ភ្នំពេញ ៖ ក្នុងរយៈពេល១១ថ្ងៃ គិតចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ម្សិលមិញនេះ កម្លាំងមានសមត្ថកិច្ចនៃក្រសួងមហាផ្ទៃ បានបន្តបង្រ្កាប និងបញ្ជូនក្រុមក្មេងទំនើងជាង១០ករណី ដោយឃាត់ខ្លួន និងបញ្ជូនមនុស្សជិត៦០នាក់ទៅពន្ធនាគារ។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ។
បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លទ្ធផលនៃការបង្រ្កាបក្រុមក្មេងទំនើង បានជាបន្តបន្ទាប់នេះគឺជាការបង្ហាញ អំពីការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីរក្សាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ស្របតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងការដឹកនាំអនុវត្តរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
សូមបញ្ជាក់ថា ប្រតិបត្តការបង្ក្រាបក្មេងទំនើងបានជិត៦០នាក់ ក្នុងរយៈពេល១១ថ្ងៃកន្លងមកនេះ គឺមាននៅក្នុងមូលដ្ឋាន រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ បាត់ដំបង បន្ទាយមានជ័យ រតនគីរី ក្រចេះ កំពុងចាម ត្បូងឃ្មុំ ព្រៃវែង កំពត និងខេត្តព្រះសីហនុ៕
ដោយ ៖ លោក សេង បូលីន មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