ភ្នំពេញ ៖ ប្រមុខរដ្ឋាភិបាលឱ្យក្រុមអ្នករិះគន់បង្ហាញឯកសារទាក់ទងនឹងការ លក់ព្រលាន យន្តហោះពោធិ៍ចិនតុងទៅឱ្យក្រុមហ៊ុនឯកជន។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បញ្ជាក់ថា ៖ លេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលនៅតែជាស្ថាប័ន គ្រប់គ្រង ហើយ ក្រុមហ៊ុន CSA ដែលកន្លងមក គឺជាដៃគូប្រតិបត្តិប៉ុណ្ណោះ។
ទ្រព្យសម្បត្តិនៅ ព្រលាន ចាស់ ត្រូវបាន ការពារយ៉ាងម៉ត់ចត់ ហើយ នឹងត្រូវបាន ប្រើ ប្រាស់ សម្រាប់ការចុះចតបន្ទាន់ (Emergency Landing) ជាពិសេសឧទ្ធម្ភាគចក្រ។
សម្ដេចមហាបវរធិបតី នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអំពាវនាវដល់អ្នកដែលមានឯកសារបញ្ជាក់ពីការលក់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ(ព្រលានយន្តហោះពោធិ៍ចិនតុង)យកមកបង្ហាញសម្ដេច។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា ទាំងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្ដេចផ្ទាល់(សម្ដេចមហាបវរធិបតី)ជានាយករដ្ឋមន្ត្រីបច្ចុប្បន្ន គឺមិនដែលបានអនុញ្ញាតឱ្យមានការផ្ទេរទៅឱ្យឯកជន ឬ លក់ទៅឱ្យឯកជននោះឡើយ។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បញ្ជាក់ថា ការរក្សាទុកនូវព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង គឺដើម្បីការពារក្នុងករណីដែលព្រលានយន្តហោះថ្មី ចៃដន្យមានបញ្ហាណាមួយកើតឡើងគឺអាចយកព្រលានយន្តហោះចាស់នេះ ប្រើប្រាស់ជំនួសវិញបាន។ ក្រៅពីនេះព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុងនឹងរក្សាទុកជាផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងជាទ្រព្យសម្បត្តិរបស់រដ្ឋមិនលក់ឱ្យជារបស់ឯកជនឡើយ ដោយធ្វើយ៉ាងណារក្សាទីតាំងព្រលានយន្តហោះចាស់នេះទុក ជាទីតាំងប្រវត្តិសាស្រ្ដ ៕
ដោយ ៖ សិលា