ភ្នំពេញ ៖ លោក ឌី វិជ្ជា ប្រធានក្លិបព្រះខ័នរាជស្វាយរៀង នៅថ្ងៃទី ២ ឧសភានេះ បានប្រកាសថា “ខ្ញុំនឹងផ្តល់សំបុត្រ VIP ជូន លោកអុំ សួន សម្រាប់ចូលរួមទស្សនាផ្ទាល់ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ AFC Challenge League នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ”
គួរបញ្ជាក់ថា លោកតា អ៊ុំ សួន គឺជាអ្នកគាំទ្រ និងស្នេហាកីឡាបាល់ទាត់កម្ពុជា មួយរូបដែលតែងតែទៅ អញ្ជើញទៅទស្សនាការប្រកួតជាប់ជានិច្ច។
នៅព្រឹកថ្ងៃទី០២ ខែឧសភានេះ អ្នកគាំទ្របាល់ទាត់កម្ពុជាយ៉ាងច្រើនកុះករបន្តសម្រុកទិញសំបុត្រនៅអេដិនបឹងកក់ ដើម្បីចូលរួមទស្សនាការប្រកួតវគ្គផ្ដាច់ព្រ័ត្របាល់ទាត់ពានរង្វាន់ក្លឹបកំពូលអាស៊ីលំដាប់ទី៣ (AFC Challenge League 2024/2025) វគ្គផ្ដាច់ព្រ័ត្ររវាងក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ជើងឯកបាល់ទាត់ជាតិកម្ពុជាពីររដូវកាលជាប់គ្នា ជាមួយក្លឹបជើងឯកបាល់ទាត់ជាតិតួកម៉េនីស្ថានពីរលើកជាប់គ្នា អេហ្វខេ អារកាដាហ្ក (FK Arkadag) នៅពហុកីឡដ្ឋានជាតិមរកតតេជោ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៩និង០០នាទីយប់៕
ដោយ ៖ សិលា