កូនមេអំបៅមួយក្បាលដែលមានរូបឆោមលោមពណ៌ស្រស់ស្អាតបានហើរក្រេបលម្អងផ្កានៅក្នុងសួនច្បារយ៉ាងសប្បាយ។
ពេលកំពុងហោះហើរទុំលើផ្កាពីមួយទងទៅមួយទង កូនមេអំបៅនោះក្រឡេកឃើញសត្វដង្កូវមួយក្បាល កំពុងវារគើមៗ តោងផ្កាស្បៃរឿងយ៉ាងសប្បាយដូចខ្លួនដែរ។ ពេលឃើញដូច្នេះកូនមេអំបៅបានសើចចំអកដាក់កូនដង្កូវដោយពោលថា យី! បងដង្កូវឯងម៉េចក៏មានរូបរាងអាក្រក់និងគួរឲ្យខ្ពើមម៉្លេះ? ពូជអំបូរបងឯងអាក្រក់បែបហ្នឹងតាំងពីមុនមកឬ? បានឮកូនមេអំបៅមាក់ងាយដល់ខ្លួនយ៉ាងនេះសត្វដង្កូវហួសចិត្ត ព្រោះគិតថា មិនគួរណាមេអំបៅភ្លេចកំណើតរបស់ខ្លួន ដែលមុននឹងក្លាយជាមេអំបៅមានពណ៌ល្អឆើតនិងមានស្លាបហោះហើរបាននោះគឺវាប្រសូត្រចេញពីដង្កូវនេះឯង។ ដង្កូវបានតបទៅមេអំបៅវិញថា ” កាលពីប៉ុន្មានថ្ងៃមុនឯងក៏អាក្រក់ និងគួរឲ្យខ្ពើមដូចយើងដែរ ហើយទើបតែប៉ុន្មានថ្ងៃនេះ ឯងប្រែកាយទៅជាមេអំបៅសោះ ម៉េចក៏ឆាប់ភ្លេចកំណើតម៉្លេះ អាភ្លេចកំណើត?” មេអំបៅស្ដាប់ឮយ៉ាងដូច្នេះនៅស្ងៀមទ្រឹងលែងទទះស្លាប និងដោយទំនងជាភ្លេចខ្លួនអំពីកំណើតរបស់ខ្លួនកើតចេញពីដង្កូវនោះ ខ្មាសដង្កូវពេកក៏ហើរចេញបាត់ទៅ៕
ដោយ÷ ហុក បួន
គំនិតពិចារណា÷ បានរស់នៅក្នុងទ្រនំខ្ពស់ កុំភ្លេចទ្រនំទាប
