ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ បានថ្លែងថា ដំបូងខ្ញុំសូមសំដែងនូវការសោកស្តាយ និងចូលរួមមរណទុក្ខជាមួយគ្រួសារសពលោកព្រិន្ធបាលឯក សួន រោន ដោយសារការវាយឆ្មក់ពីកងទ័ពឈ្លានពាន។ ព្រំដែនសន្តិភាពមិត្តភាពសហប្រតិបត្តិការណ៍ និងការអភិវឌ្ឍមិនគួរមានរឿងបែបនេះកើតឡើងនោះឡើយ ដែលខ្ញុំសូមថ្កោលទោសយ៉ាងហ្មឺងម៉ាត់ចំពោះបុគ្គល ឬអង្គភាពឬថ្នាក់ណាក៏ដោយ ដែលបានសម្រេចចិត្តឲ្យធ្វើសកម្មភាពឈ្លានពានបែបនេះ ដែលវាប្រហាក់ប្រហែលជាមួយការឈ្លានពានកាលពីឆ្នាំ២០០៨ ដល់២០១១ នៅប្រាសាទព្រះវិហារ។
ខ្ញុំមិនចង់ឃើញការប្រយុទ្ធណាមួយកើតឡើងនោះទេ តែខ្ញុំគាំទ្រដល់ការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបញ្ជូនកងទ័ពនិងអាវុធធុនធ្ងន់ ទៅកាន់ព្រំដែនដើម្បីត្រៀមវាយបកការពារ ខ្លួនក្នុងករណីមានការឈ្លានពានបន្តទៀត។ ខ្ញុំសង្ឃឹមថាកាចរចាដែលនឹងត្រូវធ្វើ នៅថ្ងែស្អែករវាងមេបញ្ជាការកងទ័ពជើងគោកនៃប្រទេសទាំងពីរ និងទទួលបានផលល្អ។ ខ្ញុំសង្ឃឹមថានិងមិនមានភាពតានតឹងទូទាំងបណ្តោយព្រំដែន រវាងប្រទេសទាំងពីរ រហូតដល់រាំងស្ទះដល់កិច្ចសហការលើវិស័យផ្សេងទៀត ដែលជាផលប្រយោជន៍នៃប្រទេសទាំងពីរនោះឡើយ។
ខ្ញុំសូមអំពាវនាវបងប្អូនជនរួមជាតិ សូមមេត្តាកុំពង្រីកនូវជម្លោះនេះឲ្យទៅជាការស្អប់ខ្ពើមជាតិសាសន៍ និងសូមជឿជាក់លើការដោះស្រាយរបស់រាជរដ្ឋាភិបាលនិងកងទ័ពនៃប្រទេសទាំងពីរ។ យើងស្អប់សង្រ្គាមតែយើងបង្ខំចិត្តត្រូវធ្វើសង្រ្គាមដើម្បីប្រឆាំងការឈ្លានពានរបស់បរទេស ដូចដែលបានធ្វើកាលពីឆ្នាំ២០០៨ដល់២០១១ ដែលប្រើមុខព្រួញ៣គឺ យោធា ការទូត និងផ្លូវច្បាប់៕ដោយ៖តារា