ទីក្រុងតូក្យូ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យ លោក HIROKI Kuriyama ប្រធាន និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន NTT DOCOMO GLOBAL Inc., និងសហការីចូលជួបសម្ដែងការគួរសម ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចការងារផ្លូវការ ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម។ លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូន សម្ដេចបវរធិបតី អំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដែលកំពុងដំណើរការនៅតាមបណ្តាប្រទេសជាច្រើនលើសកលលោក ដោយផ្តោតជាសំខាន់លើការវិនិយោគក្នុងវិស័យឌីជីថល និងទូរគមនាគមន៍។ ក្រុមហ៊ុន NTT DOCOMO GLOBAL Inc., ជាក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំមួយនៅប្រទេសជប៉ុន ដែលផ្តល់សេវាកម្ម 4G, 5G និងប្រព័ន្ធផ្កាយរណប។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងសិក្សាស្រាវជ្រាវ និងអភិវឌ្ឍបន្ថែមលើបច្ចេកវិទ្យា 6G ផងដែរ។ ឆ្លៀតក្នុងឱកាសនោះ, លោកប្រធានក្រុមហ៊ុនបានបង្ហាញពីគោលបំណងក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវិស័យឌីជីថល ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា។
ជាការឆ្លើយតប, សម្ដេចបវរធិបតី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងរីករាយចំពោះគោលបំណងរបស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ សម្ដេចបវរធិបតីបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យឌីជីថល ជាពិសេសការពង្រីកការគ្របដណ្តប់សេវា និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដើម្បីឱ្យប្រជាពលរដ្ឋគ្រប់រូបមានឱកាសកាន់តែច្រើនក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។ សម្ដេចបវរធិបតីបានបន្ថែមថា បច្ចុប្បន្ន ក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា កំពុងបញ្ចប់ដំណើរការ និងត្រៀមដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា 5G ទូទាំងប្រទេស។
មុននឹងបញ្ចប់, សម្ដេចបវរធិបតីបានណែនាំឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីសិក្សាលម្អិតអំពីលទ្ធភាពជាក់ស្តែងក្នុងការវិនិយោគលើវិស័យឌីជីថលនៅកម្ពុជា៕
ដោយ៖តារា