ភ្នំពេញ ៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានចាត់ទុកការឱ្យតម្លៃ«សន្តិភាព»នៅកម្ពុជា ជាគំរូសម្រាប់ពិភពលោក គឺជាមោទកភាពសម្រាប់ប្រជាជនកម្ពុជា ដែលធ្លាប់តែហែលក្នុងភ្លើងសង្គ្រាម ប្រែមកសុខសាន្តក្នុងសន្តិភាព ហើយថែមទាំងចូលរួមជួយរកសន្តិភាពសម្រាប់ពិភពលោកទៀតផង។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា រូបនេះ បានបញ្ជាក់ថា ៖ ការលើកឡើងរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិពេលនេះ គឺជាការទទួលស្គាល់នូវសច្ចភាពនៅកម្ពុជា ដែលប្រទេសនេះ រក្សាបាននូវសន្តិភាព ជាគំរូសម្រាប់ពិភពលោក ដែលត្រូវបានទទួលស្គាល់នៅលើឆាកអន្តរជាតិ។ វាជាមោទកភាពសម្រាប់ប្រជាជនរបស់យើង ជាតិសាសន៍របស់យើង ដែលធ្លាប់តែហែលក្នុងភ្លើងសង្គ្រាម ប្រែមកសុខសាន្តក្នុងសន្តិភាព ហើយថែមទាំងចូលរួមជួយរកសន្តិភាពសម្រាប់ពិភពលោកទៀតផង។
កន្លងមក នៅពេលបិតាសន្តិភាពកម្ពុជា សម្តេចតេជោ និងថ្នាក់ដឹកកម្ពុជា ព្រមទាំងពលរដ្ឋខ្មែរ និយាយសរសើរពីសន្តិភាព ត្រូវបានក្រុមជ្រុលនិយមខ្លះ បន្តុះបង្អាប់និងជេរវាយប្រហារ តែពេលនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក António Guterres សរសើរសន្តិភាពនៅកម្ពុជា សង្ឃឹមថា ពួកគេ កុំជេរលោកអគ្គលេខាធិការ ល្មមរៀនទទួលស្គាល់នូវសច្ចធម៌។ យ៉ាងណាក្តី ទោះជាពួកគេមិនពេញចិត្តនឹងសន្តិភាព ជេរអ្នកសរសើរសន្តិភាព ជេរអ្នករកសន្តិភាព រើសអើងចំពោះសន្តិភាព តែសន្តិភាពនៅកម្ពុជា មិនបានរើសអើងពួកគេឡើយ ដោយសន្តិភាពនេះ បានផ្តល់ផ្លែផ្កាដល់ប្រជាជនខ្មែរគ្រប់និន្នាការ រួមទាំងសាច់ញាតិរបស់ពួកគេផងដែរ។ សន្តិភាព បាននាំមាតុភូមិយើងដែលធ្លាប់តែកម្សត់ ឲ្យស្គាល់ភាពរីកចម្រើន ស៊ីវីល័យ និងរស់នៅដោយសុខដុមរមនាជាមួយគ្នា ក្នុងនាមជាមហាគ្រួសារខ្មែរ។
សូមបញ្ជាក់ថា ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសរសើរកម្ពុជាថា ជាគំរូដ៏ល្អក្នុងការរក្សាសន្តិភាព។ ការកោតសរសើរនេះ គឺធ្វើឡើង ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីស្តីពីអនាគតនៃការរក្សាសន្តិភាព ដែលធ្វើឡើងនៅទីក្រុងញូវយ៉ក កាលពីសប្តាហ៍មុន។ នេះបើយោងតាមការចុះផ្សាយក្នុងបណ្តាញសង្គមផ្លូវការរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា។
លោក Antonio Guterres ក្នុងនាមជាប្រមុខ អង្គការសហប្រជាជាតិបានសរសើរដល់កងរក្សាសន្តិភាពកម្ពុជា ចំពោះជំនាញ ការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តដើម្បីរក្សាសន្តិភាព។
យោងតាមប្រភពដដែរ បានលើកឡើងថា លោក Antonio Guterres បានថ្លែងចាត់ទុកកម្ពុជាដែល ធ្លាប់ជាប្រទេសដែលត្រូវបានបំផ្លាញដោយសារសង្រ្គាមស៊ីវិល តែពេលនេះ ប្រទេសកម្ពុជាកំពុងចូលរួមឈានមុខក្នុងបេសកកម្មរក្សាសន្តិភាពនៅទូទាំងពិភពលោក ដោយមានកងរក្សាសន្តិភាពជាង ៨,០០០ នាក់ចូលរួម ៕
ដោយ ៖ សិលា