លោកអភិសន្តិបណ្ឌិត សុខា ផ្ញើសារថ្លែងអំណរគុណ ផ្ញើជូនថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អាជ្ញាធរដែនដីមានសមត្ថកិច្ច គណៈកម្មការ អនុគណៈកម្មការទាំង ៦ ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ គ្រប់ប្រភេទ សិក្ខាកាម និងនិស្សិតនគរបាលជាតិ

ចែករំលែក៖

ភ្នំពេញ ៖ សារថ្លែងអំណរគុណ ផ្ញើជូន

ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អាជ្ញាធរដែនដីមានសមត្ថកិច្ច គណៈកម្មការ អនុគណៈកម្មការទាំង ៦ ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ គ្រប់ប្រភេទ សិក្ខាកាម និងនិស្សិតនគរបាលជាតិ !

តាងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អាជ្ញាធរដែនដីមានសមត្ថកិច្ច គណៈកម្មការ អនុគណៈកម្មការទាំង ៦ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធគ្រប់ប្រភេទ សិក្ខាកាម និងនិស្សិតនគរបាលជាតិទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ និងប្រាជ្ញាស្មារតី ប្រកបដោយឆន្ទៈ និងការប្តេជ្ញាចិត្តដ៏ មោះមុត ក្នុងការចូលរួមចាត់តាំងអនុវត្តការរៀបចំព្រឹត្តិការណ៍ខួបអនុស្សាវរីយ៍ លើកទី៨០ ថ្ងៃកំណើត នគរបាលជាតិកម្ពុជា ដែលបានប្រព្រឹត្តទៅនាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ខ្ញុំសូមថ្លែងអំណរគុណដោយស្មោះចំពោះកិច្ចសហការដ៏ល្អ ប្រកបដោយការយោគយល់ខ្ពស់ពី បណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលបានបង្កលក្ខណៈសម្បត្តិ និងលក្ខខណ្ឌសមស្រប ព្រមទាំងជួយឧបត្ថម្ភ គាំទ្រតាមគ្រប់លទ្ធភាព ដើម្បីបម្រើដល់ការរៀបចំ និងដំណើរការប្រព្រឹត្តទៅដោយរលូនតាមការគ្រោងទុក នៃព្រឹត្តិការណ៍ជាតិដ៏មានសារៈសំខាន់នេះ ដោយរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀប រៀបរយយ៉ាងល្អប្រសើរគួរជាទីមោទនៈ ។

ទន្ទឹមនេះ ជោគជ័យដ៏ត្រចះត្រចង់នៃការប្រារព្ធទិវាដ៏មានអត្ថន័យ ជាប្រវត្តិសាស្ត្រនេះ ពិតជាមិន អាចកាត់ផ្តាច់បានពីការចូលរួមចំណែកយ៉ាងសកម្មផុលផុស និងប្រកបដោយការទទួលខុសត្រូវខ្ពស់ពី សំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ចំណុះឱ្យគណៈកម្មការ និងអនុគណៈកម្មការទាំង ៦ ដែលបានជួយជ្រោមជ្រែង និងពុះពារអនុវត្តភារកិច្ចយ៉ាងម៉ឺងម៉ាត់ និងហ្មត់ចត់ ស្របតាមផែនការដែល បានដាក់ចេញ និងតាមពេលវេលាកំណត់ ។ ខ្ញុំចាត់ទុកថា ការចូលរួមចំណែក និងការលះបង់ដ៏ធំថ្នាក់ ដឹកនាំ និងមន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ចំណុះឱ្យគណៈកម្មការ និងអនុគណៈកម្មការទាំង ៦ គឺជាការ ផ្តល់តម្លៃ និងការលើកស្ទួយនូវកិត្តិនាម កិត្យានុភាព ស្នាដៃ និងសមិទ្ធផល ដែលកងកម្លាំងនគរបាលជាតិបានតស៊ូពុះពារសម្រេចបានក្នុងដំណើរការស្តារ កសាង និងអភិវឌ្ឍសង្គមជាតិ ជាពិសេសគឺជាសក្ខីភាព នៃការទទួលស្គាល់នូវគុណបំណាច់ ប្រកបដោយគុណតម្លៃមិនអាចកាត់ថ្លៃបានរបស់បុព្វបុរសនគរបាល ជាតិ ដែលបានលះបង់ និងធ្វើពលិកម្មគ្រប់បែបយ៉ាង ព្រមទាំងបូជាអាយុជីវិត ក្នុងបុព្វហេតុជាតិ និង ប្រជាជនអស់រយៈពេល ៨ទស្សវត្សរ៍កន្លងមកនេះ ។ ខ្ញុំក៏សូមយកឱកាសនេះ សម្តែងនូវការកោតសរសើរ ដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះស្មារតីតស៊ូ ព្យាយាម និងអំណត់អត់ធ្មត់មិនខ្លាចនឿយហត់ពីសំណាក់ គ្រូនគរបាលជាតិ សិក្ខាកាម និងនិស្សិតនគរបាលជាតិទាំងអស់ ដែលបានយកចិត្តទុកដាក់បំពេញភារកិច្ច ដោយប្រកាន់ខ្ជាប់យ៉ាងគត់មត់នូវវិន័យ សីលធម៌ អាកប្បកិរិយាថ្លៃថ្នូរ និងហ្មត់ចត់ បង្កលក្ខខណ្ឌល្អប្រសើរ ដល់ការហ្វឹកហាត់ឱ្យប្រព្រឹត្តទៅបានត្រឹមត្រូវតាមក្បួនខ្នាតបច្ចេកទេស ។

ការសម្រេចបាននូវបេសកកម្មដ៏មានអត្ថន័យនេះ មិនត្រឹមតែទទួលបានការសាទរពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏បានរួមចំណែកលើកស្ទួយកិត្យានុភាព សក្តានុពល ឧត្តមានុភាព និង បង្កើនជំនឿទុកចិត្តកាន់តែខ្លាំងក្លាថែមទៀត មកលើសមត្ថភាព ភាពម្ចាស់ការ និងការទទួលខុសត្រូវក្នុង ភារកិច្ចរបស់នគរបាលជាតិកម្ពុជា ក្នុងនាមជាអង្គប្រតិបត្តិច្បាប់ស្នូលមួយយ៉ាងសំខាន់របស់ជាតិ ដែល មានកាតព្វកិច្ចថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។

ជាថ្មីម្តងទៀត ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណ និងសូមប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ ជូនថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អាជ្ញាធរដែនដីមានសមត្ថកិច្ច គណៈកម្មការ អនុគណៈកម្មការទាំង ៦ មន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធពាក់ព័ន្ធគ្រប់ប្រភេទ សិក្ខាកាម និងនិស្សិតនគរបាលជាតិទាំងអស់ សូមបានប្រកបដោយពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីបន្តបង្កើតស្នាដៃ និងសមិទ្ធផល ថ្មីៗថែមទៀតក្នុងបុព្វហេតុដ៏ឧត្តុង្គឧត្តមនៃ ជាតិ សាសនា ព្រះមហាក្សត្រ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print