សូមចូលរួមរំលែកទុក្ខ ! សពទ័ពមួកខៀវកម្ពុជា២នាក់ ដែលពលីនៅស៊ូដង់ខាងត្បូងក្រោមបុព្វហេតុមនុស្សធម៌ ក្រោមឆត្រ UN បានបញ្ជូនមកដល់មាតុភូមិហើយ នៅព្រលប់ថ្ងៃទី២៦ ខែឧសភានេះ!

ចែករំលែក៖

ភ្នំពេញ ៖ សពកងទ័ពមួកខៀវកម្ពុជាចំនួន ២រូប គឺសពអនុសេនីយ៍ឯក ដួង ម៉ាហ្គាលី និងសពអនុសេនីយ៍ទោ ផាត មុន្នី ដែលបានពលីអំឡុងពេលបំពេញបេសកកម្មក្នុងទីក្រុង Malakal នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង ត្រូវបានបញ្ជូនមកដល់មាតុភូមិវិញហើយ តាមជើងហោះហើរដែលរៀបចំដោយអង្គការសហប្រជាជាតិ នៅព្រលប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ ។

ពិធីទទួលសពយោធិនទាំង២រូបនេះ បានប្រព្រឹត្តធ្វើឡើងនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ ព្រមទាំងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិ នាយទាហាន នាយទាហានរង និងពលទាហាន នៃបណ្ដាប្រភេទទ័ព និងញាតិមិត្តក្រុមគ្រួសារនៃសពជាច្រើនរូប ដោយមានការរៀបចំពិធីបែបព្រះពុទ្ធសាសនា (ព្រះសង្ឃបង្សុកូល) ផងដែរ។

បន្ទាប់ពីរៀបចំពិធីទទួលសពរួចរាល់ សពយោធិនទាំង២រូប ត្រូវបានសាច់ញាតិរៀបចំបញ្ជូនទៅបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅវត្តជម្ពូវ័ន្ត និងវត្តក្បាលកោះ។

ក្នុងឱកាសនោះ ទទួលសពយោធិនទាំង២រូបនេះ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រួមជាមួយថ្នាក់ដឹកនាំក្រសួងការពារជាតិ នាយទាហាន នាយទាហានរង និងពលទាហាន បានស្មឹងស្មាធិ៍គោរពវិញ្ញាណក្ខន្ធយុទ្ធជនកម្ពុជាដែលបានពលីក្នុងតំបន់បំពេញបេសកកម្មមនុស្សធម៌ ក្រោមឆត្រ UN ដោយបានសម្តែងនូវការសោកស្តាយ ចំពោះការធ្វើពលីកម្មសាច់ស្រស់ ឈាមស្រស់នៅក្នុងបុព្វហេតុមនុស្សធម៌។

គួរឱ្យដឹងថា សពយោធិនមួកខៀវកម្ពុជាទាំង២រូប បានពលី កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅម៉ាឡាកាល់ ប្រទេសស៊ូដង់ខាងត្បូង ត្រូវបានបញ្ជូនតាមយន្តហោះ UN ឆ្ពោះទៅកាន់ព្រលានយន្តហោះអន្តរជាតិជូបា ដើម្បីបញ្ជូនបន្ត មកកាន់ប្រទេសកម្ពុជាវិញ។ 

គិតមកដល់ឆ្នាំ២០២៥នេះ កងទ័ពមួកខៀវកម្ពុជាបានស្លាប់ចំនួន១៣រូប ខណៈអ្នកធ្លាប់រងរបួសមាន ១៦រូប អំឡុងពេលបំពេញបេសកកម្មនៅតាមតំបន់គោលដៅផ្សេងៗ។ ចាប់ពីឆ្នាំ២០០៦-បច្ចុប្បន្ន មានចំនួន ៩,៨១៥នាក់ (នារី ៨៥៤នាក់) ទៅកាន់បេសកកម្មចំនួន១២ ក្នុងប្រទេសចំនួន១០ មានជាអាទិ៍៖ ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ឆាដ សាយប្រឺស ស៊ីរីម៉ាលី អាហ្រិ្វកកណ្តាល យេមែន និងកុងហ្គោ លើជំនាញបោសសំអាតមីន អាវុធហត្ថ ពេទ្យកម្រិត២ កម្ទេចគ្រាប់មិនទាន់ផ្ទុះ វិស្វកម្មព្រលានយន្តហោះ វិស្វកម្មសំណង់ផ្តេក-បញ្ឈរ នាយទាហានសេនាធិការ និងសង្កេតការណ៍។

