ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានលើកឡើងថា សុខភាពរបស់ជាតិ គឺពឹងផ្អែកទាំងស្រុងលើសុខភាពរបស់ប្រជាជន ដែលគិតតាំងពីសុខភាពរបស់ប្រជាជនទូទៅ មន្ត្រីរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់។
ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ « ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥ – ២០៣០ » នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក យើងត្រូវចូលរួមទាំងអស់គ្នាទាំងការបង្ការ អប់រំ និងព្យាបាលឱ្យបានទាន់ពេលវេលា ដែលទាមទារឲ្យមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋ។
ជុំវិញការថែទាំសុខភាពនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្ដឱ្យប្រជាពលរដ្ឋហាត់កីឡាឱ្យបានគ្រប់គ្នា ព្រោះថា ការហាត់កីឡាអាចជួយសុខភាពបានយ៉ាងច្រើន ពោលគឺមិនត្រឹមតែជួយការពារពីជំងឺមហារីកនោះទេ។
សម្ដេចធិបតី បានមើលឃើញថា ប្រជាពលរដ្ឋកម្ពុជាបានធ្វើការវិនិយោគលើការរៀនសូត្រ លើការផលិត លើការងារ ប៉ុន្ដែពួកគាត់ភាគច្រើនភ្លេចវិនិយោគលើខ្លួនឯង។ សម្ដេចក៏បានលើកទឹកចិត្ដឱ្យបណ្ដារាជធានី-ខេត្ដ រៀបចំសួនសាធារណៈ ដើម្បីឱ្យពលរដ្ឋមានកន្លែងសម្រាប់ហាត់កីឡា។
ទន្ទឹមនេះ សម្ដេចធិបតី ក៏បានមើលឃើញថា នៅតាមបណ្ដាបុរីមួយចំនួន មិនត្រឹមតែសាងសង់តែផ្ទះស្នាក់នៅប៉ុណ្ណោះទេ ប៉ុន្តែក៏បានសាងសង់សួនសាធារណៈផងដែរ ដែលជាការបង្ហាញយ៉ាងច្បាស់ពីការវិវត្ដនៃសង្គមរបស់យើង។
សម្ដេចធិបតី សង្កត់ធ្ងន់ថា ការវិវត្ដនៃសេដ្ឋកិច្ច ការវិវត្ដនៃជីវភាពរបស់ប្រជាពលរដ្ឋ និងការវិវត្ដនៃទំនើបកម្មសង្គម គឺជាការបង្ហាញពីការវិវត្ដដោយចីរភាព។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឲ្យពិនិត្យឲ្យបានតឹងរ៉ឹងពាក់ព័ន្ធនឹងការនាំចូលបន្ថែ សាច់ និងការប្រើប្រាស់ជាតិគីមីផ្សេងៗលើអាហារ ដើម្បីកាត់បន្ថយជំងឺមហារីក។
បញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី បានធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ ក្នុង១ឆ្នាំៗកម្ពុជាមានអ្នកកើតជំងឺមហារីកថ្មី ២ម៉ឺនករណី ក្នុងនោះស្លាប់ ១.៤ម៉ឺនករណី ពោលគឺ ៤០នាទីស្លាប់ម្នាក់ ឬ ៣៨នាក់ក្នុង១ថ្ងៃ។
លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងពីបញ្ហាប្រឈមនៃការកើនឡើង ជំងឺមហារីកនៅកម្ពុជា ខណៈមធ្យោបាយប្រយុទ្ធនឹងជំងឺមហារីករបស់កម្ពុជា នៅមានកម្រិតនៅឡើយ នៅទូទាំងប្រទេស។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ជារៀងរាល់ឆ្នាំប្រទេសកម្ពុជា មានអ្នកកើតជំងឺមហារីកថ្មីប្រមាណ ២០ ០០០ករណី។ ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋប្រមាណ ១៤ ០០០នាក់ បានបាត់បង់ជីវិតដោយសារជំងឺនេះ ដែលតួលេខទាំងពីរនេះ ដែលត្រូវឆ្លុះបញ្ចាំងអំពីសារៈសំខាន់ និងភាពបន្ទាន់នៃការដែលត្រូវចាត់វិធានការទប់ស្កាត់។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះ «ឯកឧត្តម ឈាង រ៉ា ក៏បានលើកឡើងអំពីមូលហេតុមួយចំនួន ដែលកើតមហារីក ទី១ អាហារូបត្ថម្ភ បន្លែ សាច់ ឬអាហារផ្សេងៗ ទី២ អស់សុពលភាព ខូចកម្រិត ឬក៏គីមីច្រើន ទី៣ ពាក់ព័ន្ធនឹងរឿងកីឡា រឿងសុខភាព ហូបត្រឹមត្រូវក៏ដោយ បើអត់កីឡាក៏សុខភាពមានបញ្ហា»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា «ប៉ុន្តែសំខាន់បំផុត គឺការចូលរួមនៅក្នុងការបង្ការ ទី១ ក្រសួងស្ថាប័នពាក់ព័ន្ធ ក្រសួងពាណិជ្ជកម្ម ក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ និងអាជ្ញាធរពាក់ព័ន្ធពិនិត្យឲ្យបានតឹងរ៉ឹង ពាក់ព័ន្ធនឹងការនាំចូលបន្ថែសាច់ ការប្រើប្រាស់ជាតិគីមីផ្សេងៗ ឲ្យបានហ្មត់ចត់ ដើម្បីកាត់បន្ថយមហារីក។ ក្រសួងអប់រំ អប់រំនៅតាមសាលា ដើម្បីឲ្យដឹងពីវិធីបង្ការ និងចៀសវាង ក្នុងការបរិភោគ ឬធ្វើសកម្មភាពណាមួយ ដែលនាំឲ្យកើតមហារីក។ ទី២ ការខិតខំបង្កើនចាក់ថ្នាំបង្ការ ចាក់វ៉ាក់សាំងបង្ការ»៕
ដោយ ៖ សិលា