ភ្នំពេញ÷ យោងតាមសេចក្តីប្រកាសព័ត៌មានកំពង់ផែស្វយ័តភ្នំពេញ នៅក្នុងរយៈពេល ៤ខែ ឆ្នាំ២០២៥ នេះ ទទួលបាននាវាសរុបប្រមាណ ១ ១៦៣ គ្រឿង និងមានបរិមាណ កុងតឺន័រឆ្លងកាត់ សរុបប្រមាណជាង ១៥៦ ពាន់ធីអ៊ីយូ (TEUs) កើនឡើងជិត ២៤ ភាគរយ បើធៀបរយៈដូចគ្នាឆ្នាំ ២០២៤។
តាមប្រកាសព័ត៌មាន របស់កំពង់ផែស្វយ័តភ្នំពេញ បានបង្ហាញអំពីលទ្ធផលអាជីវកម្ម និង សេវាកម្មដែលអនុវត្តសម្រាប់ខែមេសា ឆ្នាំ ២០២៥(ដែលពុំទាន់ធ្វើសវនកម្ម) ក្នុងនោះកំពង់ផែស្វយ័តភ្នំពេញទទួលបានបរិមាណនាវា សរុបប្រមាណ២៦៦ គ្រឿង កើនឡើងជាង១៧ភាគរយ និងទទួលបានបរិមាណកុងតឺន័រជាង ៣៤ ពាន់ធីអ៊ីយូ (TEUs) ថមថយជាង ៥ ភាគរយ និងមានបរិមាណទំនិញ-ប្រេងឥន្ធនៈឆ្លងកាត់ជិត ៤០ ម៉ឺនតោន ថយចុះប្រមាណជិត ៤ភាគរយបើធៀបរយៈដូចគ្នាឆ្នាំ២០២៤។
ចំណែកនៅក្នុងរយៈពេល ៤ ខែ ឆ្នាំ២០២៥ នេះវិញ, កំពង់ផែស្វយ័តភ្នំពេញ ទទួលបាននាវាសរុបចំនួន ១ ១៦៣ គ្រឿង កើនឡើងជិត ២៥ ភាគរយ ក្នុងនោះមានបរិមាណកុងតឺន័រឆ្លងកាត់ ១៥៦ ពាន់ធីអ៊ីយូ (TEUs) កើនឡើងជិត២៤ភាគរយ,បរិមាណទំនិញ-ប្រេងឥន្ធនៈ ឆ្លងកាត់ មានចំនួនជិត ១,៧ លានតោន កើនឡើជិត ២៤ ភាគរយ, បរិមាណនាវាដឹកអ្នកដំណើរចូល ១៧១ គ្រឿង កើនជាង ១ ភាគរយ និងមានចំនួនមនុស្សឆ្លង កាត់ ១៨ ពាន់នាក់ កើន ៨ ភាគរយ បើធៀបរយៈដូចគ្នាឆ្នាំ ២០២៤។
សូមបញ្ជាក់ថា នៅក្នុងមហាសន្និបាតភាគហ៊ុនិកលើកទី១០ របស់កំពង់ផស្វយ័តភ្នំពេញ ថ្មីៗនេះ,លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញ និងគាំទ្រកំពង់ផែស្វយ័តភ្នំពេញ យកចិត្តទុកដាក់បន្ថែមទៀត លើការពង្រីកចំណត ផែកុងតឺន័រ LM១៧ ជំហានទី៤ ដំណាក់កាលទី១ ដែលបានបញ្ចប់រួចរាល់ និងបន្តអភិវឌ្ឍដំណាក់កាលទី២ ដែលធ្វើឱ្យសមត្ថភាព ទទួលកុងតឺន័រ កើនឡើងរហូតដល់ ១ លាន TEUs ក្នុង១ឆ្នាំ។ ខណៈដែលចំណតផែរណបពហុបំណង LM២៦ បាននិងកំពុងប្រែក្លាយ ឱ្យទៅជាចំណតផែទទួលទំនិញជាកុងតឺន័រផងដែរ ដែលមានសមត្ថភាពផ្ទុកកុងតឺន័រ ៣០ ម៉ឺន TEUs ក្នុង១ឆ្នាំ៕