រឿងនិទានខ្លីប្រចាំថ្ងៃអាទិត្យរឿង សត្វឃ្មុំ កន្លង់ និងមេអំបៅ

ចែករំលែក៖

នៅក្នុងសួនច្បារដ៏ធំមួយមានបុប្ផាចម្រុះពណ៌បានរីកស្គុសស្គាយនាពេលព្រឹកព្រលឹមមើលទៅគួរឱ្យគយគន់ក្រៃលែង។ នៅពេលនោះសត្វឃ្មុំ កន្លង់ និងមេអំបៅបានហើរទុំក្រេបលំអងផ្កាយករសជាតិផ្អែមរៀងៗខ្លួន។ សត្វឃ្មុំដែលខ្លួនតូចហើរមកពីឆ្ងាយកំពុងក្រេបបុប្ផាយ៉ាងស្ងៀមស្ងាត់ ស្រាប់តែមានកន្លង់ហើរមកជិតហើយនិយាយទៅកាន់ឃ្មុំថា បងឃ្មុំឯងខ្លួនតូចទេ ម៉េចក៏ប្រឹងហើរក្រេបលម្អងផ្កាយកទៅទុកក្នុងសំបុកម្ដងហើយម្ដងទៀត? ឬមួយខ្លាចនៅសួននេះអត់មានលម្អងផ្កាខានក្រេប? កុំភ័យពេកវាមិនអស់ទេផ្ការីកចម្រុះពណ៌រាល់តែថ្ងៃយ៉ាងនេះ។
បានឮដូច្នេះឃ្មុំបានឆ្លើយទៅកាន់កន្លង់ថា បងកន្លង់អើយ មិនឱ្យខ្ញុំប្រឹងក្រេបលម្អងផ្កាជញ្ជូនទៅទុកក្នុងសំបុកយ៉ាងដូចម្ដេច បើសំបុកខ្ញុំនៅឆ្ងាយមិនងាយហើរមកដល់ដូចបងនៅជិតងាយហើរមកក្រេបនោះទេ។
នៅក្បែរដើមផ្កាស្បៃរឿងឯណោះមេអំបៅមួយក្បាលដែលហើរក្រវែលទងផ្កាដើម្បីក្រេបផ្កាដែរនោះ បានឮដូច្នេះក៏និយាយទៅកាន់កន្លង់ថា នេះប្រហែលជាបងឃ្មុំគាត់លោភលន់ខ្លាចអស់លម្អងទេដឹង បានជាហើរពីណាពីណីមកក្រេបលម្អងយកទៅទុកក្នុងសំបុក តែសម្រាប់ពួកយើងមិនខ្វល់ទេ ថ្ងៃនេះក្រេបតែមួយចម្អែត ស្អែកឡើងក្រេបទៀតវាចប់ទៅហើយ។
សម័យថ្ងៃមួយ ម្ចាស់សួនច្បារលែងស្រោចទឹក ធ្វើឱ្យផ្កាក្នុងសួននេះស្រពោនលែងរីក និងងាប់ស្ទើរទាំងអស់។ សត្វកន្លង់ និងមេអំបៅដែលធ្លាប់តែរស់ដោយការក្រេបលម្អងផ្កានៅសួនច្បារមួយនេះ ក៏លែងមានលម្អងផ្កាក្រេបតទៅទៀតដែរ។ សត្វទាំងពីរប្រឹងហើររកផ្កាដើម្បីក្រេបលម្អងគ្រប់ទីកន្លែងតែមិនមានសោះក៏ជួបនឹងសត្វឃ្មុំ។ សត្វទាំងពីរនិយាយទៅកាន់ឃ្មុំថា បងឃ្មុំអើយ! បងសំបូរលម្អងដែលក្រេបយកទៅទុកនៅសំបុកពីថ្ងៃមុននោះ សូមមេត្តាឱ្យពួកខ្ញុំទៅក្រេបគ្រាន់បន្តជីវិតផង។
ឃ្មុំឆ្លើយថា ខ្ញុំមិនកំណាញ់ទេតែសំបុកខ្ញុំនៅលើដើមឈើខ្ពស់ណាស់ បើបងទាំងពីរហើរទៅដល់បងក្រេបយករសជាតិចុះ។
បានឮហើយ កន្លង់ និងមេអំបៅត្រេកអរណាស់ ប្រឹងហើរទៅកាន់សំបុកឃ្មុំដែលមានកម្ពស់ខ្ពស់ហួសហេតុ តែហើរមិនដល់ធ្វើឲ្យខ្យល់វាយបក់លើសត្វទាំងពីរទម្លាក់ដល់ដីស្លាប់ទៅហោង ៕
ដោយ÷ ហុក បួន
គំនិតពិចារណា÷ កុំអាងនេះអាងនោះ ដល់ពេលមានគ្រោះរត់ឲ្យគេជួយ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print