ភ្នំពេញ៖ អគាររដ្ឋបាលនៃទីស្តីការក្រសួងសុខាភិបាល ដែលមានកម្ពស់១១ ជាន់ ដំបូលទែរ៉ាស់ ប្រវែងបណ្តោយ៤៤.៦០ ម៉ែត្រ និងទទឹង ២២.៤៤ម៉ែត្រ ស្ថិតនៅលើវិថីសម្តេច ប៉ែន នុត សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នឹងលេចចេញឡើងនាពេលខាងមុខនេះ ដែលជាសំណង់អគារថ្មីមួយទៀតនៃវិស័យសុខាភិបាល ។ អគារនេះ នឹងចូលរួមមួយចំណែកបន្ថែមទៀត ដោយឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ផ្តល់ភាពងាយស្រួលដល់ការបម្រើសេវាផ្នែករដ្ឋបាលនៃសុខាភិបាល។
ជាក់ស្តែងនៅថ្ងៃសុក្រ ទី០២ ខែឧសភា ឆ្នាំ២០២៥នេះ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រសួងបានអញ្ជើញជាអធិបតីនិងចូលរួមក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាបើកការដ្ឋាន បុកគ្រឹះសាងសង់អគាររដ្ឋបាលនៃទីស្តីការក្រសួងសុខាភិបាល ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សេចក្តីសុខសប្បាយ និងសេចក្តីសុខចម្រុងចម្រើន។
រាជរដ្ឋាភិបាលកម្ពុជាអណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវសមិទ្ធផលជាច្រើនដែលស្តែងចេញពីភាពរីកចម្រើនលើគ្រប់វិស័យ ពិសេសក្នុងវិស័យសុខាភិបាល ក្រោមការយកចិត្តទុកដាក់ គិតគូរនិងផ្តល់អាទិភាពដ៏ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលទៅលើសុខុមាលភាពប្រជាជន ៕
ដោយ ៖ សិលា