កម្ពុជា-ចិន បានបង្ហាញពីភាពរឹងមាំនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មាន និងផ្សព្វផ្សាយ

ចែករំលែក៖

ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជាបានជួបពិភាក្សាការងារជាមួយ លោក Wang Gang អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយនៃបក្សកុម្មុយនិស្តចិន នៅប្រទេសព្រុយណេ ដារ៉ូសាឡាម នៅអំឡុងពេលនៃកិច្ចប្រជុំរដ្ឋមន្រ្តីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធ ដោយផ្តោតជាសំខាន់លើ ការពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងផ្តល់ប្រយោជន៍ទៅវិញទៅមក។

ភាគីទាំងពីរក៏ពុំភ្លេចរំឭកអំពីដំណើរទស្សនកិច្ចរបស់ លោកប្រធានាធិបតី ស៊ី ជីងពីង មកកាន់ប្រទេសកម្ពុជានាពេលថ្មីៗមកនេះ ដែលបានឆ្លុះបញ្ចាំងអំពីកិច្ចសហប្រតិបត្តិត្បូងពេជ្រ និងមិត្តភាពដែកថែបដែលកើតចេញពីការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន ក៏បានគូសបញ្ជាក់ដែរថា នៅអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់ លោកប្រធានាធិបតី ស៊ី ជីងពីង មានការចុះកិច្ចព្រមព្រៀង និងអនុស្សរណៈយោគយល់ចំនួន ៣៧ ក្នុងនោះក្រសួងព័ត៌មានបានចុះអនុស្សរណៈយោគយល់ចំនួន ៧ ជាមួយបណ្តាស្ថាប័នដែលទទួលបន្ទុកលើវិស័យព័ត៌មានរបស់ចិនផងដែរ ដោយផ្តោតលើការផ្លាស់ប្តូរព័ត៌មាន បណ្តុះបណ្តាលនិងផ្លាស់ប្តូរដំណើរទសន្សកិច្ចអ្នកសារព័ត៌មាន ការពង្រឹងស្ថាប័ន និងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។

លោករដ្ឋមន្រ្តីក៏បានស្នើឱ្យភាគីចិនពិចារណាលើការរាយការណ៍ពីបទពិសោធជោគជ័យរបស់ម្ពុជាក្នុងការអនុវត្តគម្រោងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវដែលដាក់ចេញដោយឯកឧត្តមប្រធានាធិបតី ស៊ី ជីងពីង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មានរវាងអាស៊ាន និងប្រទេសចិន។ លោក Wang Gang បានបង្ហាញនូវការគាំទ្រ និងស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់កម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា ក៏បានអញ្ជើញភាគីចិនដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី(Asia Media Summit) លើកទី២០ ដែលកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះ នៅខេត្តសៀមរាប នាខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះផងដែរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print