ជិះម៉ូតូលឿនជ្រុលទៅបុកបង្កាន់ដៃស្ពាន អាកាសចោមចៅបណ្តាលឲ្យស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់ជិះម៉ូតូលឿន មកដល់ចំណុចគល់ស្ពានអាកាសចោមចៅ បានជ្រុល​ទៅ​បុក​បង្កាន់​ដៃ​ស្ពាន​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ ។

ហេតុការណ៍នេះបានកេីតឡើងកាល​ពី​វេលាម៉ោង​៧និង​៣០នាទី​យប់​ថ្ងៃ​ទី​១៤​ខែ​ឧសភា​ឆ្នាំ​២០២៥​នៅ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ គល់​ស្ពាន​អាកាស​ចោមចៅ​ ដែល​ស្ថិត​នៅ​ ក្នុងភូមិ​ព្រៃ​ជី​សាក់​ សង្កាត់​ចោមចៅ​ទី​៣​ ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ​ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​បាន​និយាយប្រាប់​ថា នៅមុន​ពេលកើតហេតុ​គេឃើញជន​រងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​និច​ពណ៌​ស​លាយ​លឿង​ ពាក់​ស្លាក​លេខ​ព្រៃ​វែង​ 1Y-8842 ធ្វេី​ដំណើរតាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ក្នុងទិសដៅពីជើងទៅ​ត្បូង​ក្នុង​ល្បឿន​យ៉ាង​លឿន​ លុះមកដល់ចំណុចកើត​ហេតុ​នៅ​ច្រមុះ​ជ្រូក​ស្ពាន​អាកាស​ចោមចៅ​ផ្លូវ​បំបែក​ជា​ពីរ​ មួយ​ធ្វេីដំណើរទៅ​ផ្លូវ​ជាតិ​លេខ​៤​ និងមួយទៀតទៅផ្លូវ​ជាតិ​លេខ​៣​ តែ​ជន​រង​គ្រោះ​​បេីក​លឿន​ពេក​បាន​ជ្រុល​ទៅ​បុក​ខឿន​និងបង្កាន់​ដៃ​ស្ពាន​អាកាស​ចោមចៅ​ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​នឹងកន្លែង​កើត​ហេតុ​។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​ម៉ូតូ​ជន​រងគ្រោះ​ខ្ទាត​ទៅ​កណ្តាល​ផ្លូវ​ ក៏ត្រូវបានរថយន្តមិនស្គាល់ម៉ាកបានបើក​បុក​ម៉ូតូ​ជន​រងគ្រោះ​បន្ថែម​ទៀត​បណ្តាល​ឲ្យ​រងការ​ខូចខាត​ផ្នែក​ខាង​ក្រោយ​យ៉ាង​ធ្ងន់ធ្ងរ​ ។

បើតាមប្រជាពលរដ្ឋខ្លះ​និយាយថាសង្ស័យជារថយន្តបើក​បុក​ពី​ក្រោយ​បណ្តាល​ឲ្យ​ជន​រង​គ្រោះខ្ទាត​ទៅ​បុក​ខឿន​បង្កាន់​ដៃ​បណ្ដាល​ឲ្យ​ស្លាប់​បែប​នេះ​។ ទោះ​ជា​យ៉ាង​ណា​ សមត្ថកិច្ចជំនាញនឹងស្រាវជ្រាវមើលតាម​កាមេរ៉ាសុវត្ថិភាពនៅកន្លែងកើត​ហេតុ​ ដើម្បីចង់​ដឹង​ថា​ តើជនរងគ្រោះ​ស្លាប់​ដោយ​ជិះ​ម៉ូតូ​បុក​ខឿន​បង្កាន់​ដៃ​ស្ពាន​ឬមានរថយន្តបើកបុក​ម៉ូតូ​ជន​រងគ្រោះ​។

...

ក្រោយពេលកើត​ហេតុ ដោយសារមិន​បាន​ស្គាល់​អត្តសញ្ញាណ​ជនរងគ្រោះ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែនជ័យ​ដេីម្បី​យក​សព​ទៅ​តម្កល់​នៅ​វត្ត​ទឹក​ថ្លា​​រង់ចាំ​សាច់ញាតិមកទទួលយកទៅធ្វើបុណ្យ។ ចំណែក​ម៉ូតូ​ជន​រងគ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​ចោមចៅ​ទី​៣​សិន​រង់ចាំ​ប្រគល់​អោយ​ក្រុម​គ្រួសារ​ជនរងគ្រោះ​វិញ​ ៕ ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print