ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅទូទាំងប្រទេស ប្រព្រឹត្តទៅក្នុងសភាពការណ៍សន្តិសុខ និងគ្មានអំពើហិង្សា

ចែករំលែក៖

ភ្នំពេញ៖ ដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅទូទាំងប្រទេស មកដល់ថ្ងៃនេះ បា​ន​ប្រព្រឹត្តទៅក្នុងសភាពការណ៍សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈនិងបរិយាកាសល្អប្រសើរគ្មាន អំពើហិង្សា គ្មានការបំភិតបំភ័យ គ្មានការគំរាមកំហែងផ្សេងៗ។ នេះជាប្រសាសន៍ លោក ហេង ស៊ីឡេង សមាជិកគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត គ.ជ.ប ក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ នាថ្ងៃទី៩ ខែ ឧសភា នេះនៅទីស្តីការគ.ជ.ប។

លោក ហេង ស៊ីឡេង សមាជិកគ.ជ.ប បញ្ជាក់ទៀតថា ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះ ឆ្នោត និងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោត ឆ្នាំ ២០២៥ កម្លាំងការពារមានចំនួនសរុប១០.០៨៤នាក់ ក្នុងនោះគណៈបញ្ជាការសន្តិសុ​ខ​អចិន្រ្តៃយ៍ សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានរៀបចំកម្លាំងការពារគោលដៅសំខាន់ៗ ជាពិសេសនៅតាមការិយាល័យចុះឈ្មោះបោះឆ្នោត នៅតាមសាលាឃុំ- សង្កាត់ និងនៅតាមភូមិមួយចំនួន ដោយប្រើកម្លាំងនគរបាលការពារចំនួន ២នាក់ ក្នុងមួយការិយាល័យ។

សមាជិកគ.ជ.ប បញ្ជាក់ទៀតថា គោលបំណងឱ្យដំណើរការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២៥ នេះ ប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយល្អ គណៈបញ្ជាការឯកភាពរដ្ឋបាល​រាជធានី- ខេត្តនីមួយៗ ក៏បានដាក់នចេញនូវផែនការការពារសន្តិសុខ ចាត់វិធានការនានា និងរៀបចំកម្លាំងការពារក្នុងដែនសមត្ថកិច្ចរៀងៗខ្លួន។

លោកបានមានប្រសាសន៍ បន្តទៀតថា ដំណើរការរៀបចំការបោះឆ្នោតការចុះ ឈ្មោះបោះឆ្នោតគឺជាដំណាក់កាលដំបូង និ​ងមា​ន​សារៈសំខាន់ណាស់ ព្រោះបញ្ជីបោះឆ្នោត គឺជាតម្រូវការចាំបាច់ដែលមិនអាចខ្វះបាន សម្រាប់ប្រើប្រាស់ ក្នុងការបោះឆ្នោត និងការ កំណត់នៃច្បាប់ ហេតុនេះហើយទើប គ.ជ.ប ត្រូវយក ចិត្តទុក ដាក់អនុវត្តការងារនេះឱ្យបានល្អ ដើម្បីធានាសិទ្ធិបោះឆ្នោ​​តជូនដល់ប្រជាពលរដ្ឋខ្មែរ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនិងច្បាប់បោះឆ្នោតជាធរមាន។

ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតក្នុងឃុំ-សង្កាត់នីមួយៗ មានរយៈពេល ២៦ថ្ងៃ ដោយចាប់ ផ្តើមពីថ្ងៃទី១ និងបិទបញ្ចប់នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២៥។

ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២៥ នេះ គឺជាឆ្នាំទី១០ ហើយ ចាប់តាំងពី គ.ជ.ប រៀបចំការចុះ ឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះ ឆ្នោតថ្មី ឆ្នាំ២០១៦ តាមប្រព័ន្ធបច្ចេកវិទ្យា​ព័ត៌មាន ដោយប្រើប្រាស់ទិន្នន័យជីវមាត្រ (Biometric Data) សម្រាប់ដៅសម្គាល់ទិន្នន័យអត្តសញ្ញាណ ដែលមានតែមួយគត់សម្រាប់អ្នកបោះឆ្នោតម្នាក់ៗ ហើយ គ.ជ.ប ត្រូវរៀបចំធ្វើបច្ចុប្បន្នភាពរៀងរាល់ឆ្នាំ តាមការកំណត់នៃច្បាប់ ដើម្បីឱ្យបញ្ជីបោះឆ្នោតធានាបាននូវភាពពេញ លេញ ភាពត្រឹមត្រូវ និងបច្ចុប្បន្នភាពប្រកបដោយ សុវត្ថិភាព។

លោកហេង ស៊ីឡេង បន្តថា នៅប៉ុន្មានថ្ងៃនៃការចាប់ ផ្តើម​ការពិនិត្យបញ្ជីឈ្មោះ និងការចុះ ឈ្មោះបោះឆ្នោត បានប្រព្រឹត្តទៅដោ​យ​មានបញ្ហាធាតុអាកាស និងភ្លៀងធ្លាក់ខ្លាំងនៅតាមឃុំ សង្កាត់មួយចំនួន ប៉ុន្តែមិនបានធ្វើឱ្យរាំងស្ទះដល់ដំណើរការ នៃការពិនិត្យ​បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឡើយ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print