ការកាយដីចេញពីទន្លេសាបវិញ របស់ក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង ធ្វើបានតែ១ថ្ងៃ នាំឱ្យមានការរិះគន់ច្រើនពីប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ មកដល់ថ្ងៃទី៥ខែឧសភាឆ្នាំ២០២៥នេះ មានរយៈពេល៦ថ្ងៃហើយ ចាប់ពីថ្ងៃដែលក្រុមហ៊ុនទឹកស្អាតអានកូបានដាក់គ្រឿងចក្រកាយដីដែលខ្លួនចាក់ចូលទន្លេសាបចេញវិញ តាមកិច្ចប្រជុំរបស់ក្រសួងធនធានទឹក អាជ្ញាធរទន្លេសាប និងអាជ្ញាធរខេត្តកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។ ក៏ប៉ុន្តែ ក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង មិនបានអនុវត្តតាមការ ណែនាំរបស់ក្រសួងធនធានទឹក និងអាជ្ញាធរទន្លេសាបនោះឡើយ។

ពាក់ព័ន្ធនឹងការមិនបន្តកាយដីចេញពីទន្លេសាប របស់ក្រុមហ៊ុនខាងលើ លោក អឿ សារឿន ប្រធានមន្ទីរធនធានទឹកស្តីទី បានឱ្យដឹងថា ក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង បានកាយដីតាមស្មារតីអង្គប្រជុំ តែ១ ថ្ងៃគត់ គឺនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ បន្ទាប់មកក្រុមហ៊ុននេះមិនបានកាយដីទាំងនោះចេញបន្តទៀតឡើយ។ ប្រសិនបើមិនបន្តកាយដីចេញទៀតទេ ផុតថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ នោះក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយម នឹងដាក់គ្រឿងចក្រចូលកាយដីទាំងនោះចេញហើយ។ ករណីមួយទៀត ក្រុមហ៊ុនតែងនិយាយថា ការកាយដីចេញ ខ្លាចប៉ះពាល់ទឹកស្អាតប្រជាពលរដ្ឋប្រើប្រាស់ក្នុងក្រុងកំពង់ឆ្នាំង។

ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំងថ្លែងថា ពួកគាត់ឆ្ងល់ខ្លាំង មិនដឹងមានមូលហេតុអ្វី បានជាក្រុមហ៊ុនខាងលើនេះ មិនគោរពតាមវិធានការរបស់ក្រសួងធនធានទឹក និងអាជ្ញាធរទន្លេសាប? តើក្រសួងធនធានទឹក និងឧតុនិយម រួមនឹងអាជ្ញាធរទន្លេសាប ទុកឲ្យដីរាប់ពាន់ឡាននេះ នៅកករឹងក្នុងទន្លេសាប ឬយ៉ាងណា? ។

ដោយឡែករឿងការកាយដីចេញខ្លាចដាច់ទឹកស្អាត គ្មានទឹកឲ្យប្រជាពលរដ្ឋប្រើប្រាស់នោះ គឺជាលេសរបស់ក្រុម ហ៊ុន ព្រោះថាពេលចាក់ដីចូលទន្លេសាបរាប់ពាន់ឡាននោះ ម្តេចមិនខ្លាចប៉ះពាល់ដល់ការផ្គត់ផ្គង់ទឹកស្អាត? ម្យ៉ាងទៀតតើក្រុមហ៊ុនចាក់ដីចូលទន្លេសាបបែបនេះ ដើម្បីទទួលបានទឹកស្អាត ឬយ៉ាងណា? ថាតើទឹកដែលបូមពីទន្លេមក មិនមានការបន្សុតអោយទៅជាទឹកស្អាត មុនចែកចាយជូនប្រជាពលរដ្ឋប្រើប្រាស់ទេឬ? ។

...

ប្រជាពលរដ្ឋក្រុងកំពង់ឆ្នាំង សំណូមពរក្រសួងធនធាន ទឹក និងឧតុនិយម អាជ្ញាធរទន្លេសាប និងអ្នកពាក់ព័ន្ធ មេត្តាចាត់វិធានការក្តៅតែម្តងទៅ ព្រោះខាងក្រុមហ៊ុន មិនមានចេតនាក្នុងការកាយដីដែលខ្លួនបានចាក់ចូល ទន្លេសាបនោះចេញវិញទេ ។ ម្យ៉ាងទៀត បើទុកបែបនេះ ថាតើច្បាប់ស្តីពីការការពារទឹកក្នុងព្រះរាជាណាចក្រកម្ពុជាត្រង់មាត្រា១២ និង៣៦ មានន័យអ្វី? ហើយវាជាគំរូអាក្រក់មួយសម្រាប់ប្រជាពលរដ្ឋ និងឈ្មួញទូទៅធ្វើបានដូចគ្នាផងដែរ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print