចិត្តលើ ព័ត៌មានដែលបានផលិតនិងផ្សព្វផ្សាយ និងទប់ស្កាត់ព័ត៌មានក្លែងក្លាយ។

ទី៥. រៀបចំស្តង់ដាប្រតិបត្តិក្នុងការកំណត់លក្ខខណ្ឌអប្បបរមា ដើម្បីស្នើសុំបង្កើតអង្គភាព សារព័ត៌មាននិងបុគ្គលដែលត្រូវទទួលស្គាល់ថាជាអ្នកសារព័ត៌មាន និងអ្នកប្រកបអាជីព ក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ ដើម្បីពង្រឹងគុណភាពនិងសណ្តាប់ធ្នាប់ឱ្យបានល្អ ក្នុងវិស័យសារព័ត៌មាន។

ទី៦. លើកកម្ពស់ការទូតព័ត៌មាន សំដៅពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ និងសកលលោក ក្នុងការទប់ស្កាត់ឥទ្ធិពលអវិជ្ជមានក្នុងវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ជាអាទិ៍ ការប្រឆាំងព័ត៌មានក្លែងក្លាយ ការពង្រឹងសមត្ថភាពរួមគ្នាក្នុងការទប់ស្កាត់ផលប៉ះពាល់ ផ្សេងៗទៀត។

ជាមួយគ្នានេះដែរ ខ្ញុំក៏សូមផ្តល់អនុសាសន៍មួយចំនួនជូនដល់បងប្អូនអ្នកសារព័ត៌មានដូច ខាងក្រោម៖

ទី១. សូមបន្តផលិត និងផ្សព្វផ្សាយតែព័ត៌មានពិត សុក្រឹតត្រឹមត្រូវ មានប្រភពច្បាស់លាស់ និងត្រូវផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់នូវព័ត៌មានទាំងឡាយមុននឹងផ្សព្វផ្សាយ ប៉ុន្តែសូម ចៀសវាងការផ្សព្វផ្សាយព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ព័ត៌មានក្លែងក្លាយ ព័ត៌មាន មានចរិតញុះញង់ធ្វើឱ្យប៉ះពាល់ដល់សន្តិភាព សណ្តាប់ធ្នាប់សារធារណៈ និងវប្បធម៌ សង្គម សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងឯកជនភាពរបស់បុគ្គលដែលត្រូវបានការពារដោយច្បាប់។

ទី២. ត្រូវគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួនធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានដែលជាមូលដ្ឋានគ្រឹះ នៃក្រមសីលធម៌វិជ្ជាជីវៈ និងត្រូវចូលរួមលុបបំបាត់ជនឱកាសនិយម ដែលជ្រកក្រោម ស្លាកសារព័ត៌មាន។

ទី៣.

ត្រូវបន្តចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដែលមានចរិតបំពុលសង្គម ដែលអាច កើតចលាចល ភាពវឹកវរ បាត់បង់សណ្តាប់ធ្នាប់សង្គម ឬប៉ះពាល់ដល់ស្ថិរភាពជាតិ និង ត្រូវចូលរួមថែរក្សាសុខសន្តិភាព ការអភិវឌ្ឍប្រទេសជាតិ

ទី៤. ត្រូវបន្តពង្រឹងសមត្ថភាពជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាពិសេសធ្វើអក្ខរកម្មឌីជីថល អក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីលើកកម្ពស់គុណភាពព័ត៌មាន សណ្តាប់ធ្នាប់ ព័ត៌មាន សុវត្ថិភាពព័ត៌មាន និងកិត្យានុភាពស្ថាប័នសារព័ត៌មាន ក៏ដូចជាកសាងជំនឿ ទុកចិត្តកាន់តែខ្លាំងរបស់ពលរដ្ឋលើសារព័ត៌មាន។

ជាទីបញ្ចប់ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការរួមចំណែករបស់ស្ថាប័នព័ត៌មាននិងបងប្អូនអ្នកសារព័ត៌មាន អ្នកផលិតមាតិកាតាមបណ្តាញ ទំនាក់ទំនងសង្គម និងអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ ក្នុងការធានាបាននូវសិទ្ធិទទួលព័ត៌មានរបស់ពលរដ្ឋ។ ខ្ញុំសូមជូនពរបងប្អូនអ្នកសារព័ត៌មានទាំងអស់ សូមប្រកបដោយពុទ្ធពរ ទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print