ភ្នំពេញ ៖ បុរសជនជាតិបរទេសម្នាក់បើករថយន្តក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ខណៈមកដល់ចំណុចផ្លូវបំបែកជាបួននៅក្នុងបុរីបានជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបណ្តាលឱ្យរងការខូចខាត ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៩និង១០នាទីយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងក្នុងបុរីទួលសង្កែ សង្កាត់ទួលសង្កែ០១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសជាជនជាតិបរទេសម្នាក់បើកបររថយន្តម៉ាក
អូឌី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF- 6300 ក្នុងល្បឿនលឿនតាមបណ្ដោយផ្លូវបេតុងក្នុងបុរីទួលសង្កែពីជើងទៅត្បូង លុះមកដល់ចំណុចផ្លូវបំបែកជាបួន រថយន្តខាងលើបានជ្រុលទៅបុកបង្គោលភ្លើងដែលខាងបុរីដាក់បំភ្លឺផ្លូវរងការខូចខាត។ ចំណែករថយន្តរងការខូចខាតកាងផ្នែកខាងមុខទាំងស្រុង តែសំណាងល្អមិនបង្កឱ្យនរណាម្នាក់រងរបួសឡើយ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើការសម្របសម្រួល ភាគីរវាងតំណាងបុរី នឹងម្ចាស់រថយន្តបង្ក ដោយខាងរថយន្តបង្កសម្រេចសងសំណងថ្លៃខូចខាតទៅកាន់បុរីហើយបានយករថយន្តទៅជួសជុលខ្លួនឯងដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕
ដោយ ៖ ភារ៉ា ដង្កោ