ករណីជនជាតិចិនម្នាក់ផ្ទុះអាវុធចំនួន២គ្រាប់ ខឹងសន្តិសុខហាមមិនឲ្យជក់បារី ប្រឈមជាប់​ពន្ធនាគារ​ ពី៦ខែទៅ ទៅ២ ឆ្នាំ

ចែករំលែក៖

ភ្នំពេញ៖ លោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជាអ្នកនាំ ពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ នេះ បានឲ្យដឹងថា ករណីជនជាតិចិនម្នាក់ផ្ទុះអាវុធចំនួន២គ្រាប់ ខឹងសន្តិសុខហាមមិនឲ្យជក់បារី ត្រូវបានតំណាងអយ្យការបើកការស៊ើបសួរលើជនសង្ស័យឈ្មោះ លី ជែម៉ុង ភេទប្រុស ពីបទ.កាន់កាប់ ប្រើប្រាស់ លក់ ទិញ នូវអាវុធគ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត តាមមាត្រា២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ ។

យោងតាមមាត្រា ២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ ជនណាដែលបំពាក់ដាក់តាមខ្លួន កាន់កាប់ ប្រើប្រាស់ លក់ ទិញឲ្យខ្ចី ផ្ទេរ ចែកចាយ ជួល កែច្នៃតម្លើង ជួសជុល នូវអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទដោយគ្មានការអនុញ្ញាត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ដល់ ២ឆ្នាំ និងត្រូវពិន័យជាប្រាក់ពី ៥០ ម៉ឺនដល់២ លានរៀល ដោយពុំទាន់គិតពីបទល្មើសព្រហ្មទណ្ឌផ្សេងទៀត ។  

 សូមជម្រាបថា ៖ បុរសជនជាតិចិនខាងលើ ត្រូវបានកម្លាំងសមត្តកិច្ចនប៉ុស្តិ៍នគរបាលរដ្ឋបាលបឹង នៃអធិការដ្ឋាននគរបាលខណ្ឌ៧ មករា ធ្វើការឃាត់ខ្លួន បន្ទាប់ពីផ្ទុះអាវុធចំនួន០២គ្រាប់ ដោយបា ញ់គំរាមសន្តិសុខ ដែលហាមមិនឲ្យជក់បារីពេលចូលក្នុងភោជនីយដ្ឋានផឹកស៊ី ។ ហេតុការណ៍នោះបង្កឡើងកាលពីវេលាម៉ោង២ និង៥០ នាទី រំលងអាធ្រាតឈានចូលថ្ងៃទី១១ ខែឧសភា ឆ្នាំ២ ០២៥ នៅចំណុចមុខហាងចិនមួយកន្លែងយីហោ (ផ្ទះបាយ ជៀ ស៊ាំង) ស្ថិតនៅផ្លូវ២៣២ កែង១១១ សង្កាត់បឹងព្រលិត ខណ្ឌ៧ មករា រាជធានីភ្នំពេញ ។ ជនបង្កមានឈ្មោះ លី  ជែម៉ុង ភេទប្រុសអាយុ៣៤ ឆ្នាំ មុខរបរ ជាបុគ្គលិក ហួយវ័នផេ និងស្នាក់នៅបន្ទប់លេខ៥០៤ ជាន់ទី៥ អគារហួយវ័នផេ សង្កាត់បឹងព្រលឹត ខណ្ឌ៧ មករា ។ តាមសាក្សីបុគ្គលិកហាងលក់ដូរខាងលើបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនជាតិចិនម្នាក់នោះ ដកបារីចេញពីហោប៉ាវរួចទាញដែកកេះអុចបម្រុងជក់ ប៉ុន្តែឃើញដូច្នោះសន្តិសុខយាមនៅទីនោះ ក៏បានដើរទៅហាមមិនជក់បារីនៅពេលចូលក្នុងភោជនីយដ្ឋាន ។ ភ្លាមៗ នោះបុរសជាជនជាតិចិនស្រាប់ តែទាញកាំភ្លើងខ្លីចេញពីចង្កេះ បាញ់ឡើងលើចំនួន០២គ្រាប់ជាការបាញ់គម្រាមសន្តិសុខ ធ្វើឲ្យមានការភ្ញាក់ផ្អើលឈូឆរ ស្របពេលនោះបុគ្គលិកបម្រើការងារនៅហាង បានរាយការណ៍ទៅសមត្តកិច្ចឲ្យចុះជួញអន្តរាគមឃាត់ខ្លួន និងឃាត់ខ្លួនខ្មាន់កាំភ្លើងយកទៅសាកសួរ ។ ជាក់ស្តែងសមត្តកិច្ចបានដកហូតសម្ភារៈ និងវត្ថុតាងរួមមាន ៖

.អាវុធខ្លីម៉ាក GLOCK19 មួយដើម

.គ្រាប់កាំភ្លើងចំនួន០៨ គ្រាប់

.សំបកគ្រាប់ចំនួន០២ គ្រាប់

.នឹងទូរស័ព្ទដៃម៉ាកអាយIPHONE 7 ពណ៌ផ្កាឈូក ១គ្រឿង

.ទូរស័ព្ទដៃម៉ាក IPHONE 15promax ពណ៌ខ្មៅ ១គ្រឿង ។ 

 ជនសង្ស័យត្រូវបានសមត្តកិច្ចនគរបាលខណ្ឌ៧មករា កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕ ដោយ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print