បន្ទាប់ពីទទួលបានដំណឹងពលីរបស់កងទ័ពកម្ពុជាទាំង២រូប នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងក្រសួងការពារជាតិ បានចេញសាររំលែកនូវមរណទក្ខ ដោយបានរៀបរាប់ថា៖ «ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់នៃកងយោធពលខេមរភូមិន្ទ សូមចូលរួមរំលែកទុក្ខ និងសោកស្តាយចំពោះការបាត់បង់យោធិនចំនួន ០២រូប ដែលបានពលីក្នុងអំឡុងពេលបេសកកម្មក្នុងទីក្រុង Malakal នៃកងអនុសេនាធំរាជអាវុធហត្ថ ប្រចាំនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង»។ 

រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានគូសបញ្ជាក់ថា នេះជាការបាត់បង់យោធិនដ៏ឆ្នើមពីររូប ដែលបានធ្វើពលិកម្មដើម្បីបុព្វហេតុជាតិមាតុភូមិជាទីស្នេហា ចូលរួមថែក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ និងរួមសុខទុក្ខជាមួយប្រជាជនកម្ពុជារហូតដល់ថ្ងៃអវសាននៃជីវិត។ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ យោធិនទាំងពីររូប សូមស្ថិតក្នុងសុគតិភពជានិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។ 

សូមបញ្ជាក់ថា ៖ កម្ពុជាក៏បានអបអរសាទរខួប ៦៩ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ (UN) ។ 

 គឺនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ ជាខួប៦៩ឆ្នាំហើយ ដែលកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិ (UN) (១៤ ធ្នូ ១៩៥៥-១៤ធ្នូ ២០២៤) ។ អង្គការសហប្រជាជាតិ អ.ស.ប (United Nations-UN)គឺជាអង្គការអន្តរជាតិដែលធំជាងគេបំផុតក្នុងពិភពលោក ត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៤៥ ក្រោយសង្គ្រាមលោកលើកទី២ត្រូវបានបញ្ចប់ (១៩៣៩-១៩៤៥)។ 

គោលបំណង UN គឺការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ លើកស្ទួយសហប្រតិបត្តិការអន្តរជាតិក្រោមច្បាប់អន្តរជាតិ អភិវឌ្ឍផ្នែកសេដ្ឋកិច្ច ចូលរួមអន្តរាគមន៍ដោះស្រាយជម្លោះរវាងរដ្ឋជាសមាជិក និងបញ្ចៀសមិនអោយមានសង្គ្រាមលោក។ 

កម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពថែរក្សាសន្តិភាព ស្ថិរភាព ដែលក្នុងរយៈពេល ជាង១០ឆ្នាំកន្លងទៅនេះ កម្ពុជារបស់យើងបានបញ្ជូនកងទ័ពមួកខៀវ ទៅក្រៅប្រទេសជាច្រើននាក់ផងដែរ ក្នុងនោះកងទ័ពជាស្ត្រី ទាំងទ័ពបុរស ទៅកាន់ប្រទេសមួយចំនួនដូចជា ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល ស៉ីរី សាយប្រឹស ម៉ាលី។ល។ កងកម្លាំងទ័ពមួកខៀវកម្ពុជា ជាកម្លាំងជំនាញ ផ្នែកវិស្វកម្ម កម្លាំងពេទ្យកម្រិត២ កម្លាំងបោសសម្អាតមីន កម្លាំងអាវុធហត្ថ និងកម្លាំងកម្ទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ហើយកាលពីពេលថ្មីៗនេះ កម្ពុជាបានជាប់ជាប្រទេសនាំមុខគេដែលផ្តល់ឱកាសឲ្យនារីកងទ័ពមួកខៀវទៅចូលរួមបេសកកម្មជាលក្ខណៈអន្តរជាតិក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print