សម្ដេចធិបតី៖រាល់ការបុកមនុស្សស្លាប់ដោយមានជាតិស្រវឹង គឺត្រូវអនុវត្តច្បាប់គោលការណ៍នេះមិនមែនសងលុយហើយរួចខ្លួននោះទេ

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលឱ្យមានមនុស្សស្លាប់ និងរបួស គឺនាយករដ្ឋមន្រ្តី តែងតែតាមដានជាប់ជានិច្ច។ នេះជាការអះអាងរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅក្នុងពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា នៅក្នុង«វិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ” ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១៧ ឧសភា។

ករណីបើកបរបុកគេស្លាប់ មិនមែនត្រឹមបង់លុយសង់គេហើយ រួចខ្លួននោះទេ»។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន ម៉ាណែត ដែលបានសង្កត់ធ្ងន់ថា ទោះជាមន្ត្រីក៏ដោយ ក៏ត្រូវអនុវត្តទោសច្បាប់ដែរ ក្នុងករណីបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមនុស្សស្លាប់នេះ។
ប្រមុខរដ្ឋាភិបាល ថ្លែងបែបនេះ ក្រោយពីមានករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យមនុស្សស្លាប់ និងរបួស កាលពីថ្ងៃទី១៥ ឧសភា ដែលបង្កឡើងដោយបុគ្គលឈ្មោះ ហ៊ុន ហេង ប្រធានការិយាល័យភស្តុភារនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

បើតាមសម្ដេច ហ៊ុន ម៉ាណែត កន្លងមកក៏មានករណីមន្ត្រីនៅតាមក្រសួងផ្សេងៗទៀត ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យមានអ្នកស្លាប់ និងរបួសដែរ ហើយពួកគេក៏កំពុងជាប់អនុវត្តទោសតាមច្បាប់ នៃកម្រិតបទល្មើសគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅខាងមុខក្រសួងមហាផ្ទៃ។

«យើងអនុវត្តគោលការណ៍ដូចគ្នាទាំងអស់ គឺកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដោយប្រើពេលយ៉ាងយូរ៤៨ម៉ោង»។ សម្ដេចធិបតីបាន សង្កត់ធ្ងន់ដូច្នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត តែងតែយកចិត្តទុកដាក់តាមដានលើករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមានមនុស្សស្លាប់ និងរបួសនេះ ដើម្បីកំណត់ការអនុវត្តទោសឱ្យបានត្រឹមត្រូវដូចគ្នា។ សម្ដេចធិបតី ក៏អំពាវនាវឱ្យពលរដ្ឋទុកចិត្តលើប្រព័ន្ធយុត្តិធម៌កម្ពុជាផង។ ប្រមុខរដ្ឋាភិបាល បានបន្ថែមថា៖«យើងអនុវត្តដូចគ្នាទាំងអស់ លុយសំណងត្រូវតែបង់ ហើយប្រឈមមុខនឹងផ្លូវច្បាប់ត្រូវតែមាន»។

លោក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅលើហ្វេសប៊ុករបស់ខ្លួនថា ឈ្មោះ ហ៊ុន ហេង ប្រធានការិយាល័យភស្តុភារនៃស្នងការនគរបាលជាតិ ត្រូវបានរៀបចំនីតិវិធីបញ្ជូនទៅតុលាការនាព្រឹកនេះ ព្រមទាំងអនុវត្តនៅបទពិន័យនគរបាលជាតិកម្ពុជា ដោយបណ្ដេញចេញពីក្របខ័ណ្ឌផងដែរ។

« ច្បាប់មិនបានបែងចែកវណ្ណៈនោះទេ គឺអនុវត្តដូចគ្នា ស្មើភាពគ្នា ខ្ញុំមិនដែលលើកលែងទេ»។ នេះបើតាមលោក ជួន ណារិន្ទ។
ត្រូវចាំថា ៖ គ្មានទេទៀតទេ ករណីបុកគេស្លាប់ហើយបង់លុយរួចខ្លួន! អ្នកដែលបង្កគ្រោះថ្នាក់ចរាចរណ៍ គឺត្រូវឲ្យមានការទទួលខុសត្រូវយ៉ាងម៉ឺងម៉ាត់តាមផ្លូវច្បាប់ចៀសវាងដាចខាតបុកគេស្លាប់ហើយបង់លុយរួចខ្លួន។ នេះជាប្រសាសន៍ របស់លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ។
ប្រមុខរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត សូមឱ្យបងប្អូនប្រជាពលរដ្ឋ មានទំនុកលើសមត្ថកិច្ច ប្រព័ន្ធតុលាការ ព្រោះអ្នកបើកបរស្រវឹងបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យស្លាប់មនុស្ស សម្តេចក៏តាមដានដែរ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print