* មកដល់ភូមិស្មោង ÷
ក្រុមគ្រួសាររបស់ខ្ញុំទៅដល់ភូមិស្មោងនៅម៉ោងប្រហែល ៣ រសៀល។ នៅក្នុងភូមិខ្ញុំឃើញមានទាំងប្រជាជនមូលដ្ឋាន និងប្រជាជនថ្មីដែលទើបតែជម្លៀសចូលមកជាច្រើននាក់។ ប្រធានកងតូចឈ្មោះ រ៉េន និងផាន ដែលមានអាយុប្រហែល ៦០ ឆ្នាំបានមកទទួលគ្រួសាររបស់ខ្ញុំ និងអ្នកភូមិផ្សេងទៀត។ គាត់បាននិយាយមកកាន់យើងថា ” សមមិត្តទាំងអស់គ្នាមករស់នៅកន្លែងថ្មីនេះហើយ ត្រូវតែប្តេជ្ញាខិតខំជួយធ្វើការឲ្យអស់ពីកម្លាំងកាយចិត្ត យើងនឹងចែកផ្ទះមួយសម្រាប់គ្រួសារនីមួយៗ ហើយការងារសម្រាប់សមមិត្តដែលមានវ័យចំណាស់គឺត្រូវរែងអង្ករ ត្បាញមួក មើលក្មេងៗហើយអ្នកខ្លះត្រូវទៅជីកប្រឡាយដែរ។ ចំណែកសមមិត្តវ័យជំទង់វិញត្រូវតែទៅធ្វើស្រែ។ រីឯសមមិត្តកុមារត្រូវទៅកើបជីលាមកសត្វ និងលាមកមនុស្សយកទៅដាក់តាមវាលស្រូវ ហើយបើសល់ពេលទំនេរត្រូវជួយមើលប្អូនៗ ” ។
រំពេចនោះ ខ្ញុំបានសម្លឹងឃើញផ្ទះនៅខាងជើងផ្លូវក្បែរកន្លែងនោះដែលមានទំហំប្រហែល ៤ ម៉ែត្រ។មានជណ្ដើរ និងសសរធ្វើពីឈើ ជញ្ជាំងផ្ទះបាំងធាងដូង ប្រក់ស្បូវមានទ្វារមួយ និងគ្មានបង្អួចទេ ។ នៅខាងក្រោមផ្ទះគ្មានគ្រែនោះទេហើយនៅខាងមុខផ្ទះមានអណ្ដូងទឹកមួយ ពាងអុងមួយ ដែលកងតូចបានចែកឱ្យស្នាក់នៅ។ គម្លាតពីផ្ទះមួយទៅផ្ទះមួយមានចម្ងាយពីគ្នាប្រហែល ៥ម៉ែត្រ។ នៅលើផ្ទះមានរនាបធ្វើអំពីឫស្សីគ្មានចានឆ្នាំងអង្ករនិងគ្រឿងហូបឡើយ។ មិនតែប៉ុណ្ណោះនៅក្នុងផ្ទះខ្ញុំឃើញមានកន្ទេររំចេកមួយ និងភួយចាស់ៗចំនួន ៣តែប៉ុណ្ណោះ។ មកដល់ផ្ទះស្នាក់នៅភ្លាម យើងនាំគ្នារៀបចំទុកដាក់អីវ៉ាន់ដែលយើងមានហើយទៅហូបបាយនៅរោងបាយរួម។ បន្ទាប់មកខ្ញុំទៅដឹកទឹកដាក់ពាងអុងនៅក្បែរផ្ទះ ហើយនាំគ្នាងូតទឹកផ្លាស់សម្លៀកបំពាក់ថ្មី។ដែលអង្គការបានចែកឲ្យក្នុងម្នាក់ៗពីរសម្រាប់។ នៅពេលយប់គ្រួសាររបស់ខ្ញុំដេកនៅជុំគ្នានៅលើកន្ទេលរំចេក និងដណ្ដប់ភួយរួមគ្នា។
* ការងារប្រចាំថ្ងៃរបស់ខ្ញុំ÷
