ភ្នំពេញ ៖ ក្រសួងទេសចរណ៍ សូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា និង សាធារណជនទាំងអស់ជ្រាបថា ក្រសួងទេសចរណ៍ រួមសហការជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំ “ពិធីបុណ្យ ផ្សោតមេគង្គ និងព្រឹត្តិការណ៍អុំទូកកៃយ៉ាក លើកទី១- មានរយៈពេល ៣ថ្ងៃ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣០-៣១ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ នៅសហគមន៍អេកូទេសចរណ៍ព្រះរំកិល អន្លង់ផ្សោត ឈើទាល ស្ថិតនៅភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
ការរៀបចំពិធីបុណ្យផ្សោតមេគង្គ និងព្រឹត្តិការណ៍អុំទូកកៃយ៉ាកនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ការអភិរក្សផ្សោតមេគង្គ ផ្សព្វផ្សាយតំបន់សក្តានុពលអេកូទេសចរណ៍ សកម្មភាពទេសចរណ៍ ឱ្យកាន់តែសម្បូរបែប និងពង្រឹងគុណភាពផលិតផល សេវាកម្មទេសចរណ៍ឱ្យស្របតាមស្តង់ដាទេសចរណ៍ ព្រមទាំងលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យចូលរួមយ៉ាងសកម្មក្នុងការអភិរក្សធនធានធម្មជាតិ អនាម័យបរិស្ថាន សំដៅទាក់ទាញកំណើននៃភ្ញៀវទេសចរជាតិ និងអន្តរជាតិបន្ថែមទៀត។ ទន្ទឹមនេះ ក៏មានការរៀបចំនូវព្រឹត្តិការណ៍ អមសំខាន់ៗមួយចំនួន រួមមាន៖ ១. ពិធីបុណ្យផ្សោតមេគង្គ (ពិធីសូត្រមន្ត) ៊
២. កម្មវិធីអុំទូកកៃយ៉ាក ។
៣. ការតាំង ពិព័រណ៍ផលិតផលសហគមន៍អេកូទេសចរណ៍ និងម្ហូបអាហារប្រចាំតំបន់។៤. សកម្មភាពកីឡាទេសចរណ៍ជាលក្ខណៈ មហាជន (រត់ម៉ារ៉ាតុន ដើម្បីសប្បុរសធម៌ ប្រណាំងទូកជាដើម) ។
៥. ការបោះតង់ជំរំទេសចរណ៍នៅលើកោះលន និងកោះទន្សាយ ។
៦. ទស្សនកិច្ចសហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ (ស្តូបប្រវត្តិសាស្ត្របណ្ណាល័យហ្លួងម៉ែ) ។
៧. ទស្សនកិច្ចទឹកធ្លាក់សុភ័ក្រមិត្ត។
អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រសួងទេសចរណ៍ សូមអំពាវនាវដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា និងសាធារណជនទាំងអស់ចូលរួមឱ្យបានច្រើនកុះករ ជាពិសេសរួមគ្នាជំរុញ ផ្សព្វផ្សាយ និងលើកកម្ពស់វិស័យទេសចរណ៍នារដូវកាលបៃតង (Green season) ស្របតាមយុទ្ធនាការ ផ្សព្វផ្សាយ “ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍” “ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព” និង “បុគ្គលម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់” ៕
ដោយ ៖ សិលា