ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញដឹកនាំអង្គប្រជុំត្រួតពិនិត្យផែនការការពារសន្តិសុខ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ អនុវត្តបទបញ្ជា លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥ នៅទីបញ្ជាការស្រាលមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយផែនការការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ពិធីសមយុទ្ធនាគមាស-២០២៥ ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌»។

កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នឹងចាប់ផ្តើមដំណើរការហ្វឹកហាត់សមយុទ្ធរួមគ្នា មិត្តភាពកម្ពុជា-ចិន នាគមាស-២០២៥(DRAGON GOLD-2025) ពីថ្ងៃទី១៤-២៨ ខែឧសភា ឆ្នាំ២០២៥ ។

ពិធីបើកសមយុទ្ធនាគមាស ឆ្នាំ២០២៥នេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងឧត្តមសេនីយ៍ ថ្នាក់ដឹកនាំតំបន់ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជុំសែនរីករាយ)។
ចំណែកឯពិធីបិទសមយុទ្ធលើសមុទ្រ ដែលជាផ្នែកមួយនៃសមយុទ្ធនាគមាស-ឆ្នាំ២០២៥ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការដឹកនាំធ្វើលំហាត់ និងសមយុទ្ធកងយោធពលខេមរភូមិន្ទ នៅមូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាម។

ចំពោះពិធីបិទសមយុទ្ធរួមគ្នានាគមាស ឆ្នាំ២០២៥ នឹងប្រព្រឹត្តិទៅនាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ អធិបតីភាព នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅទីលានបាញ់គ្រាប់ពិត មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជការដ្ឋាននៃកងយោធពលខេមរភូមិន្ទ អគ្គស្នងការដ្ឋាននគរបាលជាតិ សេនានុពន្ធ័ អនុពន្ធយោធាបរទេសប្រចាំនៅកម្ពុជា នាយទាហានជាន់ខ្ពស់កងទ័ពរំដោះប្រជាជនចិន ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ។

ពាក់ពន្ធ័នឹងទីកន្លែងសមយុទ្ធលើគោក និងអាកាស គឺនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង រីឯសមយុទ្ធសមុទ្រ និងអាកាស គឺនៅលើផ្ទៃសមុទ្រ និងដែនអាកាសកម្ពុជា ក្នុងតំបន់ខេត្តព្រះសីហនុ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់នាយសេនាធិការរង ស្នងការ ស្នងការរង មេបញ្ជាការគ្រប់អង្គភាពចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី-ខេត្តដែលមានការពាក់ពន្ធ័នៅក្នុងផែនការសន្តិសុខផងដែរ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print