ភ្នំពេញ ៖ កាលពី ២០ឆ្នាំមុន កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ (ACCSM)។ ពេលនេះ កម្ពុជាគឺជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ សារជាថ្មី ជាមួយភាពជាអ្នកដឹកនាំលើការងារសំខាន់ៗជាច្រើន។
កិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ “ASEAN Conference on Civil Service Matters (ACCSM)” ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៨១។ ក្រោយចូលជាសមាជិកអាស៊ាន កម្ពុជាបានចូលជាសមាជិក ACCSM ក្នុងឋានៈជាអ្នកសង្កេតការណ៍នៅឆ្នាំ២០០០ នៅប្រទេសថៃ។ មួយឆ្នាំបន្ទាប់ កម្ពុជាបានចូលជាសមាជិកពេញសិទ្ធនៅឆ្នាំ២០០១ ក្នុងកំឡុងពេលនៃកិច្ចប្រជុំ ACCSM លើកទី១១ ដែលប្រព្រឹត្តទៅនៅប្រទេសវៀតណាម។
កម្ពុជា ធ្លាប់បានធ្វើជាប្រធានប្តូរវេនរៀបចំកិច្ចប្រជុំ ACCSM លើកទី១៣ សម្រាប់ឆ្នាំ២០០៥-២០០៦ ដើម្បីជំរុញការគ្រប់គ្រងធនធានមនុស្សក្នុងសេវាសាធារណៈជាដៃគូយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍជាតិ ក្រោមប្រធានបទ៖ គំរូថ្មីសម្រាប់បរិបទអាស៊ាន (New Paradigm for ASEAN Context)។ កិច្ចប្រជុំ ACCSM លើកទី១៣ កាលពីថ្ងៃទី២០-២១ ខែធ្នូ ឆ្នាំ២០០៥ នៅរាជធានីភ្នំពេញ ទទួលបានការអញ្ជើញជាកិត្តិយសបើកដ៏ខ្ពង់ខ្ពស់ដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ដោយឡែកកិច្ចប្រជុំប្រមុខ ACCSM លើកទី១៣ កាលពីថ្ងៃទី០៥-០៦ ខែកញ្ញា ឆ្នាំ២០០៦ នៅខេត្តសៀមរាប ដឹកនាំដោយលោកកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន អតីតរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។
សម្រាប់អាណត្តិ ឆ្នាំ២០២៤-២០២៦ កម្ពុជា បំពេញតួនាទីជាម្ចាស់ផ្ទះ កិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ ASEAN Conference on Civil Service Matters (ACCSM) លើកទី២៣ និងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានបូកបី (ACCSM+3) លើកទី៨។ លើសពីការរៀបចំកិច្ចប្រជុំធំៗ ដែលកម្ពុជានឹងដឹកនាំរៀបចំផែនការសកម្មភាពមុខងារសាធារណៈអាស៊ាន ២០២៦-២០៣០ រួមជាមួយការសម្របសម្រួល និងកម្មវិធីអមជាច្រើនទៀត៕
ដោយ ៖ សិលា