នៅពេលព្រឹកព្រលឹមស្រាងស្រាងប្រហែលម៉ោង ៤ ទៀបភ្លឺមាន់កំពុងរងាវ មនុស្សម្នាកំពុងតែដេកលក់ស្កប់ស្កល់ ស្រាប់តែពួកកងតូច ឈ្មោះរ៉ែន និងផាន បានបង្ខំឲ្យខ្ញុំក្រោកពីដេកទៅកើបអាចម៍គោយកទៅដាក់តាមវាលស្រែ។ ខ្ញុំត្រូវយកចបដើម្បីយកទៅកើបជីដាក់ក្នុងបង្គី ប៉ុន្តែប្រសិនបើអាចម៍គោក្របីដែលស្ងួតខ្ញុំត្រូវរើសដោយដៃ។ ខ្ញុំដាក់ជីទាំងយប់ដែលមានគ្នាប្រហែលជាង ១០ នាក់ដែលមានកុមារស្រីៗដូចគ្នា។ នៅតាមផ្លូវ យើងមានការភ័យខ្លាចណាស់ព្រោះយើងដើរលើភ្លឺស្រែទាំងនៅងងឹតហើយអាកាសធាតុធ្លាក់ខ្យល់ត្រជាក់ទៀត។ ពេលខ្លះខ្ញុំធុញនឹងការបង្ខំធ្វើការងារទាំងនេះណាស់ ប៉ុន្តែខ្ញុំមិនហ៊ាននិយាយទេ ព្រោះខ្លាចពួកខ្មែរក្រហមធ្វើបាប និងបង្អត់អាហារ។ ខ្ញុំត្រូវក្រោកពីទៀបភ្លឺរហូតដល់ម៉ោង ៦ ព្រឹកទើបបានសម្រាក ហើយម៉ោង ១១ ថ្ងៃត្រង់ ខ្ញុំចាប់ផ្ដើមបន្តការងាររហូតដល់ម៉ោង ៥ ល្ងាច។ នៅចន្លោះម៉ោងពី៦ព្រឹក ទៅម៉ោង ១១ ថ្ងៃត្រង់ ពួកកងតូចឲ្យខ្ញុំសម្រាក ប៉ុន្តែក៏បានឲ្យខ្ញុំជួយមើលប្អូនប្រុសពីរនាក់ដែលមានឈ្មោះម៉ៅ និងនាថ។ ក្នុងមួយថ្ងៃៗ ខ្ញុំត្រូវធ្វើការងារចំនួន ៩ ទៅ ១០ ម៉ោង ឬអាចលើសពីនេះទៀតក៏មានដែរ។ ខ្ញុំនៅតែខិតខំធ្វើការងារដោយមិនហ៊ានឈប់សម្រាកឡើយ។ ខ្ញុំលួចយំស្ទើរតែរាល់ថ្ងៃដោយសារតែខ្ញុំមិនដែលបានដេកគ្រប់គ្រាន់។ ខ្ញុំអស់កម្លាំងណាស់។ថែមទាំងគ្មានអាហារហូបចុកទៀតផង។ ខ្ញុំធ្លាប់បានសួរទៅកាន់មេក្រុមស្រីរបស់ខ្ញុំឈ្មោះ ថាន ថា តើហេតុអ្វីបានបានជាឲ្យខ្ញុំធ្វើការងារច្រើនម៉ោងលើសលប់រាល់ថ្ងៃហ្នឹងយ៉ាងនេះ? មេក្រុមថានក៏ឆ្លើយថា អង្គការឲ្យយើងធ្វើការរហូត ហើយខំដាក់ជីឲ្យស្រូវដើម្បីកើតបានផលស្រូវច្រើន។
ខែកត្តិកចូលមកដល់ ខ្យល់រំហើយធ្លាក់ពីទិសខាងជើង ខ្ញុំ និងក្រុមកុមារដទៃទៀតនាំគ្នាបោកបែនកណ្ដាប់ស្រូវ។ ទិន្នផលស្រូវដែលប្រមូលបាននោះត្រូវមនុស្សវ័យចំណាស់ផ្សេងៗទៀតជាច្រើនមកកើបហាលហើយប្រមូលទុកនៅក្នុងឃ្លាំងដាក់ស្រូវ។បន្ទាប់ពីបោកបែនស្រូវហើយខ្ញុំត្រូវធ្វើកិច្ចការផ្សេងមួយទៀតគឺរលាស់ចំបើង និងកងចំបើងទុកមួយកន្លែងឲ្យមានរបៀបរៀបរយ។ចំបើងទាំងអស់នោះទុកសម្រាប់គោក្របីស៊ី។ ថ្ងៃមួយខ្ញុំធ្លាក់ខ្លួនឈឺហើយបានសុំមេក្រុមរបស់ខ្ញុំសម្រាកមួយថ្ងៃ។ មេក្រុមរបស់ខ្ញុំតបវិញថា សមមិត្តអាចសម្រាកបាន ប៉ុន្តែថ្ងៃស្អែកត្រូវទៅធ្វើការធម្មតាវិញ។
