ភ្នំពេញ ៖ នាយករដ្ឋមន្ដ្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉សណែត បានអំពាវនាវឱ្យអ្នកសារព័ត៌មានត្រូវចូលរួមលុបបំបាត់ជនឱកាសនិយម ដែលជ្រកក្រោមស្លាកសារព័ត៌មាន។ ម្យ៉ាងវិញទៀត អ្នកសារព័ត៌មានត្រូវផ្សព្វផ្សាយព័ត៌មានពិត ដើម្បីបង្កើនទំនុកចិត្ដកាន់តែខ្លាំងពីពលរដ្ឋមកលើសារព័ត៌មាន។ នេះបើតាមសារលិខិតអបអរទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី៣២ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥។
ជាមួយគ្នា សូមចៀសវាងការផ្សព្វផ្សាយព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ព័ត៌មានក្លែងក្លាយ ព័ត៌មានមានចរិតញុះញង់បង្កឱ្យប៉ះពាល់ដល់សន្ដិភាព សណ្ដាប់ធ្នាប់សាធារណៈ វប្បធម៌ សង្គម សេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិ និងឯកជនភាពរបស់បុគ្គលដែលត្រូវបានការពារដោយច្បាប់។ ការអំពាវនាវនេះ ធ្វើឡើងនៅក្នុងសារលិខិតអបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី៣២ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ “ការរាយការណ៍ក្នុងពិភពលោកថ្មីដ៏ក្លាហាន៖ ផលប៉ះពាល់នៃបញ្ញាសិប្បនិម្មិតលើសេរីភាពសារព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ”។
សម្ដេចនាយករដ្ឋមន្ដ្រី បានអំពាវនាវបន្ថែមដល់អ្នកសារព័ត៌មាន ត្រូវគោរពនិងអនុវត្ដឱ្យបានខ្ជាប់ខ្ជួនធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានដែលជាមូលដ្ឋានគ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈ ព្រោះក្រមសីលធម៌វិជ្ជាជីវៈជាអាវក្រោះការពារអ្នកសារព័ត៌មានគ្រប់កាលៈទេសៈ និងត្រូវចូលរួមលុបបំបាត់ជនឱកាសនិយម ដែលជ្រកក្រោមស្លាកសារព័ត៌មាន។ ម្យ៉ាងវិញទៀត អ្នកសារព័ត៌មានត្រូវចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដែលមានចរិតបំពុលសង្គម ដែលអាចកើតចលាចល ភាពវឹកវរ បាត់បង់សណ្ដាប់សង្គម ឬប៉ះពាល់ដល់ស្ថិរភាពជាតិ និងត្រូវចូលរួមថែរក្សាសុខសន្ដិភាព ការអភិវឌ្ឍប្រទេសជាតិ។ ចំណុចសំខាន់មួយទៀត គឺត្រូវបន្ដពង្រឹងសមត្ថភាពជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាពិសេសធ្វើអក្ខរកម្មឌីជីថល អក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីលើកកម្ពស់គុណភាពព័ត៌មាន សណ្ដាប់ធ្នាប់ព័ត៌មាន សុវត្ថិភាពព័ត៌មាន និងកិត្យានុភាពស្ថាប័នព័ត៌មាន ក៏ដូចជាកសាងជំនឿទុកចិត្ដកាន់តែខ្លាំងរបស់ពលរដ្ឋលើសារព័ត៌មាន។
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ៖ អ្នកសារព័ត៌មានចំនួន ៨១,៤% ក្នុងចំណោមអ្នកស្ទង់មតិសរុបចំនួន ៤៦៧នាក់ តំណាងអ្នកសារព័ត៌មានទូទាំងប្រទេសដែលបានចូលរួមបានវាយតម្លៃថាស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ ក្នុងនោះ ៧២,២% បានឆ្លើយថាសេរីភាពសារព័ត៌មាននៅកម្ពុជាមានស្ថានភាពល្អ ខណៈ ៩,២% បានឆ្លើយថាសេរីភាពសារព័ត៌មានមានស្ថានភាពល្អបំផុត» ៕
ដោយ ៖ សិលា