ខេត្តកំពង់ឆ្នាំង៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥នេះ បានផ្ញើសារអបអរសាទរព្រះរាជពិធីច្រត់ព្រះនង្គ័ល ខណៈ នៅឆ្នាំនេះពិធីនេះរៀបចំធ្វើឡើងនៅខេត្តកំពង់ឆ្នាំនោះ។
តាមរយៈបណ្តាញសង្គម សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥នេះ ជាថ្ងៃដែលកម្ពុជា ប្រារព្ធព្រះរាជពិធីបុណ្យ “ច្រត់ព្រះនង្គ័ល” ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំក្នុងខែពិសាខ ខណៈព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ ប្រារព្ធធ្វើឡើងនៅខេត្តកំពង់ឆ្នាំង ក្រោមព្រះរាជាធិបតីភាព ព្រះករុណាព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
សម្តេចតេជោ បានបន្ថែមទៀតថា ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ “គោឧសភរាជ”។ ព្រះរាជពិធីបុណ្យនេះ ក៏ជាការដាស់តឿនក្រើនរម្លឹក ដល់ប្រជាពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវធ្វើស្រែចំការបានចូលមកដល់ហើយជាដើម។
ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្ញើសារជូនពរដល់បងប្អូនជនរួមជាតិផងដែរ ដោយសម្តេចបានលើកឡើងថា«សូមជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជួបតែសេចក្តីសុខ សេចក្តីចម្រើន គ្រប់ៗគ្នា»។
សូមរំលឹកថា «ព្រះរាជពិធីច្រត់ព្រះនង្គ័ល»គឺជាព្រះរាជពិធីបុណ្យប្រពៃណីជាតិកម្ពុជាមួយ ដែលប្រារព្ធឡើងនៅថ្ងៃ ៤រោច រៀងរាល់ខែ ពិសាខ ត្រូវនិងខែ (ឧសភា) ដែលកំណត់តាម ប្រតិទិនពុទ្ធសាសនា តាមដំណើរគោលចររបស់ ព្រះចន្ទ ដែលរាប់តាមរង្វាស់នៃឆ្នាំ ចន្ទគតិ នៅក្នុងវប្បធម៌របស់កម្ពុជា។ ពិធីបុណ្យនេះត្រូវបានគេហៅថា ពិធីបុណ្យចាប់ផ្ដើមនូវរដូវដាំដុះ ដែលស្ថាប័នព្រះបរមរាជវាំង និង រៀបចំឱ្យមានកិច្ចភ្ជួរព្រះស្រែដើម្បីជានិមិត្តរូប ក្នុងការចាប់ផ្ដើមរបរកសិកម្ម៕
ដោយ៖តារា