* របបអាហារប្រចាំថ្ងៃ÷
នៅពេលដែលស្នូរសំឡេងជួងបន្លឺឡើង គ្រួសាររបស់ខ្ញុំត្រូវទៅហូបបាយនៅឯរោងបាយសហករណ៍រួមគ្នា។ រោងបាយនោះមានចម្ងាយពីផ្ទះអ្នកភូមិប្រហែលជា ១០០ ម៉ែត្រ។ រោងបាយមានទំហំធំហើយអាចឲ្យអ្នកភូមិអង្គុយបានរាប់រយនាក់។ នៅជិតរោងបាយមានអណ្ដូង ពាងទឹក វាលស្រែនៅផ្ទះរបស់អ្នកភូមិ។ នៅពេលល្ងាចទៅហូបបាយ ខ្ញុំបានជួបមនុស្សជាច្រើននាក់ដោយម្នាក់ៗសុទ្ធតែហេវហត់ខ្លាំង។ មុនពេលហូបបាយប្រជាជនម្នាក់ៗ ត្រូវដើរទៅកាន់ចានដែក ស្លាបព្រាដែលម្នាក់មួយៗ និងតម្រង់ជួរម្ដងម្នាក់ៗដើម្បីរង់ចាំទទួលអាហារ។
នៅក្នុងផ្ទះបាយ ខ្ញុំឃើញមានអ្នកដាំបាយធ្វើម្ហូបចំនួន៣នាក់ដែលមានអាយុប្រហែល ៥០ឆ្នាំទៅ ៦០ ឆ្នាំ។ ពួកគាត់បានដួសបាយ និងសម្លទុកមួយឆ្នាំងៗហើយដួសចែកទៅឲ្យប្រជាជនដោយប្រើជញ្ជីងថ្លឹង។ ប្រសិនបើប្រជាជនណាដែលធ្វើការងារច្រើន។អាចទទួលទានបានអាហារចំនួនបីខាំ។ ខ្ញុំគឺជាកុមារទទួលបានអាហារត្រឹមតែចំនួនមួយខាំទេ។
ចំណែកម្ហូបវិញភាគច្រើនសុទ្ធតែជាសម្លម្ជូរត្រកួន សម្លដើមចេក និងពេលខ្លះដាក់សាច់ត្រីហើយពេលខ្លះទៀតដាក់សាច់ជ្រូកដែរ ប៉ុន្តែភាគច្រើនម្ហូបទាំងនោះមិនបានដាក់សាច់ឡើយគឺដាក់តែអំបិល និងទឹក។ យើងទទួលបានសម្លក្នុងម្នាក់ៗចំនួនមួយវែក។ ពេលយើងហូបហើយយើងត្រូវយកចានស្លាបព្រាទៅលាងសម្អាតហើយដាក់ផ្កាប់នៅលើគ្រែតែម្ដងដោយយើងរៀបចំដាក់ផ្សេង និងស្លាបព្រាដាក់ផ្សេង។
យើងទទួលបានត្រឹមតែអាហារចំនួនពីរពេលតែប៉ុណ្ណោះក្នុងមួយថ្ងៃ គឺពេលព្រឹក និងពេលល្ងាច។ ទោះបីជាយើងមិនមានអីហូបក៏ដោយ ក៏យើងមិនហ៊ានទៅយកបាយម្ហូប និងលួចអីហូបដែរ ព្រោះយើងខ្លាចអង្គការយកទៅសម្លាប់។ យើងតែងតែផឹកទឹកបំបាត់ភាពស្រែកឃ្លាន។ សំណាងល្អដែរក្នុងមួយសប្តាហ៍ចុងភៅបានធ្វើបង្អែមសម្រាប់ចែកគ្នាហូបដែលភាគច្រើនចុងភៅធ្វើនំអាកោរ។ នំអាកោរនោះត្រូវចុងភៅយកទៅចំហុយមានពណ៌សនិងមានទំហំប៉ុនកំភួនជើង ហើយមានរសជាតិផ្អែម ព្រោះចុងភៅបានដាក់ស្ករយ៉ាងច្រើន។ មេក្រុមក៏ឱ្យយើង ផឹកទឹកត្នោតដោយសេរីដែរជារៀងរាល់សប្តាហ៍។ (នៅមានត)