ខេត្តកណ្តាល៖ មុខសញ្ញាប្រើប្រាស់គ្រឿងញៀនដ៏សកម្ម៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលបង្រ្កាបចាប់ខ្លួន កាលពីវេលាម៉ោង៤ និង៤០នាទីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិខ្លាកូន ឃុំពើក ស្រុកអង្គស្នួល ចាប់យកឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួន ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ ស៊ន សុវណ្ណ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទី២-ឈ្មោះ រស់ សូ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបើកបររថយន្ត និងទី៣-ឈ្មោះ រស់ សាត ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបើកបររថយន្ត ។ ជនសង្ស័យទាំង៣នាក់មានទីលំនៅក្នុងភូមិខ្លាកូន ឃុំពើកស្រុកអង្គស្នួល ខេត្តកណ្ដាល ។
ប្រភពដដែលបានបន្តថា ជនសង្ស័យទាំង៣នាក់ខាងលើនេះ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនដ៏សកម្មនៅក្នុងមូលដ្ឋាន ដែលសមត្ថកិច្ចកំណត់និងតាមដាននាពេលកន្លងមក ។ លុះមកដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ សមត្ថកិច្ចទទួលបានព័ត៌មានថា ជនសង្ស័យទាំង៣នាក់ទិញគ្រឿងញៀនយកទៅសំងំប្រើប្រាស់នៅក្នុងផ្ទះ ទើបសមត្ថកិច្ចឆ្មក់ចូលទៅបង្រ្កាបតែម្តង ។
ជនសង្ស័យទាំង៣នាក់បានសារភាពថា នៅមុនពេលចាប់ខ្លួនពួកគេបានចូលលុយគ្នាទិញថ្នាំញៀនម៉ាទឹកកក១កញ្ចប់តូចក្នុងតម្លៃ២០.០០០រៀល យកមកប្រើប្រាស់នៅក្នុងផ្ទះ ខណៈប្រើអស់ក៏ត្រូវសមត្ថកិច្ចចូលទៅបង្រ្កាបឃាត់ខ្លួនតែម្តង ៕
ដោយ៖ ស្អាងជ័យ