ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
សារលិខិតរំលែកមរណទុក្ខ
ផ្ញើជូន
លោកស្រី ស៊ិន សុវណ្ណចន្ថា (ហៅ សួន ចន្ថា)ព្រមទាំងក្រុមគ្រួសារ
លោកស្រី ព្រមទាំងក្រុមគ្រួសារ ជាទីរាប់អាន!
ខ្ញុំ និងភរិយា មានសេចក្ដីក្ដុកក្ដួលរំជួលចិត្តឥតឧបមា ដោយទទួលដំណឹងថា លោក កូវ ប៊ុនឈឿន ដែលត្រូវជាស្វាមីរបស់ លោកស្រី លោកបានទទួលមរណភាពនាថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ០៣:៥៨ នាទីរសៀល នៅក្នុងជន្មាយុ ៥៨ឆ្នាំ ដោយរោគាពាធ។
នៅក្នុងវេលាពោរពេញដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែកទុក្ខជាមួយ លោកស្រី និងក្រុមគ្រួសារ និងសូមសម្តែងនូវសេចក្តីសង្វេគ ប្រកបដោយអនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅ។ មរណភាពរបស់ លោក កូវ ប៊ុនឈឿន គឺជាការបាត់បង់ស្វាមី ដែលប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្តម ចំពោះភរិយា និងជាការបាត់បង់ឪពុក ជីតា ប្រកបដោយព្រហ្មវិហារធម៌ចំពោះកូន និងចៅ ព្រមទាំងញាតិមិត្ត ជិតឆ្ងាយជាទីស្រលាញ់។
ជាមួយគ្នានេះ ខ្ញុំ និងភរិយា ក៏សូមឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ លោក កូវ ប៊ុនឈឿន សូមឱ្យឆាប់ បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ។
សូម លោកស្រី ស៊ិន សុវណ្ណចន្ថា និងក្រុមគ្រួសារ ទទួលនូវការរាប់អានពីខ្ញុំ និងភរិយា៕
ដោយ ៖ សិលា