រដ្ឋបាលខេត្តកំពង់ចាមប្រារព្ធទិវានៃការចងចាំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ នៅមណ្ឌលឧក្រិដ្ឋកម្មភ្នំប្រុស

ចែករំលែក៖

ខេត្ត​កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម ក្រោមអធិបតីភាព លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២០ ខែឧសភាឆ្នាំ ២០២៥ នេះ បានប្រារព្ធទិវានៃការចងចាំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ និងមានការជួបជុំរាប់បាត្រព្រះសង្ឃចំនួន៧៩អង្គ ស្ថិតនៅមណ្ឌលឧក្រិដ្ឋកម្មភ្នំប្រុស និងដើម្បីឧទ្ទិសកុសលជូនដល់  វិញ្ញាណក្ខន្ធអ្នកស្លាប់ក្នុងរបបខ្មែរក្រហម។

ក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា ការប្រារព្ធពិធីទិវាជាតិនៃការចងចាំរបស់យើងនៅពេលនេះ ចំពេលដែលប្រទេសជាតិយើងកំពុងមានសុខសន្តិភាព ស្ថិរភាពយ៉ាងរឹងមាំ និងរក្សាបាននូវប្រក្រតីភាពនៃជីវភាពរស់នៅរបស់ប្រជាជន ខណៈសភាពការណ៍អន្តរជាតិ កំពុងវិវត្តន៍យ៉ាងស្មុគស្មាញ។ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងសមធម៌ ឈានទៅសម្រេចនូវចក្ខុវិស័យរយៈពេលមធ្យមរបស់កម្ពុជានៅឆ្នាំ២០៣០ និងរយៈពេលវែងនៅឆ្នាំ២០៥០ សូមឱ្យបងប្អូនប្រជាពលរដ្ឋ យុវជនចូលរួមអនុវត្តនូវចំណុចមួយចំនួនរួមមាន៖
ទី១- សូមចូលរួមជ្រែងខ្ពស់ទង់មហាសាមគ្គីជាតិក្រោមដំបូលរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមម្លប់នៃអង្ពព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីបង្រួបបង្រួមកម្លាំងសាមគ្គីប្រជាជាតិខ្មែរទាំងមូល ដោយឥតប្រកាន់ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ អតីតកាល ដើមកំណើតជាតិ ឋានៈ សង្គម ធនធាន ឬស្ថានភាពផ្សេងទៀត ដើម្បីកសាងសង្គម ។
ទី២- សូមចូលរួមថែរក្សាសន្តិភាព និងកេរដំណែលជាប្រវត្តិសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសភាពជោគជ័យក្នុងការអនុវត្តនយោបាយឈ្នះ =ឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាស្ថាបនិកមគ្គុទ្ទេសក៍ឯក ដែលបានបញ្ចប់សង្គ្រាមស៊ីវីលទាំងស្រុងនៅកម្ពុជា ធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងឯកភាពជាតិពេញលេញ។
ទី៣- សូមចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមតាមរយៈការចូលរួមអនុវត្តគោលនយោបាយ«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ឱ្យបានរឹងមាំ ទប់ស្កាត់និងកម្ចាត់រាល់ទម្រង់នៃនយោបាយ និងសកម្មភាពរបស់ពួកជ្រុលនិយម និងមជ្ឈដ្ឋានអគតិនានាដែលប៉ុនប៉ងនាំកម្ពុជាឱ្យឃ្លាតពីមាគ៌ាប្រជាធិបតេយ្យ នីតិរដ្ឋ បង្កការបាក់បែកជាតិ បំផ្លាញសន្តិភាព ស្ថិរភាពនយោបាយ និងដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ដើម្បីធានាការអភិឌ្ឍសេដ្ឋកិច្ច សង្គម និងភាពសុខសាន្តជូនប្រជាជនទាំងផ្លូវកាយនិងផ្លូវចិត្ត ។
ទី៤- សូមចូលរួមការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ប្រឆាំងដាច់ខាតរាល់សកម្មភាពធ្វើឱ្យប៉ះពាល់ដល់អង្គព្រះមហាក្សត្រជាទីគោរពសក្ការៈ បន្តពង្រឹងពង្រីកលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស នីតិរដ្ឋ ឱ្យចាក់គ្រឹះកាន់តែរឹងមាំពីថ្នាក់ជាតិរហូតដល់មូលដ្ឋាន ការពារ និងលើកស្ទួយសិទ្ធិសេរីភាពគ្រប់យ៉ាងរបស់ប្រជាជន។
ទី៥- សូមចូលរួមគាំទ្រ និងអនុវត្តគោលនយោបាយអាទិភាពនានារបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សំដៅរក្សាស្ថិរភាពក្នុងការរស់នៅរបស់ប្រជាជន តាមរយៈការអភិវឌ្ឍ និងការពង្រឹងប្រព័ន្ធគាំពារសង្គមដែលរួមមានប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម ប្រកបដោយប្រសិទ្ធភាព និងចីរភាព ដែលជួយគាំពារប្រជាជនគ្រប់រូប ជាពិសេសគ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ ពីគ្រោះអាសន្ននិងវិបត្តិនានា ដោយមិនទុកឱ្យជនណាម្នាក់ទទួលរងគ្រោះ ដោយពុំបានយកចិត្តទុកដាក់នោះឡើយ។
ទី៧- ដោយសារស្ថានភាពនៃការចម្លងវីរុសកូវីដ-១៩ នៅតែបន្តមាននៅឡើយ ដូចនេះខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ និងអង្គភាពសាធារណៈនិងឯកជន អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បន្តពួតដៃរួមគ្នាក្នុងការការពារសុខភាពរបស់បងប្អូន និងទីកន្លែងធ្វើការរបស់ខ្លួន ដោយមានការប្រុងប្រយ័ត្នខ្ពស់ និងមានភាពទទួលខុសត្រូវ បន្តអនុវត្តនូវវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន នូវវិធានអនាម័យដោយលាងដៃជាមួយសាប៊ូ ឬជាមួយអាល់កុល និងពាក់ម៉ាស់ក្នុងករណីចាំបាច់៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print