ភ្នំពេញ ៖ នៅពេល សាធារណជន និងអ្នកសារព័ត៌មានចាប់ផ្ដើម សំណូមពរ រិះគន់ បញ្ចេញមតិជាថ្មីទៀតលើករណីចរាចរណ៍ផ្លូវជាតិលេខ១ ដែលសម្បូរអ្នកបើកបរលឿន វ៉ាជែងក្នុងតំបន់គ្រោះថ្នាក់ ជាពិសេសក្នុងចំណោមក្រុមរថយន្តក្រុងដឹកអ្នកដំណើរភ្នំពេញ-វៀតណាម មានទាំងក្រុមរថយន្តដឹកទំនិញ រហូតដល់អ្នកបើកបរជាលក្ខណៈគ្រួសារ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានចេញការពន្យល់ដោយបញ្ជាក់ចំៗ ចំពោះការអនុវត្តច្បាប់ ឥរិយាបថនៃការបើកបរ និងក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋគិតគូឡើងវិញលើចំណុចអវិជ្ជមានមួយចំនួន។
លោកបណ្ឌិតបានលើកឡើងថា ចំពោះរថយន្តក្រុងភ្នំពេញ-វៀតណាមដែលល្មើសច្បាប់ចរាចរណ៍ផ្លូវគោក សមត្ថកិច្ចចរាចរណ៍ដែលប្រចាំការតាមគោលដៅផ្លូវជាតិលេខ១ តែងបានចាត់វិធានការឃាត់យានល្មើសទាំងនោះ និងបានអប់រំណែនាំធ្វើកិច្ចសន្យាអ្នកបើកបរជាបន្តបន្ទាប់។ លោកបន្តថា «ក្នុងករណីណាដែលសមសមត្ថកិច្ចបានរកឃើញជាក់ស្ដែង ចំពោះអ្នកដែលធ្លាប់ទទួលរងការណែនាំ និងមានកិច្ចសន្យាម្ដងរួមមកហើយនោះ គឺយើងត្រូវអនុវត្តតាមផ្លូវច្បាប់ជាដាច់ខាត។ តែបើសិនជាអ្នកបើកបរនោះថ្មី មិនធ្លាប់ទទួលរងការណែនាំ ឬក៏មិនធ្លាប់មានកិច្ចសន្យាបញ្ឈប់សកម្មភាពមិនប្រក្រតីនោះទេ គឺសមត្ថកិច្ចយើងច្រើនតែផ្តល់ឱកាសណែនាំផ្ដល់កិច្ចសន្យាឱ្យគាត់»។
បើទោះបីជាក្រសួងបានចាត់វិធានការ និងមានសមត្ថកិច្ចជំនាញស្របច្បាប់ ដាក់គោលដៅត្រួតពិនិត្យអនុវត្តច្បាប់យ៉ាងណាក៏ដោយ លោកសង្កេតឃើញថា ប្រជាពលរដ្ឋទូទៅ ទាំងអ្នករត់តាក់ស៊ី ទាំងអ្នកធ្វើដំណើរ ទាំងអ្នកប្រកបការងារ និងធ្វើដំណើរកម្សាន្តនានាហាក់បីដូចជាមិនអើពើ មិនចូលរួមសហការនោះទេ។ លោកបញ្ជាក់ថា «នៅពេលមានមន្រ្តីចរាចរណ៍ ដាក់គោលដៅត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ អ្នកបើកបរដែលពុំពាក់ខ្សែក្រវ៉ាត ពុំមានមួកសុវត្ថិភាព ពុំមានកញ្ចក់ អ្នកបើកបរនិយាយទូរសព្ទក្នុងពេលបើកបរ និងល្មើសច្បាប់ដទៃទៀត ពួកគេមានចាប់ផ្ដើមមានអាកប្បកិរិយាមិនសមរម្យ មិនសហការ និងរិះគន់ វាយប្រហារមកកាន់សមត្ថកិច្ច។ ទន្ទឹមគ្នានោះ នៅពេលដែលមានសមត្ថកិច្ចមិនដាក់កម្លាំងត្រួតពិនិត្យបទល្មើស ពួកគេក៏បានរំលោភបំពានផ្លូវ ដែលនាំឱ្យគ្មានសណ្ដាប់ធ្នាប់តាមដងផ្លូវ និងបង្កឱ្យមានគ្រោះថ្នាក់កើតមានឡើង ហើយបងប្អូនប្រជាពលរដ្ឋក៏នាំគ្នាទាំងរិះគន់ សម្ដែងមតិទាំងអ្នកបើកបរប្រព្រឹត្តបទល្មើសផង និងវាយប្រហារមកកាន់សមត្ថកិច្ចផងថា ពុំដាក់កម្លាំងត្រួតពិនិត្យ»។
អ្នកនាំពាក្យអះអាងថា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឬកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតមានឡើង លុះត្រាតែមានការផ្ដើមចេញប្រជាពលរដ្ឋម្នាក់ៗដែលត្រូវនាំគ្នាស្វែងយល់ អានច្បាប់ចរាចរណ៍ផ្លូវគោក បើកបរប្រកបដោយសីលធម៌ ចេះយោគយល់អធ្យាស្រ័យ កុំចង់ចាញ់ កុំចង់ឈ្នះ ខ្លាចគ្រោះថ្នាក់កើតឡើងលើខ្លួនឯង លើគ្រួសារ និងលើអ្នកដទៃ ហើយចុងក្រោយយើងខុស យើងត្រូវប្រឈមមុខចំពោះមុខច្បាប់។ យ៉ាងណាក៏ដោយលោកអះអាងថា សមត្ថកិច្ចក្រសួងមហាផ្ទៃក្ដី អគ្គស្នងការដ្ឋាននគរបាលជាតិក្ដី និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតក្ដី ក៏នៅតែបន្ត ផ្សព្វផ្សាយ អប់រំណែនាំ ក្រើនរម្លឹកជាបន្តបន្ទាប់ ជាក់ស្ដែងក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃតែងតែចេញសារណែនាំ និងពន្យល់ពីច្បាប់ចរាចរណ៍ ការទទួលខុសត្រូវនៅពេលដែលល្មើសច្បាប់ចរាចរណ៍ និងការបង្កគ្រោះថ្នាក់ដទៃជាច្រើនទៀត។
អ្នកនាំពាក្យបានបញ្ជាក់ជាថ្មីថា ប្រជាពលរដ្ឋណាដែលចាប់រូបភាពបាន រាល់រថយន្តបើកបរល្មើសច្បាប់ចរាចរណ៍បំពានគ្រប់រូបភាព ជារួមមានសកម្មភាពបើកវ៉ាងជែងគ្នា ដឹកអីវ៉ាន់សំពីងសំពោង ឬក៏វ៉ាជែងកន្លែងដែលមានគំនូសប្រសព្វគ្នា បើកបរបញ្ច្រាសទិស រំលោភលើចំណែកផ្លូវលើទិសដៅម្ខាង សូមថតជាវីដេអូឱ្យជាប់នឹងផ្លាកលេខ បន្ទាប់មកសូមផ្ញើ សារ រូបភាព ព្រមទាំងវីដេអូទាំងនោះមកកាន់តេលេក្រាមអ្នកនាំពាក្យតាមរយៈលេខទូរសព្ទ ០១៤ ៧៨៩ ០១៤៕
ដោយ ៖ កញ្ញា សេង សុខហ៊ុន មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