ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Wang Wenbin បានភ្លក្សទុរេនអៅខាក់ខេត្តកំពត ហើយលោក បាននិយាយថា ទុរេនខេត្តកំពតឆ្ងាញ់ជាងគេលើពិភពលោក ដោយរំពឹងថា ធុរេនខ្មែរជាច្រើន នឹងនាំចេញ ទៅប្រទេសចិន ។ នេះជាសំណេររបស់លោក ដែលត្រូវបានបង្ហោះ នៅលើហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម កាលពីចុងសប្តាហ៍ ដោយភ្ជាប់ជាមួយរូបភាពរបស់ឯកឧត្តម នៅចំការទុរេន។
លោក បានសរសេរថា «ខ្ញុំរីករាយដែលបានមកលេងចម្ការទុរេនកំពត និងភ្លក្សទុរេនអៅខាក់ ដែលជាទុរេនឆ្ងាញ់ជាងគេលើពិភពលោក»។ ឯកឧត្តម មានការ ជឿជាក់ថា ទុរេនខ្មែរឆ្ងាញ់ កាន់តែច្រើន នឹងត្រូវនាំចេញទៅកាន់ប្រទេសចិន នាពេលអនាគត។
គួររម្លឹកថា គយនៃប្រទេសចិន នៅថ្ងៃទី ២៨ មេសា បានចេញនូវសេចក្តីសម្រេចអនុញ្ញាតឱ្យប្រទេសកម្ពុជានាំចូល«ផ្លែទុរេនស្រស់» របស់ខ្លួនចូលទៅកាន់ទីផ្សាររបស់ប្រទេសចិន។ ក្នុងសេចក្តីសម្រេចនោះ គយចិនបានតម្រូវឱ្យការនាំចូលផ្លែទុរេន គឺត្រូវតែមានប្រភពមកពីប្រទេសកម្ពុជាដោយមានការគោរពតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវមុនសម្រេចការនាំចេញចូលមកកាន់ទីផ្សារប្រទេសចិន។ យោងតាមសេចក្តីប្រកាសព័ត៌មាន ក៏បានគូសបញ្ជាក់ថា ផ្លែទុរេន នាំចូលត្រូវមានប្រភពផលិតពីតំបន់ដែលបានកំណត់ដោយក្រសួងកសិកម្មកម្ពុជា ហើយចំការទុរេន និង រោងចក្រវេចខ្ចប់ ត្រូវចុះឈ្មោះដោយស្ថាប័នទាំងពីរ។
គួរបញ្ជាក់ថា អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសា កាលពីថ្ងៃទី ២២ មេសា បានអំពាវនាវដល់ម្ចាស់ចម្ការទុរេន សហគមន៍កសិកម្មទុរេន និង ម្ចាស់រោងចក្រកែច្នៃ និង វេចខ្ចប់ផ្លែទុរេនស្រស់ មានបំណងផលិតនិងកែច្នៃវេចខ្ចប់ នាំចេញផ្លែទុរេនស្រស់ ទៅកាន់ទីផ្សារ ប្រទេសចិន រួសរាន់ដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការ និង រោងចក្រកែច្នៃនិងវេចខ្ចប់ ផ្លែទុរេនស្រស់ សម្រាប់នាំចេញទៅកាន់ប្រទេសចិន នៅអគ្គនាយកដ្ឋានកសិកម្ម។
ការអំពាវនាវនេះ ធ្វើឡើងក្រោយពីកម្ពុជា និងចិន កាលពីថ្ងៃទី ១៧ មេសា អំឡុងទស្សនកិច្ចរបស់ប្រធានរដ្ឋចិន មានការចុះហត្ថលេខា លើពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែទុរេនស្រស់ពីប្រទេសកម្ពុជា ទៅកាន់ប្រទេសចិន។
ក្នុងសេចក្តីជូនដំណឹង បន្ទាប់ពីទទួលបានពាក្យស្នើសុំ អគ្គនាយកដ្ឋានកសិកម្ម នឹងចាត់មន្ត្រីជំនាញចុះណែនាំ និង វាយតម្លៃស្របតាម នីតិវិធីបច្ចេកទេស ដូចមានកំណត់ក្នុងពិធីសារ។ អគ្គនាយកដ្ឋានកសិកម្ម គ្រោងនឹងបញ្ចូនបញ្ជីឈ្មោះចម្ការ និងរោងចក កែច្នៃវេចខ្ចប់ផ្លែទុរេនស្រស់ ទៅកាន់ភាគីចិន នៅអំឡុងខែឧសភា ឆ្នាំ២០២៥នេះ ដើម្បីឲ្យភាគីចិនពិនិត្យនិង វាយតម្លៃបញ្ចប់ មុននឹងឈានដល់ការនាំចេញ ជាផ្លូវការ៕
ដោយ ៖ សិលា