អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ ៖ សមត្ថកិច្ចកម្ពុជាកំពុងស្នើសុំកិច្ចសហការពីអាជ្ញាធរថៃ ដើម្បីចាប់ខ្លួនមុខសញ្ញាក្បត់ជាតិម្ចាស់ផេក «ស្ត្រី overseas» ដែលផ្សាយបំភ្លៃការពិតអំពីការចរចាពាណិជ្ជកម្មកម្ពុជា-អាមេរិក

ចែករំលែក៖

ភ្នំពេញ ៖ សមត្ថកិច្ចកម្ពុជា កំពុងរៀបចំនីតិវិធី ដើម្បីស្នើសុំ កិច្ចសហការពី អាជ្ញាធរថៃ ដើម្បីចាប់ខ្លួនមុខសញ្ញាក្បត់ជាតិដែលជាម្ចាស់ផេក «ស្ត្រី overseas» ដែលផ្សាយបំភ្លៃការពិតអំពីការចរចាពាណិជ្ជកម្មកម្ពុជា-អាមេរិក។ នេះជាការបញ្ជាក់ពី ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ ប្រាប់សារព័ត៌មាននៅយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ម្សិលមុិញ ។

លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់ដូច្នេះថា ផ្អែកតាមការស្រាវជ្រាវរបស់សមត្វកិច្ច យើងបានរកឃើញថា ម្ចាស់ផេក «ស្ត្រី oversea» គឺជាមុខសញ្ញាចាស់ ដែលធ្លាប់ធ្វើសកម្មភាពឃុបឃិតជាមួយគណបក្សប្រឆាំង ដើម្បីវាយប្រហាររាជរដ្ឋាភិបាល ញុះញង់ បំភ្លៃការពិតចំពោះព័ត៌មាននានា ដែលនាពេលបច្ចុប្បន្ន ជនបានភៀសខ្លួនទៅប្រទេសថៃ។

លោកថា ៖ ជននេះ មានឈ្មោះ ជូ ឈីន ភេទស្រី កើតនៅឆ្នាំ១៩៨៣ នៅឃុំរូងជ្រៃ ស្រុកបាត់ដំបង ខេត្តបាត់ដំបង បច្ចុប្បន្នស្នាក់នៅភូមិខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។

លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់បន្ថែមថា៖ «សមត្ថកិច្ចកំពុងតែចាត់ចែងនីតិវិធី ដើម្បីសុំកិច្ចសហការ ជាមួយអាជ្ញាធរថៃ ដើម្បីតាមចាប់ខ្លួន ជនរូបនេះមកផ្តន្ទាទោសតាមច្បាប់ ដែលកន្លងមក ជនរូបនេះ ក៏ធ្លាប់ជាមុខសញ្ញាតាមចាប់ខ្លួនពាក់ព័ន្ធនឹងបទរួមគំនិតក្បត់»។

សូមបញ្ជាក់ថា ជនខាងលើនេះ បានរត់គេចខ្លួន ក្រោយពេលប្រព្រឹត្តបទល្មើសរួមគំនិតក្បត់ នាពេលកន្លងទៅ។ ហើយបន្ទាប់ពីទៅដល់ប្រទេសថៃ ជននេះ បានបង្កើតបណ្តាញសង្គមជាច្រើនដើម្បីវាយប្រហាររាជរដ្ឋាភិបាល និងបំភ្លៃការពិតជាដើម ដែលក្នុងនោះមានដូចជា ស្ត្រី overseas , ស្ទឹងសម្ងាត់, ម៉ៅ បង និង Chhin Chou ជាដើម។
សូមបញ្ជាក់ថា ៖ រាជរដ្ឋាភិបាលប្តេជ្ញាការពារសន្តិភាព ស្ថិរភាពនយោបាយ ឯកភាពជាតិ ឯករាជ្យ អធិបតេយ្យជាតិ សន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈឱ្យបានកាន់តែរឹងមាំ ដើម្បីកសាង និងការពារមាតុភូមិកម្ពុជាឱ្យឈានទៅមុខ ឆ្ពោះទៅរកអនាគតដ៏រុងរឿង ក្លាយជាអរិយប្រទេសមួយនៅក្នុងតំបន់។
រាល់សមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបានកន្លងទៅនេះ គឺអាស្រ័យដោយមានការដឹកនាំខាងនយោបាយត្រឹមត្រូវ ប្រកបដោយឆន្ទៈមោះមុត មានការចូលរួមគាំទ្រពីសមាជិក សមាជិកានៃស្ថាប័ននីតិប្បញ្ញត្តិ សមាជិក សមាជិការាជរដ្ឋាភិបាល មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ កម្មករ កសិករ និយោជិត ធុរជន វិនិយោគិន យុវជន យុវនារី លោកគ្រូ អ្នកគ្រូ គ្រូពេទ្យ និស្សិតសិស្សានុសិស្ស និងប្រជាជនទូទាំងប្រទេស ព្រមជាមួយនឹងការជួយឧបត្ថម្ភគាំទ្រដោយចិត្តស្មោះសរពីបណ្តាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍនិងសហគមន៍អន្តរជាតិ សំដៅឈានទៅសម្រេចបាននូវបំណងប្រាថ្នារយៈពេលវែងរបស់ប្រជាជនកម្ពុជា ដែលចង់ឱ្យកម្ពុជាក្លាយជាប្រទេសមានមោទនភាពជាតិ មានអនាគតដ៏រុងរឿងភ្លឺស្វាងត្រចះត្រចង់ និងជារដ្ឋអធិបតេយ្យមួយរឹងមាំ ដែលគោរពខ្ជាប់ខ្ជួននូវគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋនិងមានសន្តិភាពពេញលេញ ព្រមទាំងមានកិត្យានុភាពខ្ពស់ត្រដែតលើឆាកអន្តរជាតិ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print