សម្តេចធិបតី សូមកោតសរសេីរ និងចូលរួមអបអរសាទរក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ដែលទទួលបានជើងឯករង ពាន AFC CHALLENGE LEAGUE

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ សូមកោតសរសេីរ និងចូលរួមអបអរសាទរក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ដែលទទួលបានជើងឯករង ពាន AFC CHALLENGE LEAGUE។ ដោយសម្តេចធិបតី លើកថា ៖ ក្លឹបព្រះខ័នរាជស្វាយរៀង ជាក្លឹបតំណាងឱ្យប្រទេសកម្ពុជាប្រកួតក្នុងពាន AFC CHALLENGE LEAGUE ដោយបានធ្វើការប្រកួតជម្រុះជាច្រើនដំណាក់កាល និងឈ្នះជាបន្តបន្ទាប់ជាមួយនឹងបណ្ដាក្លឹបបាល់ទាត់ផ្សេងៗទៀតនៅក្នុងតំបន់មុននឹងឈានមកដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ ដែលនេះ គឺជាមោទកភាពសម្រាប់ប្រទេសកម្ពុជា លើវិស័យកីឡាបាល់ទាត់ បេីទោះជាមិនទទួលបានលទ្ធផលវិជ្ជមាននៃការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីម្សិលមិញក៏ដោយ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកថា ៖ ជាមួយគ្នា ខ្ញុំក៏សូមថ្លែងអំណរគុណដល់គ្រប់កីឡាករ គ្រូបង្វឹក ក្រុមការងារ រួមទាំងថ្នាក់ដឹកនាំ របស់ក្លឹបព្រះខ័នរាជស្វាយរៀង ទោះបីជាមិនអាចក្លាយជាជើងឯកក្នុងពាន AFC CHALLENGE LEAGUE ប៉ុន្តែទាំងកីឡាករ គ្រូបង្វឹក ក្រុមការងារ រួមទាំងថ្នាក់ដឹកនាំ បានខិតខំអស់ពីកម្លាំងកាយ ចិត្ត ក្នុងការប្រកួតប្រជែងរហូតដល់ទីបញ្ចប់ ហើយការចាញ់ឬឈ្នះជារឿងធម្មតានៅក្នុងការប្រកួតកីឡា ។ 

បន្ថែមពីនេះ ខ្ញុំក៏សូមថ្លែងអំណរគុណដល់អ្នកគាំទ្រ រួមទាំងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមគាំទ្រយ៉ាងពេញទំហឹងបូករួមទាំងអ្នកដែលបានទៅចូលរួមគាំទ្រដល់ទីតាំងប្រកួត ចំនួន ៥១,៦១០នាក់ និងអ្នកដែលបានចូលរួមគាំទ្រតាមគ្រប់រូបភាព និងគ្រប់ទីកន្លែង ដែលការណ៍នេះ នឹងកាន់តែជំរុញវិស័យកីឡាបាល់ទាត់កម្ពុជាឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ដោយប្រកាន់ខ្ពស់លេីសីលធម៌ គុណធម៌នៃស្មារតីកីឡាយ៉ាងខ្ជាប់ខ្ជួន៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print