លោកអភិសន្តិបណ្ឌិត ថ្លែងថា ការធ្វើវិបស្សនាពិតជារួមចំណែកយ៉ាងសំខាន់ក្នុងការអប់រំផ្លូវចិត្ត ប្រជាពលរដ្ឋទូទៅ និងព្រះសង្ឃ!

ចែករំលែក៖

ខេត្តព្រៃវែង ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានមានប្រសាសន៍ថា ការធ្វើវិបស្សនា គឺជាវិធីសាស្រ្តបច្ចេកទេសបង្វឹកចិត្ត និងអារម្មណ៍ ដើម្បីស្វែងយល់នូវសភាពជាក់ស្តែងនៃជីវិត តាមរយៈការសង្កេតមើលប្រកបដោយសមាធិ និងការយល់ឃើញ ដែលបង្កើនការយល់ដឹង និងការសម្រាកផ្លូវចិត្តរបស់មនុស្ស ទាំងព្រះសង្ឃ និងពុទ្ធបរិស័ទ ដែលជាយន្តការយ៉ាងសំខាន់មួយក្នុងការប្រើប្រាស់ជីវិតប្រចាំថ្ងៃ។

ការថ្លែងរបស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី បានធ្វើឡើងនាឱកាសអញ្ជើញជាអធិបតី ជាមួយលោកស្រី កែ សួនសុភី ស សុខា ក្នុងពិធីបុណ្យសម្ពោធសាលាវិបស្សនា នៅវត្តពោធីរតនារាម ហៅវត្តត្នោត ស្ថិតក្នុងភូមិត្នោត ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ។

លោកអភិសន្តិបណ្ឌិត ថ្លែងថា សាលាវិបស្សនានេះ នឹងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយវិស័យសាសនានៅកម្ពុជា និងលើកកម្ពស់ការយល់ដឹងអំពើបច្ចេកទេសការធ្វើវិបស្សនា សម្រាប់ព្រះសង្ឃគ្រប់ព្រះអង្គ ក៏ដូចជាពុទ្ធបរិស័ទជិត ឆ្ងាយ និងជាពិសេស អ្នកដែលមានវិបត្តិផ្លូវចិត្ត មានវិបត្តិស្មុគស្មាញក្នុងជីវិតរស់នៅប្រចាំថ្ងៃ ដែលបណ្ដាលមកពីកត្តាជាច្រើន ទាំងសម្ពាធគ្រួសារ និងវិបត្តិសេដ្ឋកិច្ច។

លោកអភិសន្តិបណ្ឌិត បានបន្ថែមទៀតថា «ការអប់រំផ្លូវកាយ និងផ្លូវចិត្តនេះបានលើកកម្ពស់ ការអប់រំសីលធម៌ ជាពិសេសដល់យុវជនជំនាន់ក្រោយ ឱ្យមានការយល់ដឹង ពីអំពើល្អ និងអំពើអាក្រក់ ដោយឃើញសារសំខាន់នេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃកម្ពុជា បានបន្តយកចិត្តទុកដាក់ក្នុងការលើកស្ទួយវិស័យសាសនាឱ្យមានការអភិវឌ្ឍ   និងបង្កើនការផ្សព្វផ្សាយបន្តទៀត ទាំងផ្នែកវប្បធម៌ ការអប់រំ សុខាភិបាល សង្គមកិច្ច និងសីលធម៌សង្គម »។

ថ្លែងពីវេទិកានោះដែរ លោកអភិសន្តិបណ្ឌិត បញ្ជាក់ថា ទោះបីជាប្រទេសកម្ពុជាជ្រើសយកសាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋក៏ដោយ ប៉ុន្តែប្រទេសកម្ពុជាផ្តល់សិទ្ធិ និងបើកចំហ ឱ្យប្រជាពលរដ្ឋរបស់ខ្លួនជ្រើសរើសសាសនាដែលខ្លួនស្រឡាញ់ គោរព និងប្រតិបត្តិ និងបើកឱកាសឱ្យប្រជាពលរដ្ឋប្រារព្ធឡើងនូវកម្មវិធីសាសនាផ្សេងៗដទៃទៀតផងដែរ និងថា តាមរយៈការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមម្លប់សន្តិភាព កម្ពុជាមានកាលានុវត្តភាព សមត្ថភាពគ្រប់គ្រាន់ ដើម្បីបង្កើនល្បឿននៃការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងវិស័យសាសនា។

សូមបញ្ជាក់ថា សាលាវិបស្សនាដែលប្រារព្ធពិធីសម្ពោធនាឱកាសនេះ មានទំហំ១៥ម៉ែត្រ គុណ ៣៣.៨០ម៉ែត្រ ចាប់ផ្ដើមសាងសង់នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ចំណាយទឹកប្រាក់ចំនួន ១៥៣.៥០០ដុល្លា ជាអំណាយដ៏ថ្លៃថ្លារបស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី ស សុខា៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print