ភ្នំពេញ ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជាជាមិត្តល្អ មិត្តភក្តិពិតប្រាកដរបស់ចិន ហើយចិននឹងបន្តជួយកម្ពុជាបន្ថែមទៀតដើម្បីជំរុញឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែរឹងមាំមួយកម្រិតថែមទៀត។
នៅយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានបង្ហោះលើផេកផ្លូវការលោកថា ៖ ខ្ញុំរីករាយជាខ្លាំងដែលបានទៅទស្សនាវិហារលោកតាព្រហ្មនៅជាយក្រុងកំពង់ចាម និងបានគោរពលោក Zheng He ដែលជាបេសកជននៃមិត្តភាពរវាងចិននិងកម្ពុជា។ កាលពី ៦០០ ឆ្នាំមុន លោក Zheng He បានកោតសរសើរ”ទំនៀមទម្លាប់ដ៏សម្បូរបែប”របស់ប្រទេសកម្ពុជា។
លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បន្តថា ៖ ៦០០ ឆ្នាំក្រោយនាថ្ងៃនេះ កម្ពុជាកំពុងបោះជំហានទៅមុខលើមាគ៌ាថ្មីនៃប្រជាជាតិខ្មែរ។ មិត្តភាពដែកថែបរវាងចិននិងកម្ពុជាដែលឆ្លងកាត់អស់រយៈពេលយូរឆ្នាំនិងការសាកល្បងនៃឧបសគ្គទាំងឡាយ ប្រាកដជាទទួលបានលទ្ធផលជាផ្លែផ្កាយ៉ាងច្រើនអនេក! ៕
ដោយ ៖ សិលា