ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបានថ្លែងថា មានអ្នកជំងឺម្នាក់បានត្អូញត្អែរថា នៅជំនាន់ប៉ុល ពត របប ប៉ុល ពត បានហាមមិនឱ្យហូបទៅហើយ តែមកដល់សម័យបច្ចុប្បន្ន ប្រទេសមានសុខសន្តិភាព សំបូរអាហារហូប បែរជាពេទ្យហាមមិនឱ្យហូបទៅទៀត។
សម្តេចធិបតី បានថ្លែងដូចនេះ
នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ « ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥ – ២០៣០ » នៅក្នុងរាជធានីភ្នំពេញ។
នាឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ប្រទេសមានសុខសន្តិភាពសំបូរអាហារហូបច្រើន តែការហូបចុកអាហារនីមួយៗ គឺគេត្រូវដឹងពីការកំណត់របបអាហារតម ដើម្បីថែរក្សាសុខភាព ព្រោះបើមានបញ្ហាសុខភាពហើយ វាលែងទៅជាទ្រព្យហើយ វាត្រូវធ្លាក់ទៅជាបន្ទុករបស់សាមីខ្លួននិងគ្រួសារទៅវិញ ដោយត្រូវចំណាយទៅលើថ្នាំសង្កូវ ថែទាំ ព្យាបាល។ ដូចនេះ យើងត្រូវបង្ការ អប់រំ និងព្យាបាលឱ្យបានទាន់ពេលវេលា។ សម្ដេចធិបតីបានបន្ថែមទៀតថា ការចូលរួមពីសំណាក់ប្រជាពលរដ្ឋ គឺជារឿងសំខាន់ណាស់ កុំចាំដល់ពេលឈឺ ទើបរត់ទៅរកឪពុកម្តាយ ដូច្នេះវិធីគឺមានតែបង្ការកុំឱ្យឈឺធ្ងន់តែប៉ុណ្ណោះ។
ជាមួយគ្នានេះដែរ សម្តេចធិបតី បានថ្លែងបញ្ជាក់ថា ការថែរក្សាសុខភាព គឺជាកិច្ចការដែលយើងគ្រប់គ្នាអាចធ្វើបាន ដោយមានស្មារតីរួមគ្នាជាមួយរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធទាំងអស់ ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះថា «ឥឡូវនេះខ្ញុំឃើញប្រជាពលរដ្ឋយើងគឺ កីឡាច្រើន សុខភាពច្រើន គឺលើកទឹកចិត្តបន្តទៅលើការងារនេះ ព្រោះកីឡាមិនមែនតែរឿងមហារីកទេ វាជួយរឿងច្រើនណាស់ ហើយបញ្ហាសុខភាព គឺជាបន្ទុកធ្ងន់ណាស់របស់រាជរដ្ឋាភិបាលទូទាំងពិភពលោក»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមើលឃើញថា នៅតាមបណ្ដារាជធានី-ខេត្ត បានរៀបចំសួនច្បារសាធារណៈ និងមានពលរដ្ឋហាត់ប្រាណច្រើនជាងមុន តាមរយៈការរៀបចំបរិស្ថានស្អាតមានសណ្ដាប់ធ្នាប់ សុវត្ថិភាព និងរបៀបរៀបរយ។
ឆ្លៀតក្នុងឱកាសនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណទៅកាន់រដ្ឋបាលរាជធានី-ខេត្តទាំងអស់ និងស្នើឲ្យបន្តរៀបចំសួនច្បារសាធារណៈបន្ថែមជូនប្រជាពលរដ្ឋ ជាពិសេសរក្សាឲ្យបាននូវសន្តិសុខ សុវត្ថិភាព និងស្ថិរភាព ៕
ដោយ ៖ សិលា