នាវាទេសចរណ៍ចិន២គ្រឿងក្រឡាប់មនុស្ស ស្លាប់ បាត់ខ្លួន និងរបួស ជាង៦០នាក់

ចែករំលែក៖

ទូកទេសចរណ៍ពីរគ្រឿងដែលផ្ទុកមនុស្សសរុបប្រហែល 70 នាក់បានក្រឡាប់នៅលើទន្លេ Liuchong ដែលជាដៃទន្លេនៃទន្លេ Wu ទីក្រុង Qianxi ខេត្ត Guizhou ភាគនិរតីប្រទេសចិន។

ប្រព័ន្ធផ្សព្វផ្សាយចិនបានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស 3 នាក់បានស្លាប់ 14 នាក់កំពុងបាត់ខ្លួន និង 60 នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីទូកទេសចរណ៍ពីរបានក្រឡាប់នៅរសៀលថ្ងៃទី 4 ឧសភា។ ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះបានបន្តរហូតដល់ល្ងាចថ្ងៃដដែល។
ទូកពីរបានក្រឡាប់បន្ទាប់ពីមានភ្លៀងធ្លាក់មួយរំពេច និងខ្យល់បក់ខ្លាំងបានលេចចេញមកលើដងទន្លេ។ នាយកដ្ឋានពន្លត់អគ្គីភ័យ Guizhou បាននិយាយថា អាជ្ញាធរក្នុងតំបន់បានបញ្ជូនក្រុមជួយសង្គ្រោះចំនួន 8 ក្រុម រថយន្តសរុបចំនួន 84 គ្រឿង មនុស្ស 248 នាក់ (រួមទាំងអ្នកមុជទឹកចំនួន 83 នាក់) ឧបករណ៍ស្វែងរកក្រោមទឹកចំនួន 16 និងកប៉ាល់ចំនួន 24 ទៅកាន់កន្លែងកើតហេតុដើម្បីជួយសង្គ្រោះ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Xinhua បានឱ្យដឹងថា បន្ទាប់ពីកប៉ាល់ទេសចរណ៍បានក្រឡាប់នៅ Guizhou ប្រធានាធិបតីចិន Xi Jinping បានចេញ “ការណែនាំសំខាន់” ដោយតម្រូវឱ្យស្វែងរក និងជួយសង្គ្រោះអ្នកដែលធ្លាក់ក្នុងទឹក គ្រប់មធ្យោបាយទាំងអស់ត្រូវខិតខំប្រឹងប្រែងព្យាបាលអ្នករបួស ដោះស្រាយផលវិបាក និងសម្រាលទុក្ខគ្រួសារជនរងគ្រោះ។
អនុវត្តតាមការណែនាំរបស់លោក Xi និងសំណើរបស់នាយករដ្ឋមន្ត្រីចិន Li Qiang ឧបនាយករដ្ឋមន្ត្រីចិន លោក Zhang Guoqing បានដឹកនាំមន្ត្រីមកពីស្ថាប័នពាក់ព័ន្ធ ទៅដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីដឹកនាំការងារជួយសង្គ្រោះ និងដោះស្រាយ។
មន្ត្រីខេត្ត Guizhou ក៏មានវត្តមាននៅកន្លែងកើតហេតុ ដើម្បីដឹកនាំការឆ្លើយតបបន្ទាន់។ បច្ចុប្បន្ន Guizhou កំពុងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីស្វែងរក និងជួយសង្គ្រោះ ព្យាបាលអ្នករបួស និងបំពេញការងារពាក់ព័ន្ធផ្សេងទៀត។
ទូកទេសចរណ៍នេះបានក្រឡាប់ក្នុងរយៈពេលជាងពីរខែបន្ទាប់ពីមនុស្ស 11 នាក់បានស្លាប់នៅក្នុងការបុកទូកនៅកណ្តាលប្រទេសចិន។ ឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងខេត្ត Hunan នៅពេលដែលកប៉ាល់ដឹកអ្នកដំណើរបានបុកជាមួយកប៉ាល់ឧស្សាហកម្ម បណ្តាលឲ្យមនុស្ស ១៩ នាក់ធ្លាក់ចូលទៅក្នុងទឹក៕

...

រូបថត​: tuoitre

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print