ភ្នំពេញ៖ មានការភ្ញាក់ផ្អើលទាំងព្រឹក ពេលគេប្រទះឃើញបុរសជនជាតិអ៊ិស្លាមម្នាក់ចង កសម្លាប់ខ្លួននៅលើដើមត្របែក ក្នុងបរិវេណកន្លែងហាលត្រី ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង០០នាទីព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ច្រាំងចំរេះទី០១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ ផា រីម ភេទប្រុស អាយុ៤២ឆ្នាំ ជាជនជាតិអ៊ិស្លាម មុខរបរអ្នកលាងត្រី បច្ចុប្បន្នរស់នៅទីតាំងកើតហេតុខាងលើ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ មានពលរដ្ឋបានយកត្រីមកហាលជាធម្មតា។ ពេលកំពុងតែហាត្រី
សុខៗ ក៏ក្រឡេកមើលទៅលើដើមត្របែកឃើញមានមនុស្សចង ក ស្លាប់បាត់ទៅហើយបង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋនាំគ្នាចោមរោមមើល។
តាមប្រភពព័ត៌មានពីអ្នកដែលស្គាល់ជនរងគ្រោះបានប្រាប់ថា ជនរងគ្រោះខាងលើ សព្វថ្ងៃគ្មានប្រពន្ធកូនទេមានតែបងប្អូន រាល់ថ្ងៃជាអ្នកលាងត្រីអោយគេ។ កាលពី២ទៅ៣ថ្ងៃមុនគេបានឃើញគាត់អង្គុយតែម្នាក់ឯងស្រងូតស្រងាត់ និងបាននិយាយប្រាប់ពីបញ្ហាផ្ទាល់ខ្លួន ដោយគាត់ប្រាប់ទៅគេឯងថា គាត់ពិបាកចិត្ត លុះមកដល់ព្រឹកថ្ងៃទី១៧ ខែឧសភានេះ ក៏ស្រាប់តែឃើញគាត់ចង ក សម្លាប់ខ្លួនជាប់នឹងដើមត្របែកបាត់ទៅហើយ។
បន្ទាប់មកប្រជាពលរដ្ឋក៏បាននាំគ្នាឡើងលើដើមត្របែកកាត់ខ្សែទម្លាក់សពជនរងគ្រោះចុះក្រោម យកទៅវិហារដើម្បីធ្វើបុណ្យតាមប្រពៃណីជនជាតិអ៊ិស្លាម ៕
ដោយ ៖ ភារ៉ា ដង្កោ