ភ្នំពេញ៖ ដំណឹងលែងលះរបស់គូស្នេហ៍អ្នកសិល្បៈគឺលោក ប៉ែន ចំរ៉ុង និងនាង ភិន សុដាលីស បានធ្វើឲ្យកក្រើកអស់មហាជនជាថ្មីក្រោយរួមរស់ជាមួយគ្នាមិនបានមួយឆ្នាំផង។ ការលែងលះប្រពន្ធទាំងមានផ្ទៃពោះនេះបានធ្វើឲ្យមហាជនមួយចំនួនរិះគន់តារាសម្តែង និងពិធីករលោក ប៉ែន ចំរ៉ុង មិនសំចៃមាត់និងធ្វើឲ្យប្រជាប្រិយភាពរបស់តារាវោហាបានរូបនេះថមថយ ហើយទីផ្សារការងាររបស់តារាសម្តែងរូបនេះក៏ត្រូវបានគេទម្លាយថា ស្រុតចុះជាលំដាប់។
ក្រោយពេលលែងលះ និងបន្ទាប់ពី ភិន សុដាលីស ចេញមុខធ្វើសន្និសីទផ្អើលអស់មហាជននោះ ធ្វើឲ្យមហាជនពិសេសអ្នកគាំទ្រតារាសម្តែង ប៉ែន ចំរ៉ុង កាន់តែខកចិត្តនិងរិះគន់ចំៗចំពោះទង្វើមិនមានទំនួលខុសត្រូវរបស់លោក ប៉ែន ចំរ៉ុង។ ការរិះគន់នេះក៏បានទាញទម្លាក់ទីផ្សារការងារតារាសម្តែងរូបនេះមិនតិចទេ។ ដំណឹងចុងក្រោយពីផលិតករមួយចំនួនលើកឡើងថា ពួកគេហាក់ខ្លាចរអាក្នុងការអញ្ជើញ ប៉ែន ចំរ៉ុង ឲ្យចូលរួមសម្តែងខ្សែភាពយន្តបើទោះបីជា៣ឆ្នាំចុងក្រោយនេះភាពល្បីល្បាញរបស់ ប៉ែន ចំរ៉ុង ឡើងដល់ចំណុចកំពូលដែលស្ទើតែគ្មានពេលដេកពួនក៏ដោយ។
ប្រភពលើកឡើងថា ការសម្រេចចិត្តមិនហៅ ប៉ែន ចំរ៉ុង ថតព្រោះតែពេលនេះតារាសម្តែងរូបនេះកំពុងតែចោមរោមដោយការរិះគន់ពីទស្សនិកជន។ ប្រភពលើកឡើងថា ថ្មីៗនេះមានភាពយន្តដែលតារាសម្តែង ប៉ែន ចំរ៉ុង ចូលរួមសម្តែងហើយបានដាក់បញ្ចាំងនៅរោងភាពយន្ត ប៉ុន្តែមិនទទួលបានការគាំទ្រច្រើនទើបផលិតករជាច្រើនខ្លាចរអា។
មិនត្រឹមតែប៉ុណ្ណោះក៏មានខ្សែភាពយន្តមួយចំនួនដែលតារាសម្តែងរូបនេះបានចូលរួមសម្តែងផលិតចប់សប់គ្រប់ ប៉ុន្តែបានពន្យាការចាក់បញ្ចាំងព្រោះតែខ្លាចប្រឈមនឹងការធ្លាក់ចុះចំនួននៃអ្នកទស្សនា ។ ជាក់ស្តែងដូចជារឿង «អាមោឃលក់ម៉ាំ» របស់ផលិតកម្មមហាហង្សជាដើម ។ ក្រៅពីនេះសូម្បីតែការងារជាពិធីករក៏ត្រូវបានអ្នកទស្សនារិះគន់ដែរ។ ផលិតករនៅស្ថានីយទូរទស្សន៍មួយលើកឡើងថា កម្មវិធីដែលតារាសម្តែង ប៉ែន ចំរ៉ុង កាន់ការងារជាពិធីករហាក់ថមថយអ្នកទស្សនា ហើយក៏មានអ្នកខ្លះរិះគន់អំពីវត្តមានធ្វើពិធីកររបស់តារាសម្តែងរូបនេះចំៗតែម្តង។
