ភ្នំពេញ ៖ ក្នុងរយៈពេល១០ថ្ងៃ មន្រ្តីអាជ្ញាធរមានសមត្ថកិច្ចបានបន្តធ្វើសកម្មភាពផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពជាង៣ពាន់លើក។ បើតាមរបាយការណ៍ដែលក្រុមមន្រ្តីព័ត៌មាននៃក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃទទួលបាន ការផ្សព្វផ្សាយគោលនយោបាយនេះ បានធ្វើឡើងនៅតាមវេទិកាសាធារណៈ តាមខ្នងផ្ទះ សាលារៀន វត្តអារាម និងកម្មវិធីនានា ដែលមានប្រជាពលរដ្ឋចូលរួមសរុបជាង១សែននាក់។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ មានប្រសាសន៍ថា ការផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់ប្រជាជន ដើម្បីបំផុសឱ្យមានការចូលរួមទប់ស្កាត់អំពើរល្មើស បញ្ហាសង្គម ព្រមទាំងបង្កើនសុខដុមនីយកម្មក្នុងសង្គម។
សូមបញ្ជាក់ថា គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពមានលក្ខណៈសម្បត្តិ៧ រួមមាន ១.ការផ្ដល់សេវាសាធារណៈ ២.ទប់ស្កាត់បទល្មើសក្នុងសង្គម ៣.មានសណ្តាប់ធ្នាប់សាធារណៈល្អ ៤.គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ៥.ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ៦.ការងារអនាម័យនិងបរិស្ថាន និង៧.ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយនិងជំងឺរាតត្បាតកាចសាហាវ៕
ដោយ ៖ កញ្ញា សេង សុខហ៊ុន មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