ភ្នំពេញ ៖ នៅម៉ោង៧:០០នាទីព្រឹក នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នាសាលាភូមិន្ទរដ្ឋបាល ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង អញ្ជើញមានវត្តមានដ៏ខ្ពង់ខ្ពស់ ដើម្បី ពិនិត្យដោយផ្ទាល់លើដំណើរការ របៀបរបប និងនីតិវិធីកែសន្លឹកកិច្ចការបេក្ខជន។ សន្លឹកកិច្ចការចំនួន៤១ច្បាប់ គឺជាសន្លឹកកិច្ចការរបស់បេក្ខជនដែលចូលរួមប្រឡងប្រជែងចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្រ្តី (វិញ្ញាសាសរសេរលើកទី២) ដែលទើបតែបញ្ចប់កាលពីថ្ងៃម្សិលមិញ។
សូមជម្រាបថា ក្នុងដំណើរការកែសន្លឹកកិច្ចការបេក្ខជន តាមរយៈការកាត់ក្បាលសន្លឹកកិច្ចការ ការចុះលេខ និងនីតិវិធីនានា គ្រប់ដំណាក់កាលទាំងអស់ ត្រូវស្ថិតក្រោមការឃ្លាំមើលជាប់ជាប្រចាំពីអង្គភាពប្រឆាំងអំពើពុករលួយ និងអនុគណៈកម្មការត្រួតពិនិត្យនិងវាយតម្លៃ ព្រមទាំងមានការចូលរួមពីអ្នកសង្កេតការណ៍តំណាងសាកលវិទ្យាល័យ និងសាធារណជនស្ម័គ្រចិត្ត ៕
ដោយ ៖ សិលា