ភ្នំពេញ ៖ លោក យឹម អធិស័ក្តិ អ្នកតាមដានសង្គម វ័យក្មេង សូមអបអរសាទរចំពោះរដ្ឋាភិបាលកម្ពុជានិងចិន ព្រមទាំង ប្រជាជាតិទាំងពីរ ក្រោយពេលភាគីចិន បានអះអាងថា នឹងអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវសមិទ្ធិផល នៃដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋចិន ដោយចាត់ទុកថា ការណ៍នេះឆ្លុះបញ្ចាំងបានពីការរួមច្របាច់បញ្ជូលគ្នា ក្នុងនាមជាប្រទេសរួមរស់ក្នុងសហគមន៍ជោគវាសនាតែរួម ហើយប្រទេសទាំងពីរ តែងតែព្យាយាមផ្សារភ្ជាប់ទំនាក់ទំនងនេះ យ៉ាងស្អិតរមួត ពីមួយដំណាក់កាល ទៅមួយដំណាក់កាល។
លោក យឹម អធិស័ក្តិ បានប្រាប់នៅថ្ងៃទី៥ ខែឧសភាថា «បើយើងសង្កេតមើល អត្ថបទដែលចុះផ្សាយដោយលោកប្រធានាធិបតី Xi Jinping នៅមុនពេលលោក បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា គឺឯកឧត្តមបានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសកម្ពុជាគឺជាប្រទេសមិត្ត របស់ឯកឧត្តម»
លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានមានប្រសាសន៍ ក្នុងពិធីសម្ពោធផ្លូវជាតិ ៣ខ្សែ នៅខេត្តតាកែវ ភ្ជាប់កំពត និង កំពង់ស្ពឺ នាពេលថ្មីៗនេះថា ភាគីចិននឹងសហការជាមួយភាគីកម្ពុជា អនុវត្តយ៉ាងម៉ឺងម៉ាត់ នូវសមិទ្ធិផលនៃដំណើរទស្សនកិច្ច របស់លោក Xi Jinping ប្រធានាធិបតីចិន មកកាន់ប្រទេសកម្ពុជា សាងសង់ផ្លូវមិត្តភាពចិន-កម្ពុជា កាន់តែច្រើន និងកសាងស្ពានកិច្ចសហប្រតិបត្តិការចិន-កម្ពុជា កាន់តែច្រើន។
ចំពោះការឡើងពីការកសាងផ្លូវនិងស្ពានមិត្តភាពចិន-កម្ពុជា កាន់តែរីកដុះដាលបន្ថែម ពីសំណាក់លោក Wang Wenbin លោក យឹម អធិស័ក្តិ យល់ឃើញថា ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប លោកនឹងខិតខំក្នុងការគាំទ្រ និងលើកកម្ពស់បង្កើតកិច្ចទំនាក់ទំនង រវាងសាធារណរដ្ឋប្រជាមានិតចិន ជាមួយនឹងព្រះរាជាណាចក្រកម្ពុជា ឲ្យកាន់តែមានភាពស៊ីជម្រៅបន្ថែមទៀត ដើម្បីជាការជះនូវឥទ្ធិពលជាវិជ្ជមាន លើទស្សននយោបាយ។
«ទាំងទស្សនភូមិសាស្ត្រនយោបាយនានាផ្សេងៗ ហើយក៏ដូចជា ការជះឥទ្ធិពល ទៅលើការបង្កបង្កើន ទៅលើស្ថានភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ តាមរយៈការ ផ្តល់ជំនួយដ៏ច្រើនមហិមា ក្នុងនោះ រួមមាន ជំនួយឥតសំណងជាច្រើន ក៏ដូចជា ជំនួយមួយចំនួនធំ ដើម្បីកសាងទៅលើហេដ្ឋារចនាសម្ព័ន្ធ ដែលជំរុញដល់ការបង្កើត នូវសេវាកម្មនានា ពាក់ព័ន្ធនឹង ទេសចរណ៍ សេដ្ឋកិច្ច និងកសិឧស្សាហកម្ម មួយចំនួន ដែលចិនជួយប្រទេសកម្ពុជា យ៉ាងច្រើនមកហើយ»។
គួររម្លឹកថា លោក Xi Jingping ប្រធានរដ្ឋចិនបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសកម្ពុជា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃ១៧-១៨ ខែមេសា ឆ្នាំ២០២៥។ ជាការកត់សម្គាល់ ឯកសារចំនួន៣៧ រវាងរដ្ឋាភិបាលកម្ពុជា-ចិន ត្រូវបានចុះហត្ថលេខា អំឡុងទស្សនកិច្ចនេះ។ ឯកសារទាំងនេះ គឺពាក់ព័ន្ធនឹងការវិនិយោគ, វិស័យពាណិជ្ជកម្ម, វិស័យអប់រំ, វិស័យហិរញ្ញវត្ថុ, វិស័យព័ត៌មាន, ការងារយុវជន, វិស័យកសិកម្ម, វិស័យសុខាភិបាល, វិស័យធនធានទឹក, វិស័យទេសចរណ៍, វិស័យកិច្ចការនារី និងវិស័យផ្សេងទៀត៕
ដោយ ៖ សិលា