អ្នកជំនាញផ្នែកឧស្សាហកម្មត្បូងបានឱ្យដឹងថាការនាំចេញត្បូងនិងគ្រឿងអលង្ការត្រូវបានគេរំពឹងថានឹងធ្លាក់ចុះ១ភាគរយដោយសារតែការធ្លាក់ចុះនៃសេដ្ឋកិច្ចសកលក្នុងប្រទេសជាច្រើន និងផលប៉ះពាល់ទៅលើទំនុកចិត្តរបស់អតិថិជន។
លោក Vibul Hongsrichinda ប្រធានសមាគមអ្នកនាំចេញប្រាក់ថៃបានមាន ប្រសាសន៍ថា ពាណិជ្ជកម្មគ្រឿងអលង្ការ និងត្បូងអាចប្រឈមមុខនឹងការលំបាកជាច្រើននៅក្នុងទីផ្សារជាច្រើន ខណៈដែល អ្នកប្រើប្រាស់ជាច្រើនកំពុងតែសន្សំប្រាក់ដើម្បីចំណាយទៅលើតម្រូវការផ្សេងទៀត។
លោកបានបន្តទៀតថាទោះបីជាយ៉ាង ណាក៏ដោយការលក់សម្ភារដែលមិនសូវទាន់សម័យមួយចំនួនដូចជា ថ្មត្បូង និងគ្រឿងលម្អជាច្រើនបានបន្តងើបឡើង។
ពាណិជ្ជកម្មត្បូងនិងគ្រឿងអលង្ការដែលរួមមានមាសប្រហែលជានឹងធ្លាក់ចុះក្នុងឆ្នាំនេះប៉ុន្តែនៅឆ្នាំក្រោយវិញត្រូវបានគេមើលឃើញថានឹងមានពន្លឺឡើងវិញ។ ជាមួយនឹងការស្ទុះឡើងនៃភ្ញៀវទេស ចរក្នុងឆ្នាំនេះការលក់គ្រឿងអលង្ការ និង ត្បូងនៅទីផ្សារថៃវិញក៏កំពុងតែកើនឡើងផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិថៃបានរំពឹងថា ការនាំចេញគ្រឿងអលង្ការនិងត្បូងនឹងកើនឡើង១០ភាគរយដល់ចំនួន៧,៨៩ពាន់លានដុល្លារសហរដ្ឋអាមេរិក(២៧៨ពាន់លានបាត)ក្នុងឆ្នាំនេះ។
លោក Malee Choklumlerd អគ្គនាយកដ្ឋាននេះបានមានប្រសាសន៍ថាការលក់គ្រឿងលម្អនិងគ្រឿងអលង្ការទៅកាន់ទីផ្សារបរទេសក្នុងឆ្នាំនេះនឹងកើនឡើងខ្លាំងដោយសារតែត្បូងថៃត្រូវបានគេចាត់ទុកថាមានគុណភាពល្អ ហើយត្រូវបានគេរចនាបានយ៉ាងស្អាតល្អ។ កាលពីឆ្នាំមុនការនាំចេញគ្រឿងអលង្ការ និងត្បូងថៃបានឈានដល់៧,១៨ពាន់លានដុល្លារសហរដ្ឋអាមេរិក។
សម្រាប់ពាក់កណ្តាលដំបូងនៃឆ្នាំនេះការនាំចេញត្បូង និងគ្រឿងអលង្ការថៃ ដែលរួមមានមាសនោះបានធ្លាក់ចុះ១,៣ភាគរយដល់ចំនួន ៣,៦១ពាន់លានដុល្លារសហរដ្ឋអាមេរិក។
ជាផ្នែកមួយនៃគោលនយោបាយរបស់រដ្ឋាភិបាលថៃក្នុងការជំរុញឧស្សាហកម្ម អលង្ការ និងត្បូងនោះនាយកដ្ឋាននេះនឹងចេញនូវការតាំងពិព័រណ៍ត្បូងនិងគ្រឿង អលង្ការលើកទី៥៨ ក្នុងទីក្រុងបាងកក។
ព្រឹត្តិការណ៍នេះនឹងចាប់ផ្តើមពីថ្ងៃទី៧ដល់ថ្ងៃទី១១ ខែកញ្ញាខាងមុខនេះហើយ ត្រូវបានគេរំពឹងថានឹងមានអ្នកចូលទស្សនាចំនួន៣០.០០០នាក់មកពីជុំវិញពិភព លោក៕
ដោយ៖ រ័ត្ន