លោក ប៉ែន ចំរ៉ុង នៅមិនទាន់អាចស្វែងរកការបញ្ជាក់បាននៅឡើយទេ ជុំវិញការដាំក្បាលចុះនៃទីផ្សារការងារសិល្បៈនេះ។
លោក អ៊ិន សុភិន អគ្គនាយកផលិតកម្មមហាហង្សទទួលស្គាល់ថា ផលិតកម្មលោកពិតជាពន្យាពេលក្នុងការដាក់បញ្ចាំងខ្សែភាពយន្តរឿង «អាមោឃលក់ម៉ាំ» ដែលមាន ប៉ែន ចំរ៉ុង សម្តែងជាតួឯកជាមួយនឹងកញ្ញា ជីជី ពិតប្រាកដមែន បើទោះបីជារឿងលោកលើកឡើងថា ផលិតចប់តាំងពីដើមឆ្នាំ២០១៦ មកក៏ដោយ។ លោកថា “ខ្សែភាពយន្តនេះមានគុណភាពល្អ គាត់សម្តែងត្រូវតាមចរិកតួអង្គបែបមោឃៗរបស់គាត់ ហើយគុណភាពរឿងក៏ល្អ ប៉ុន្តែខ្លាចក្រែងគេមិនចូលមើលនិងគេជេពេលដាក់បញ្ចាំងឬផ្សព្វផ្សាយ”។
លោកបន្តថា គាត់ (ប៉ែន ចំរ៉ុង) បានកុហក និងបោកប្រាស់ទស្សនិកជនច្រើនទើបនាំឲ្យទស្សនិកជនមិនពេញចិត្ត។ លោកនៅមិនទាន់កំណត់បាននៅឡើយទេថា តើពេលណានឹងដាក់បញ្ចាំងខ្សែភាពយន្តខាងលើនៅរោងភាពយន្តទេ គឺអាចនៅពេលដែលតារាសម្តែងរូបនេះល្បីឈ្មោះឡើងវិញទើបលោកសម្រេចចិត្តចាក់បញ្ចាំងហើយបើទោះបីជាខ្សែភាពយន្តនេះចំណាយអស់ជាង៤ម៉ឺនដុល្លារអាមេរិកក្តីក៏លោកមិនខ្វល់ពីការខាតបង់ហើយក៏មិនស្តាយដែរ។
គួរបញ្ជាក់ដែរថា ដំណឹងនៃការលែងលះគ្នារវាង ប៉ែន ចំរ៉ុង និង ភិន សុដាលីសត្រូវបានលេចធ្លាយឡើងចាប់តាំងពីអំឡុងខែមេសា មកម៉្លេះ ក្រោយពីអ្នកទាំងពីររួមរស់ជាមួយគ្នាក្រោមការចុះសំបុត្រអាពាហ៍ពិពាហ៍មិនដល់១ឆ្នាំផង។
ក្រោយធ្លាយដំណឹងដាក់ពាក្យប្តឹងលែងលះភរិយាដែលមានផ្ទៃពោះជិត៤ខែ មានមតិរិះគន់ជាច្រើនបាក់ស្រោចមកលើលោក ប៉ែន ចំរ៉ុង ថា ជាបុរសដែលមិនមានទំនួលខុសត្រូវចំពោះប្រពន្ធកូន ផ្ទុយពីពាក្យដែលលោកសន្យាតាមកញ្ចក់ទូរទស្សន៍មុខមហាជនថា «បើទោះបីជាបងមិនមានមុខជំនួញមិនមានទ្រព្យច្រើនដូចគេ ប៉ុន្តែបងសន្យាននឹងធ្វើឲ្យអូនសើចច្រើនជាងយំ»៕
ដោយ៖ វឌ្ឍនា